យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM
សេអ៊ូល៖ កូរ៉េខាងត្បូងបានលើកឡើងថា មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បងនៅព្រឹកថ្ងៃសុក្រទី១៨ ខែវិច្ឆិកានេះ ទំនងជាមីស៊ីលផ្លោងអន្តរទ្វីប ហើយថា កូរ៉េខាងជើងបានបាញ់វាឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតប្រទេសរបស់ខ្លួន។ ក្រោយមក កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលនេះទំនងជាមីស៊ីលបាលិស្ទីគ ICBM ដែលកូរ៉េខាងជើងអភិវឌ្ឍឡើង ដើម្បីវាយប្រហារដីគោករបស់សហរដ្ឋអាមេរិក។
ចំណែកយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ក្នុងថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបន្តសកម្មភាពសាកល្បងរបស់ខ្លួននៅក្នុងការតវ៉ាជាក់ស្តែង ជុំវិញទង្វើរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយកូរ៉េខាងត្បូង និងជប៉ុន។ កាលពីដើមខែនេះ កូរ៉េខាងជើងក៏ធ្លាប់បានធ្វើតេស្តមីស៊ីលបាលិស្ទីគ ICBM មួយផ្សេងទៀតផងដែរ ប៉ុន្តែអ្នកជំនាញខាងក្រៅបាននិយាយថា មីស៊ីលនោះបានបរាជ័យក្នុងការហោះហើរតាមគោលដៅរបស់ខ្លួន។
ដោយឡែកការបាញ់បង្ហោះចុងក្រោយនេះ គឺជាការបាញ់សាកល្បងមីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ប៉ុន្តែកូរ៉េខាងជើងបានផ្អាកការបាញ់បង្ហោះអាវុធប្រហែលមួយសប្តាហ៍ មុនពេលដែលខ្លួនបានបាញ់មីស៊ីលផ្លោងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕ ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា

