មេដឹកនាំសិង្ហបុរីនិងចិន​ បញ្ជាក់ជាថ្មីពី​ទំនាក់ទំនងជិតស្និទ្ធរវាង​ប្រទេសទាំងពីរ

ថៃ៖នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក លី សៀនឡុង និងសមភាគីចិន​លោក ស៊ី ជីនពីង បានចេញមុខអះអាងសាជាថ្មី​អំពីទំនាក់ទំនងជិតស្និទ្ធ​រវាងប្រទេសសិង្ហបុរី និងចិន​។ ការគូសបញ្ជាក់នេះ​ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍​ ទី១៧វិច្ឆិកា​ ក្នុងជំនួបរវាងមេដឹកនាំទាំងពីរ​ នៅខាងក្រៅ​កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច​ អេប៉ិច(APEC) លើកទី២៨ នៅក្រុងបាងកក​ប្រទេសថៃ​។

បើតាមអ្នកនាំពាក្យការិយាល័យ​របស់​លោក លី សៀនឡុង​ នេះគឺជាជំនួបដោយផ្ទាល់លើកដំបូងរវាង​លោកនាយករដ្ឋមន្ត្រីសិង្ហបុរី​ និងប្រធានាធិបតីចិន​ក្នុងរយៈពេលបីឆ្នាំ​។ កន្លងមក​ មេដឹកនាំទាំងពីរ ធ្លាប់​បានជួបពិភាក្សាគ្នានាឱកាសជាច្រើនក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩​ ប៉ុន្តែជាការជួប​តាម​អនឡាញ​ទាំងអស់។

ក្នុងជំនួបដោយផ្ទាល់ជាមួយលោក ស៊ី​ លោក លី​ បានអបអរសាទរលោកប្រធានាធិបតីចិន​ ចំពោះការបិទបញ្ចប់ទៅដោយជោគជ័យ​នៃសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្តចិន (CPC)​។

« លោកនាយករដ្ឋមន្ត្រី លី​ និងលោកប្រធានាធិបតី​ ស៊ី បានបញ្ជាក់សាជាថ្មី​អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ​ និងទំនាក់​ទំនង​នឹងគ្នា​ជាច្រើនផ្នែក​រវាងសិង្ហបុរី និងចិន​ ហើយនិងវិធីសាស្ត្រដែលភាគីទាំងពីរ​ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ សូម្បីតែនៅចំពេលមានជំងឺរាតត្បាត​ និងបញ្ហាប្រឈមជាសកល​ដែលកំពុងវិវត្ត»​។ អ្នកនាំពាក្យការិយាល័យរបស់លោក លី សៀនឡុង បានបន្ថែម​។

ចំណែកលោកប្រធានាធិបតីចិនវិញ​ លោកក៏បានធ្វើបច្ចុប្បន្នភាពប្រាប់លោក លី ទាក់ទង​សមាជជាតិលើកទី២០​ របស់បក្សកុម្មុយនីស្តចិន​ និងផែនការរបស់លោក​អំពី​ការអភិវឌ្ឍប្រទេសចិន​ផងដែរ​។

មេដឹកនាំទាំងពីរ​បានផ្លាស់ប្តូរយោបល់គ្នា​លើទំនាក់ទំនងទ្វេភាគី​ ការអភិវឌ្ឍក្នុងតំបន់​និងអន្តរជាតិ​រួមទាំង​សារៈសំខាន់នៃការរក្សាស្ថិរភាព​នៃទំនាក់ទំនងអាមេរិក-ចិន​។

លោក ស៊ី ជីនពីង​ បានរំលឹកឡើងវិញដែរ​ពីការអញ្ជើញរបស់លោក​ទៅកាន់​នាយករដ្ឋមន្ត្រីសិង្ហបុរី​លោក លី សៀនឡុង​ ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិន​ក្នុងពេលឆាប់ៗនេះ​។ ចំណែក​លោក លី​​ ​វិញ ក៏បានលើក​ឡើងពីការស្វាគមន៍​លោក ស៊ី​ ឱ្យទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរីម្តងទៀតផងដែរ​៕

ដោយ៖ លី លីយ៉ា

ប្រភពព័ត៌មាន៖PM Lee and Chinese President Xi Jinping reaffirm close ties between both countries

ads banner