មន្ត្រីជាន់ខ្ពស់អ.ស.ប និងកម្ពុជាផ្នែកដឹកជញ្ជូន ព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា
ភ្នំពេញ៖ប្រធានផ្នែកដឹកជញ្ជូន UNESCAP លោក Weimin Ren លើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍កម្ពុជានៅតែជាបញ្ហាប្រឈមខ្លាំង ដូចទៅនឹងបណ្តាប្រទេសមួយចំនួនដែលជាប្រទេសប្រាក់ចំណូលមធ្យមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទាក់ទងបញ្ហានេះ មន្ត្រីជំនាញកម្ពុជាក៏យល់ស្របដែរក្រោមហេតុផលថា វិបត្តិគ្រោះថ្នាក់ចរារណ៍នៅកម្ពុជាចេះតែបន្តកើនឡើងក្នុងសភាពគួរឲ្យបារម្ភ នារយៈពេលថ្មីៗនេះ។
ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា នាខេត្តសៀមរាប នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Weimin Ren ប្រធានផ្នែកដឹកជញ្ជូនរបស់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) បានលើកឡើងពីការព្រួយបារម្ភរបស់លោកចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជានិងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ចំពោះបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិរួបនេះ បានថ្លែងថា៖ «សុវត្ថិភាព ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ចម្បងមួយសម្រាប់យើង។ នៅក្នុងតំបន់របស់យើង ៩៧ភាគរយ នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យម ជាមួយនឹងអ្នកប្រើប្រាស់ផ្លូវដែលជាជនងាយរងគ្រោះរួមមាន អ្នកជិះម៉ូតូ ថ្មើរជើង និងអ្នកជិះកង់ ដែលមានចំនួនច្រើនជាង ៥០ភាគរយ»។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសារធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា លើកឡើងពីចំនួនតួលេខកើនឡើងខ្លាំងរយៈពេល៩ខែ ក្នុងឆ្នាំ២០២២ នេះ ដែលមានសភាពធ្ងន់ធ្ងរ។ ធ្ងន់ធ្ងរដោយក្នុងនោះ ចំនួនអ្នកស្លាប់ និងរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងក្នុងសភាពគួរឲ្យបារម្ភ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
លោកជំទាវអះអាងថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញបន្ទាប់ពីជោគជ័យលើការប្រយុទ្ធនឹងវិបត្តិកូវីដ១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបែរស្ទុះកើនឡើងទៅវិញចាប់តាំងពីខែតុលា ឆ្នាំ២០២១ មក។
យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២២ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ ២៨៦លើក ដែលកើនឡើងក្នុងអាត្រា ២១ភាគរយ ក្នុងនោះ មានករណីស្លាប់ចំនួន ១ ៣៤២នាក់ កើនឡើងប្រមាណ ២៧ភាគរយ។
របាយការណ៍ដដែលបានបន្តថា ករណីរបួសធ្ងន់មានចំនួន ២០០៤នាក់ កើនឡើងរង្វង់ ២៨% និងករណីរងរបួសស្រាល ចំនួន ២ ៣៩១នាក់ កើនក្នុងអាត្រា ១៤ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។
លោកជំទាវ មឹន មាណវី បានបន្តថា៖ «សភាពធ្ងន់ធ្ងរនៃវិបត្តិគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឲ្យបាត់បង់ជីវិតមនុស្ស រងរបួស ពិការ ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន បន្សល់ទុកកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើន លើសង្គមកម្ពុជា និងសង្គមជាតិនានាទូទាំងពិភពលោក»។
លោកជំទាវថា ផលលំបាកទាំងនោះ ក៏ប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនៃការដឹកជញ្ជូន ដែលជាដង្ហើមរស់របស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ទើបអង្គការសហប្រជាជាតិបានផ្តល់ជាអនុសាសន៍ដល់ប្រទេសជាសមាជិកឲ្យដាក់ចេញផែនការទសវត្សរ៍ចរាចរណ៍លើកទី១ ពីឆ្នាំ២០១១ ដល់ ឆ្នាំ២០២០ ក្នុងន័យកាត់បន្ថយឲ្យបានពាក់កណ្តាលនៃចំនួនគ្រោះថ្នាក់ចរាចរណ៍។
សម្រាប់ទិសដៅផែនការនេះ កម្ពុជាមិនទាន់សម្រេចបានដូចការគ្រោងទុកឡើយ ដោយលោកស្រី មឹន មាណវី សង្កត់ធ្ងន់ដូច្នេះថា៖ «សម្រាប់កម្ពុជាគឺត្រូវកាត់បន្ថយប្រមាណ ៧ ៣៥០នាក់ នៃចំនួនប៉ាន់ស្មានរួម ១៤ ៧០០នាក់ ប៉ុន្តែកម្ពុជា កាត់បន្ថយបានតែជាង ៤ ៧២០ នាក់ ស្មើនឹង៦៤ភាគរយ នៃ៥០ភាគរយ(គោលដៅពាក់កណ្តាលនៃ១៤ ៧០០នាក់) បើធៀបនឹងចំនួនសរុបរួមគឺបានតែ៣១ភាគរយតែប៉ុណ្ណោះ»។
ជុំវិញបញ្ហានេះ លោក គង់ រតនៈ អ្នកជំនាញ និងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោក បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ខែវិច្ឆិកាថាមូលហេតុដែលមានកំណើនគ្រោះថ្នាក់ចរាចរណ៍នៅបណ្តាប្រទេសដែលប្រាក់ចំណូលទាប និងចំណូលមធ្យមនេះ ព្រោះតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាប្រទេសទាំងនេះមិនសូវល្អ ហើយការប្រើប្រាស់យានយន្តទៀតសោតក៏នៅមានកម្រិត។
លោក គង់ រតនៈ បានគូសបញ្ជាក់ពីបរិបទបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជានារយៈពេលថ្មីៗនេះថា៖ «យើងមើលឃើញហើយថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដោយគ្មានការថមថយទេ ពោលគឺមានតែកើនឡើងទៅទៀតព្រោះលំហូរចរាចរណ៍មានការកើនឡើង ហើយមួយទៀតចំនួនផ្លូវជាច្រើនត្រូវបានកែលម្អ និងដាក់ឱ្យដំណើរការ»។
លោកបានបន្តថា៖ «ដូច្នេះរយៈចម្ងាយនៃការធ្វើដំណើរ វាច្រើនជាងឆ្នាំទៅ ដូច្នេះវាឆ្លើយតបគ្នាទៅលើការកើនឡើងគ្រោះថ្នាក់គ្រោះចរាចរណ៍ដូចគ្នា ។ ចំណែកការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា យើងក៏មិនបានពេញលេញជាប់ជាប្រចាំដែរ ដូច្នេះវាឆ្លើយឆ្លងគ្នាទៅវិញទៅមក»។ឮ
អ្នកជំនាញ និងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោករូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួននិងខិតខំសិក្សាស្វែងយល់ពីច្បាប់និងបញ្ញត្តិចរាចរណ៍ឲ្យបានច្រើនតាមតែអាចធ្វើបាន។
ចំណែកខាងរដ្ឋាភិបាលវិញ លោកចង់ឲ្យមានការបង្កលក្ខណៈងាយស្រួល ផ្តល់ការអប់រំពីបញ្ហាចរាចរណ៍ដល់ប្រជាពលរដ្ឋ និងជួយដល់ការកែប្រែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានភាពប្រសើរឡើង។ លោកបន្ថែមថា ពីផ្នែកអ្នកអនុវត្តច្បាប់វិញគួរបង្កើនការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាប្រចាំប្រកបដោយតម្លាភាពដោយគិតគូរពីសុវត្ថិភាពអ្នកដំណើរជាជាងខ្វល់ខ្វាយពីការផាកពិន័យយកលុយពីពលរដ្ឋ។
គួរជ្រាបថា គិតត្រឹមរយៈពេល១៥ថ្ងៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧០នាក់ បើធៀបនឹង១៥ថ្ងៃ នៃខែតុលាដែលមានត្រឹម៤៦នាក់ កើន២៤នាក់ ស្មើ៥២ភាគរយ ដែលចំនួនអ្នកស្លាប់ ជាការកើនឡើងគួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ៕
ដោយ៖ សំបាន ច័ន្ទដារ៉ា