ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរចំពោះ GMAC ឬ TAFTAC ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ។

ថ្លែងក្នុងឳកាសនោះ បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះ សមាគមរោងចក្រត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដោយបានប្តូរថ្មីទៅជា សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា ហៅកាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីជួយពង្រីកវិសាលភាពរបស់សមាគម និងបង្ហាញពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មជាទូទៅ សំដៅទាក់ទាញបន្ថែមនូវសកម្មភាព ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលជាមូលដ្ឋានថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅថ្ងៃអនាគត។ គិតត្រឹមខែតុលា ឆ្នាំ ២០២២, ចំនួនរោងចក្រកាត់ដេរដែលចុះបញ្ជីមានចំនួន ១.៣១៣ រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០ម៉ឺន១ពាន់៦២៩ នាក់ ។ ដោយសារសមិទ្ធផលពីវិស័យកាត់ដេរទាំងអស់នេះហើយ ទើបយើងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាមួយគួរជាទីមោទនៈ។ សូមកោតសរសើរចំពោះ GMAC ឬ TAFTAC ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានចូលរួមក្នុងកិច្ចការសង្គមនានាប្រកបដោយបេះដូង និង ស្មារតីសប្បុរសធម៌ខ្ពស់។ ជាក់ស្តែង, ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩, GMAC ឬ TAFTAC បានចូលរួមបរិច្ចាកជាថវិកា និងសម្ភារបរិក្ខារជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបានជួយដោះស្រាយដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស បានកៀរគរសមាជិករបស់ខ្លួន ដើម្បីជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការជួលអគារសម្រាប់ធ្វើជាមណ្ឌលសម្រាប់ព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ ។
ថ្លែងពាក់ព័ន្ធនឹងការបោសសម្អាតមីន មនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជាឯកឧត្តមបញ្ជាក់ថា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្លេះ ។ ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជាបានរកឃើញ និង បំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ ។ ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ យើងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស» ។ ជាក់ស្តែង, តំបន់អតីតសមរភូមិជាច្រើន បានប្រែក្លាយទៅជាដីកសិកម្មដ៏មានជីជាតិ, ទៅជាដីភូមិឋានដ៏មានសុភមង្គល, ជាដីតំបន់អភិវឌ្ឍរោងចក្រ និងជាដីតំបន់ឧស្សាហកម្មដ៏មានសក្តានុពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ថ្លែងអរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់ការទុកចិត្ត និងជ្រើសរើសយកកម្ពុជាជាគោលដៅក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពចម្រុងចម្រើនទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ លើលពីនេះ ក៏ជាការរួមចំណែកក្នុងការកាត់បន្ថយនូវភាពក្រីក្រតាមរយៈការបង្កើតឱកាសការងារ ដើម្បីជួយលើកកម្ពស់ដល់ជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋ មានជាអាទិ៍ ការទទួលបានបៀវត្សដើម្បីចិញ្ចឹមជីវិត និងក្រុមគ្រួសារ ការគាំពារសុខុមាលភាពល្អប្រសើរ និងភាពចម្រុងចម្រើនជាលំដាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner