ក្រសួងអប់រំ ជ្រើសរើសនិស្សិតនារីក្រីក្រ៨០នាក់ឱ្យស្នាក់នៅអន្តេវាសិកនិស្សិតនារីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសម្រាប់ឆ្នាំទី១
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រដែលកំពុងតែសិក្សាតាមរូបភាពអាហារូបករណ៍ ឬ បង់ថ្លៃ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានាក្នុងរាជធានីភ្នំពេញ មកស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារហូតដល់ចំនួន ៨០នាក់។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែវិច្ឆិកា ដោយក្រសួងធ្វើការជ្រើសរើសនិសិ្សតនារីឆ្នាំទី១ ដែលមានជីវភាពក្រីក្រមកស្នាក់នៅក្នុងអន្តេវាសិកនិស្សិតនារីនេះ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២០ខែមករាឆ្នាំ២០២៣ ខាងមុខ។
លោកបានលើកឡើងថា លក្ខខណ្ឌជ្រើសរើសនិស្សិតនារីនេះគឺពួកគេជានិស្សិតនារីក្រីក្រអាហារូបករណ៍ឬបង់ថ្លៃដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានាក្នុងរាជធានីភ្នំពេញ ហើយក៏ជានិស្សិតនារីក្រីក្រ និងនិស្សិតនារីពិការមកពីខេត្តនានាផងដែរ។
បណ្ឌិត ហង់ជួន ណារ៉ុន បានឱ្យដឹងទៀតថា៖ «និស្សិតក្រីក្រនិងពិការដែលមកពីខេត្ត ត្រូវមានលិខិតបញ្ជាក់ពីមេភូមិ និងមេឃុំ ហើយបេក្ខនារីទាំងនោះត្រូវនៅលីវ មានវិន័យនិងសីលធម៌ល្អផងដែរ»។
តាមសេចក្តីជូនដំណឹង បេក្ខជនត្រូវយកពាក្យមកដាក់សុំស្នាក់នៅដោយខ្លួនឯងនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ហើយកាលបរិច្ឆេទប្រកាសលទ្ធផលនឹងមានបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងគេហទំព័រផ្លូវការក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ទាក់ទងនឹងការជ្រើសរើសនិស្សិតក្រីក្រមកស្នាក់នៅអន្តេវាសិកនិស្សិតនេះ លោកស្រី ចាន់ រ៉ាមី នាយិកាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកាថា ជាការល្អដែលក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់កន្លែងស្នាក់នៅសម្រាប់សិស្សនារី ពិសេសជាសិស្សដែលក្រីក្រ និងពុំមានលទ្ធភាពបង់ថ្ងៃការស្នាក់នៅដោយខ្លួនឯង។
លោកស្រីមានប្រសាសន៍ថា៖ «ការផ្តល់នេះគួរតែមានចំនួនច្រើនជាងនេះ ហើយមិនគួរផ្តោតតែលើ សិស្សនារីទេ ប៉ុន្តែក៏ត្រូវផ្តល់ឱកាសដល់សិស្សដែលជាជនជាតិដើម ភាគតិចផងដែរ។ ខ្ញុំមិនដឹងថាការកំណត់ភាពសមស្របផ្អែកទៅលើស្តង់ដារឬ គោលការណ៍អ្វីទេ។ តែក្នុងនាមជាស្ថាប័នរដ្ឋធ្វើការលើវិស័យអប់រំ គឺត្រូវធានាថាសិស្សដែលពុំមានលទ្ធភាពក្នុងការចំណាយលើការសិក្សាត្រូវទទួលបានអាហារូបករណ៍ ការស្នាក់នៅ ការថែទាំសុខភាពដោយមិនបង់វិភាគទាន និងអត្ថប្រយោជន៍ផ្សេងទៀត»។
ជាមួយគ្នានេះ លោកស្រី ចាន់ រ៉ាមី ក៏បានបញ្ជាក់ដែរថាការផ្តល់កន្លែងស្នាក់នៅនេះជាផ្នែកមួយជួយដល់សិស្សដែលពុំមានលទ្ធភាពចំណាយ លើការសិក្សា តែការលើកម្ពស់វិស័យអប់រំ ត្រូវការគ្រូដែលមានសមត្ថភាព មានវិជ្ជាជីវៈ ពង្រឹងជំនាញឱ្យត្រូវនឹងទីផ្សារការងារ មានកម្មវិធីសិក្សាដែលពង្រឹងការគិតពិចារណាស៊ីជម្រៅ បណ្តុះមនសិកាជាតិរបស់សិស្ស និងលើកកម្ពស់ចំនេះដឹងរបស់ពួកគេស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕
ដោយ៖ហោ សុវិទ្យា


