ផូស៊ីលដាយណូស័រត្រូវបានអ្នកជំនាញគាស់ទទួលជោគជ័យហើយនិងរំពឹងថាផ្តល់ផលប្រយោជន៍ច្រើនទៀតដល់អ្នកស្រាវជ្រាវ និងវិស័យទេសចរណ៍
ខេត្តកោះកុង៖ ក្រុមការងារអ្នកជំនាញដែលបានចុះស្រាវជ្រាវ និងធ្វើការគាស់ផូស៊ីលឆ្អឹងដាយណូស័រនៅក្នុង កោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានទទួលជោគជ័យបន្ទាប់ពីតស៊ូយ៉ាងស្វិតពេញមួយថ្ងៃនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា ផូស៊ីលដាយណូស័រដែលបានរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជានេះត្រូវបានអ្នកជំនាញសម្រេចចិត្តរួមគ្នាក្នុងការធ្វើការគាស់យកមករក្សាទុកនៅក្រសួងបរិស្ថាន សម្រាប់សិក្សាស្រាវជ្រាវបន្ត និងក៏ដូចជាត្រូវយកទៅតំកល់ទុកនៅសារៈមន្ទីរថ្ងៃខាងមុខ។
ទាក់ទិនក្នុងរឿងនេះ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់AMS នៅនឹងកន្លែងគាស់យកផូស៊ីលផ្ទាល់តែម្តងនាល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការតស៊ូក្រុមមន្រ្តីជំនាញ អ្នកពាក់ព័ន្ធ ពិសេសក្រុមអ្នកជំនាញមកពីប្រទេសបារាំង និងស្វីសទីបំផុតការគាស់យកបំណែកផូស៊ីលឆ្អឹងសត្វដាយណូស័រទទួលបានជោគជ័យហួសពីការគិតទុកទៅទៀត។

លោកបានមានប្រសាសន៍ថា”កាលពីកាត់ដំបូងយើងគិតថាត្រូវកាត់រយៈពេលយូរថ្ងៃពោលគឺអាចចាប់ពី ២ទៅ៣ថ្ងៃឬអាចអូសបន្លាយពេលដល់មួយសប្តាហ៍ផង ប៉ុន្តែទីបំផុតយើងបានទទួលជោគជ័យហួសពីការគិតទុក។ទាំងនេះដោយសារក្រុមការងារបានស្វិតស្វាញខ្លាំងក្លាបំផុត ហើយដោយការរួមកម្លាំងគ្នា យើងក៏ទទួលបានជោគជ័យធំបំផុត”។
លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា “ក្រុមការងារយើងទាំងអស់បានគាស់យកបំណែកផូស៊ីលឆ្អឹងណាយដូស័រទាំងមូល នៃឆ្អឹងមួយដុំនេះហើយយើងនឹងយកវាទៅរក្សាទុកនៅក្រសួងបរិស្ថាននៅថ្ងៃស្អែកហើយ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២”។

លោក អេរិក ប៊ីហ្វហ្វេតូ (Eric Buffetaut)អ្នកជំនាញការស្រាវជ្រាវទៅលើផូស៊ីលសត្វដាយណូស័រមកពីប្រទេសបារាំងដែលបានចូលរួមដោយផ្ទាល់ក្នុងការគាស់យកបំណែកផូស៊ីលឆ្អឺងដាយណូស័រនេះបានបង្ហាញក្តីរំភើបពីការគាស់យកបំណែកផូស៊ីលឆ្អឺងដាយណូស័រនេះហើយលោកសង្ឃឹមថាវានឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ ទាំងផ្នែកវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀត។
ជាមួយគ្នា តាមរយៈការស្រាវជ្រាវរកឃើញផូស៊ីលសត្វដាយណូស័រនេះ លោក និងក្រុមការងារនឹងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀតនៅប្រទេសកម្ពុជា ដូចជានៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យនៅថ្ងៃខាងមុខនេះផងដែរ។

គួរបញ្ជាក់ថាបើតាមមន្រ្តីជំនាញទាំងក្រសួងបរិស្ថាននិងបរទេសបានឱ្យដឹងថា៖ ផូស៊ីលឆ្អឹងសត្វដាយណូស័រនេះអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន ហើយនេះក៏ជាផូស៊ីលឆ្អឹងសត្វដំបូងគេ ដែលរកឃើញនៅកម្ពុជា។សម្រាប់បំណែកផូស៊ីលដាយណូស័រនេះដែរកប់ជាប់ក្នុងថ្មភក់ ហើយវាមានប្រវែង ៧០ស.ម និងទទឹង ២០ស.ម ៕ ដោយ៖ម៉ាដេប៉ូ
