ប្រជាជនអង់គ្លេសភាគច្រើន គិតថាប្រទេសរបស់ខ្លួនគួរចំណាយលើសកម្មភាពអាកាសធាតុក្នុងប្រទេសក្រីក្រ
អង់គ្លេស៖ការស្ទង់មតិថ្មីមួយពីក្រុមហ៊ុនផ្ដល់សេវាកម្មស្រាវជ្រាវ Omnisis បានបង្ហាញថា ប្រជាជនភាគច្រើននៅក្នុងចក្រភពអង់គ្លេស គិតថាប្រទេសរបស់ខ្លួនមានទំនួលខុសត្រូវក្នុងការចំណាយទៅលើសកម្មភាពប្រ យុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសក្រីក្រ និងងាយរងគ្រោះ។
លទ្ធផលនៃការស្ទង់មតិ ដែលស្ថិតនៅក្រោមគំរោងរបស់កាសែតអង់គ្លេស ឌឹ ហ្កាដឌៀន នេះ ត្រូវបានផ្ស ព្វផ្សាយចំពេលដែល ការផ្ដល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ពីប្រទេសអ្នកមាន ដែលរួមចំណែកយ៉ាងលើសលុបលើការបំពុលបរិស្ថានពិភពលោក គឺជាចំណុចស្នូលនៃកិច្ចប្រជុំស្ដីពីអាកាសធា តុរបស់អង្គការសហប្រជាជាតិលើកទី ២៧ (COP27) នៅប្រទេសអេស្ស៊ីប។
អ្នកជំនាញបានព្រមានថា ប្រសិនបើគ្មានលំហូរនៃប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័ន និងទប់ទល់នឹងផលប៉ះពាល់បរិស្ថានកាន់តែធ្ងន់ធ្ងរទេនោះ នឹងមិនមានការជឿទុកចិត្ត លើការធ្វើសកម្មភាពសកលរួមគ្នាដើម្បីយកឈ្នះវិបត្តិអាកាសធាតុនោះទេ។
មុននឹងឈានដល់ការឆ្លើយសំនួរ ការស្ទង់មតិបានប្រាប់ទៅអ្នកឆ្លើយតបថា ការបំភាយឧស្ម័នសរុបរបស់ចក្រភពអង់គ្លេសនៅពេលនេះ ស្ថិតក្នុងចំណោមប្រទេសខ្ពស់បំផុតក្នុងពិភពលោក ខណៈប្រទេសក្រីក្របានផលិតការបញ្ចេញឧស្ម័នតិចតួចបំផុត។
លទ្ធផលនៃការស្ទង់មតិនេះ បានបង្ហាញថា ៤៩ ភាគរយនៃអ្នកឆ្លើយដែលមានប្រហែល ១ ២០០ នាក់ បាននិយាយថា ចក្រភពអង់គ្លេសមានទំនួលខុសត្រូវក្នុងការផ្តល់មូលនិធិអាកាសធាតុ ៣១ ភាគរយនិយាយថាចក្រភពអង់គ្លេសមិនមានទំនួលខុសត្រូវលើបញ្ហានេះ ខណៈ ២០ ភាគរយទៀតនិយាយថាពួកគេមិនដឹង។
ជាមួយគ្នានេះផងដែរ អ្នកឆ្លើយតបដែលមានអាយុ ១៨-៣៤ ភាគច្រើន បានបង្ហាញពីការគាំទ្រខ្លាំងសម្រាប់ការចំណាយអាកាសធាតុចំពោះប្រទេសដែលងាយរងគ្រោះ ដោយមាន ៦៥ ភាគរយនៃពួកគេគាំទ្រ ខណៈក្រុមអ្នកឆ្លើយតបអាយុចន្លោះ ៦៥-៧៤ ដែលគាំទ្រលើវិធានការបែបនេះ មានត្រឹមតែ ៣៧ ភាគរយប៉ុណ្ណេះ។
គួររំឭកថា កាលពីសប្ដាហ៍មុន កាសែត ឌឹ ហ្កាដឌៀន បានលាតត្រដាងថា ចក្រភពអង់គ្លេស រួមជាមួយនឹងសហរដ្ឋអាមេរិក និងអូស្ត្រាលី មិនបានចូលរួមផ្នែកហិរញ្ញវត្ថុអាកាសធាតុ ឱ្យបានប្រកងដោយយុត្តិធម៌ ឬសមាមាត្រនោះទេ។
ដោយឡែកការស្ទង់មតិមួយផ្សេងទៀត ដែលធ្វើឡើងនៅទូទាំងក្រុមប្រទេសអ្នកមានទាំង៧ (G7) បានបង្ហាញថា ៦៥ ភាគរយនៃប្រជាជនបានយល់ស្របថា ប្រទេសអ្នកមានគួរតែចំណាយបន្ថែមទៀតលើសកម្មភាពអាកាសធាតុ ព្រោះប្រទេសទាំងនេះទទួលខុសត្រូវខ្លាំងលើការខូតខាតអាកាសធាតុ ខណៈ ១១ ភាគរយផ្សេងទៀត មិនយល់ស្របចំពោះមតិបែបនេះ។
ការស្ទង់មតិដដែលរបស់ Omnisis បានបង្ហាញផងដែរថា ប្រជាជនភាគច្រើន (៤៨ ភាគរយ) យល់ឃើញថា ការធ្វើសកម្មភាពដើម្បីបញ្ឈប់ភាពអាសន្នអាកាសធាតុ នឹងល្អសម្រាប់សេដ្ឋកិច្ចចក្រភពអង់គ្លេស ខណៈ ៣៨ ភាគរយយល់ខុសពីនេះ។ ប៉ុន្តែផ្ទុយទៅវិញ លទ្ធផលនៃការស្ទង់មតិក៏បានរកឃើញផងដែរថា ប្រជាជនតិចជាងមុន (៣៤ ភាគរយ) បានគាំទ្រការបញ្ឈប់លើការផលិតប្រេង និងហ្គាសថ្មីនៅក្នុងចក្រភពអង់គ្លេស ខណៈរហូតដល់ ៤១ ភាគរយ ប្រឆាំង៕ ដោយ៖ ហួន ឌីណា