ឧត្តមសេនីយ៍ទោ សោម ស៊ុនផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពនិងឧបត្ថម្ភអំណោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ជូនប្រជាការពារឃុំបន្ទាយស្ទោង
កំពង់ធំ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញផ្សព្វផ្សាយដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនិងបាននាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាការពារនៅ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោត សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារ របស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ និងរាយការណ៍អំពីស្ថានភាពសន្តិសុខសុវត្តិភាព ការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមាន សុវត្ថិភាព និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាជន ក្រោយពេលរងផលប៉ះពាល់ដោយសារ គ្រោះទឹកជំនន់កន្លងមក នៅក្នុងភូមិសាស្ត្ររបស់ឃុំបន្ទាយស្ទោង ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ បានកោតសរសើរ និងអំណរគុណអាជ្ញាធរដែនដីឃុំ ភូមិ និងប្រជាការពារ ដែលបានយកចិត្តទុកដាក់ យ៉ាងសកម្ម ក្នុងការ បម្រើ និងដោះស្រាយការលំបាករបស់ប្រជាជនកំពុងរងគ្រោះ ដោយសារ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនាពេលកន្លងមក និងបានខិតខំបំពេញភារកិច្ចបម្រើប្រជាជន ក្នុងការសហការជាមួយសមត្ថកិច្ចរក្សាសន្តិសុខសុវត្តិភាព នៅក្នុងមូលដ្ឋាន ដោយចូលរួមអនុវត្តន៍យ៉ាងសកម្មនូវ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានក្រើនរំលឹកអាជ្ញាធរដែនដី ឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ និងប្រជាការពារ ត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើរបន្ថែម នូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាល ពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់បង្រាបល្បែងស៊ីសងខុសច្បាប់ និងបញ្ហាគ្រឿងញៀន ឲ្យបានជាដាច់ខាតកុំឲ្យ កើតមានឡើងនៅក្នុងមូលដ្ឋានភូមិ ឃុំរបស់យើង ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន ឧបត្ថម្ភ អំណោយ របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាការពារចំនួន ៧៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបាននូវមីចំនួន២កេស ត្រី ខកំប៉ុងចំនួន១យួរ ទឹកពិសារបរិសុទ្ឋចំនួន១យួរ និងថវិកាមួយចំនួនផងដែរ ៕ ដោយ ប៊ុន រដ្ឋា



