តុលាការហូឡង់កាត់ទោសមនុស្ស ៣នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ជុំវិញសំណុំរឿងបាញ់ទម្លាក់យន្ដហោះ MH17 ក្នុងឆ្នាំ២០១៤
អាំស្ទែដាំ៖ បុរសជាជនជាតិរុស្ស៉ី ២នាក់ និងអ៊ុយក្រែនម្នាក់ទៀត ត្រូវបានចៅក្រមក្នុងប្រទេសហូឡង់ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ដោយកំបាំងមុខពីបទមនុស្សឃាត ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរ MH17 នៅលើដែនអាកាសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ដែលបានសម្លាប់ជីវិតមនុស្ស២៩៨នាក់។
ទន្ទឹមគ្នា អ៊ុយក្រែនបានស្វាគមន៍ចំពោះសេចក្តីសម្រេចនេះ ដែលនឹងមានផលប៉ះពាល់ដល់សំណុំរឿងតុលាការផ្សេងទៀត ដែលទីក្រុងកៀវបានប្តឹងរុស្សី ខណៈដែលទីក្រុងម៉ូស្គូបានហៅសេចក្តីសម្រេចនេះថា ជារឿងគួរដ៏អាម៉ាស់ ហើយបាននិយាយថា ខ្លួននឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនជាដាច់ខាត។
បុរសទាំង៣នាក់ខាងលើនេះ ត្រូវបានចៅក្រមហូឡង់រកឃើញថា បានជួយរៀបចំការដឹកជញ្ជូនប្រព័ន្ធមីស៊ីលរុស្ស៉ីប្រភេទ ប៊ូគ (BUK) ចូលក្នុងប្រទេសអ៊ុយក្រែន ហើយមីស៊ីលនេះត្រូវបានប្រើប្រាស់ដើម្បីបាញ់ទម្លាក់យន្ដហោះ MH17 បើទោះជាពួកគេមិនមែនជាអ្នកចុចបាញ់ដោយផ្ទាល់ក៏ដោយ។
សូមរម្លឹកថា យន្ដហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានចាកចេញពីទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់ ឆ្ពោះទៅកាន់ទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយយន្ដហោះនេះត្រូវបានបាញ់ទម្លាក់នៅលើដែនអាកាសក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ជាពេលដែលកងកម្លាំងអ៊ុយក្រែនកំពុងវាយប្រយុទ្ធជាមួយកងកម្លាំងផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ី៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា


