ក្រុមមន្រ្តីជំនាញចុះមកសិក្សាផ្ទាល់ផូស៊ីលឆ្អឺងដាយណូស័រនៅខេត្តកោះកុង និងបង្ហាញមោទកភាពពីរបកគំហើញថ្មីៗបន្ថែមទៀត
ខេត្តកោះកុង៖ ក្រុមមនុស្សជំនាញចម្រុះក្នុងនេះមានមកពីបរទេស មន្រ្តីជំនាញមកពីក្រសួងបរិស្ថាន មន្រ្តីជំនាញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងមន្រ្តីពាក់ព័ន្ធជាច្រើនទៀតបានចុះមកសិក្សាដោយផ្ទាល់ពីផូស៊ីលឆ្អឺងដាយណូស័រដែលជាសត្វបានបាត់បង់ពូជរាប់លានឆ្នាំមកហើយនៅលើពិភពលោកយើងនេះ ហើយគេទើបរកឃើញដំបូងនៅប្រទេសកម្ពុជា។

ជាមួយនឹងការរកឃើញផូស៊ីលឆ្អឹងដាយណូស័រនេះដែរអ្នកជំនាញក៏ដូចជាមន្រ្តីពាក់ព័ន្ធបានបង្ហាញពីមោទនភាព ដល់ការសិក្សាស្រាវជ្រាវថ្មីៗបន្ថែមទៀតពិសេសតំបន់ជុំវិញនៃទីកន្លែងរកឃើញផូស៊ីលឆ្អឹងសត្វដាយណូស័រនេះដើម្បីប្រយោជន៍ដល់វិស័យទេសចរណ៍ និងពិសេសរកចំណូលដល់សហគមន៍មូលដ្ឋានដើម្បីបង្កើនប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថាបំណែកឆ្អឹងផូស៊ីលសត្វដាយណូស័រនេះត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិនៅកម្ពុជាដែលស្ថិតក្នុង កោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងកាលពីអំឡុងឆ្នាំ២០១៩។

ខណៈពេលចុះទៅស្រាវជ្រាវដោយផ្ទាល់នៅកន្លែងកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានឱ្យដឹងថា ផូស៊ីលឆ្អឹងសត្វដាយណូស័រនេះអាចមានអាយុកាលចន្លោះពី ៦៥លាន-១៩០លានឆ្នាំមុន ហើយនេះជាផូស៊ីលឆ្អឹងសត្វដំបូងគេ ដែលរកឃើញនៅកម្ពុជា។

លោកបានប្រាប់ថា ផូស៊ីលឆ្អឹងសត្វនោះកប់ជាប់ក្នុងថ្មភក់ ហើយវាមានប្រវែង ៧០ស.ម និងទទឹង ២០ស.ម ។ តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិតនៅកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថាតាមរយៈការចុះមកស្រាវជ្រាវនេះដែរអ្នកជំនាញបានធ្វើការសម្រេចចិត្តរួមគ្នាមួយថានឹងធ្វើការកាត់ផូស៊ីលឆ្អឹងសត្វដាយណូស័រនេះនៅថ្ងៃទី ២០ខែ វិច្ឆិកា ដើម្បីរក្សាទុកនៅក្រសួងបរិស្ថានផងដែរ។
លោក អេរិក ប៊ីហ្វហ្វេតូ (Eric Buffetaut)អ្នកជំនាញការស្រាវជ្រាវទៅលើផូស៊ីលសត្វដាយណូស័រមកពីប្រទេសបារាំងបានថ្លែងប្រាប់ASMSឱ្យដឹងថា៖តាមរយៈការពិនិត្យជាក់ស្តែងវាជាឆ្អឺងសត្វដាយណូស័រ ហើយវាក៏ជាលើកដំបូងនៅកម្ពុជាដែលរកឃើញឆ្អឺងសត្វដ៏កម្រនេះក្នុងចំណោមប្រទេសដទៃទៀតលើពិភពលោក ពិសេសប្រទេសថៃនៅជាប់កម្ពុជាក៏គេបានរកឃើញកាលពីមុនមកនេះដែរ។
អ្នកជំនាញជនជាតិបារាំងរូបនេះបានលើកឡើងដោយបញ្ជាក់ថា”បំណែកឆ្អឹងមួយនេះកាលពីខែ ៦ ឆ្នាំ ២០២១ខ្ញុំបានពិនិត្យទៅឃើញថាវាជាផូស៊ីលឆ្អឹងសត្វដ៏យូរលង់ដែលបានបាត់បង់ពូជពីពិភពលោកយើងនេះទៅហើយ។ការរកឃើញនេះវាបានបង្ហាញពីភាពអស្ចារ្យមួយ ហើយវាក៏ជាផ្នែកមួយជួយដល់ការសិក្សាស្រាវជ្រាវ និងវាក៏ជាការជួយលើកស្ទួយដល់វិស័យទេសចរណ៍នៅថ្ងៃខាងមុខមួយដែរ”។
ទាក់ទិនក្នុងរឿងនេះ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរ បរិស្ថានខេត្តកោះកុងបានឱ្យដឹងដែរថា៖ដើមឡើយផូស៊ីលឆ្អឺងសត្វដាយណូស័រនេះពុំទានមាននរណាដឹងថាវាជាឆ្អឹងសត្វអ្វីពិតប្រាកដឡើយ ប៉ុន្តែតាមរយៈការថតរូបភាពផ្ញើរទៅអ្នកជំនាញ និងឆ្លងតាមការពិនិត្យរបស់អ្នកជំនាញពីបរទេសមកទើបចុងក្រោយនេះគេដឹងថាវាជាសត្វដាយណូស័រដែលមានអាយុកាលរាប់សិបម៉ឺនឆ្នាំមកហើយ។

ប្រធានមន្ទីរ បរិស្ថានខេត្តកោះកុងបានបញ្ជាក់បន្ថែមថា៖”នេះជាករណីលើកទី១ហើយនៅកម្ពុជាក៏ដូចជាខេត្តកោះកុងដែលបានរកឃើញផូស៊ីលឆ្អឺងសត្វដាយណូស័រ។ខ្ញុំសុំឱ្យពលរដ្ឋកម្ពុជាជួយគាំទ្រ ទៅដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានពិសេស ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់ទៅលើការសិក្សាស្រាវជ្រាវក៏ដូចជាប្រមូលនូវបំណែកនានាដែលជាផូស៊ីលដើម្បីរក្សាទុកនៅសារៈមន្ទីរសម្រាប់ជាប្រយោជន៍យ៉ាងមហាសាលដល់មនុស្សជំនាន់ក្រោយទៀត”។
គួររំលឹកថា ឯកឧត្តម សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២បានធ្វើការបង្ហោះរូបភាពផូស៊ីលឆ្អឹងសត្វដាយណូស័រមួយសន្លឹកក្នុងទំព័រហ្វេសប៊ុកផ្លូវការដោយ បានបញ្ជាក់ថា៖”ផូស៊ីលឆ្អឹងដាយណូស័រដំបូងដែលរកឃើញនៅស្រុកខ្មែរ”។

បើតាមន្រ្តីជំនាញបានឱ្យដឹងថាផូស៊ីលឆ្អឺងសត្វដាយណូស័រនេះនឹងត្រូវបានគេធ្វើការគាស់សម្រាប់យកទៅរក្សាទុកនៅក្រសួងបរិស្ថានដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងរក្សាទុកជាប្រយោជន៍ដល់សង្គមជាតិថ្ងៃក្រោយ។ព្រមជាមួយគ្នាទៅកន្លែងឆ្អឺងផូស៊ីលសត្វដ៏កម្រដែលគេបានរកឃើញមួយកន្លែងនេះក៏នឹងត្រូវបានអ្នកជំនាញនឹងធ្វើកំណាយទំហំ៥ម៉ែត្រ៤ជ្រុងដើម្បីបើកស្រទាប់ថ្មនេះថាតើនឹងមានបំណែកឆ្អឺងផ្សេងទៀតឬក៏អត់។ក្នុងការសិក្សានេះនឹងមានការចូលរួមពីអ្នកជំនាញបារាំងផងដែរ៕ដោយ៖ម៉ាដេប៉ូ