នៅ COP27 កម្ពុជាចុះកិច្ចព្រមព្រៀងលក់ឥណទានកាបូន ១៥លានតោន សហការធានាទប់ស្កាត់វិបត្តិបម្រែបម្រួលអាកាសធាតុ
ភ្នំពេញ៖ នៅសន្និសីទអាកាសធាតុ COP27 នាប្រទេសអេហ្ស៊ីប កម្ពុជាបានយល់ព្រមចុះកិច្ចព្រមព្រៀងលក់ឥណទានកាបូនប្រមាណ ១៥លានតោន ជាមួយបណ្តាដៃគូអន្តរជាតិ ក្នុងន័យដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ ក្នុងគម្រោងរ៉េដ បូក( REDD+ )របស់កម្ពុជា ដើម្បីចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុជាមួយសាកលលោក។
ក្នុងសន្និសីទអាកាសធាតុ COP27 ដែលបានប្រព្រឹត្តទៅជាងពីរសប្តាហ៍ចាប់តាំងពីថ្ងៃទី០៦ ខែវិច្ឆិកា ដែលបានបិទបញ្ចប់នាថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា នៅប្រទេសអេហ្ស៊ីប សម្រាប់កម្ពុជាដែលជាសមាជិកដែរនោះ បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយសាជីវករអន្តរជាតិផ្នែកកាត់បន្ថយការបំភាយឧស្ម័នដែលបានត្រួតពិនិត្យ((VERs) ប្រមាណ ១៥លានតោន ឬ ១៥លានតោននៃឥណទានកាបូន(Credit Carbon) ជាផ្នែកមួយនៃគម្រោង REDD+ របស់កម្ពុជា ក្នុងន័យសហការបិទបញ្ចប់ការកាប់បំផ្លាញព្រៃឈើ។
តាមការបញ្ជាក់ពីក្រសួងបរិស្ថាន រដ្ឋាភិបាលកម្ពុជានឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមសាជីវកម្មឈានមុខគេដែលជាភ្នាក់ងារបញ្ជារទិញឥណទានកាបូនពីគម្រោង REDD+ ចំនួនបី របស់ប្រទេសកម្ពុជា ដែលបង្កើតឡើងដោយសមាគមអភិរក្សសត្វព្រៃ(WCS) និងអង្គការសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) ។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទអាកាសធាតុ COP27 នៅអេហ្ស៊ីប បានលើកឡើងថា មូលនិធិដែលបានមកពីការលក់ឥណទានកាបូន (VERs) ជួយក្រសួងបរិស្ថានរបស់កម្ពុជា អនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសយើងក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ រួមទាំងការផ្លាស់ប្តូររបស់យើងទៅកាន់កម្មវិធី REDD+ ។
ឯកឧត្តមបានគូសបញ្ជាក់ថា ៖ «នៅពេលដែលពិភពលោកកំពុងព្យាយាមជំនះដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនដូចមានចែងក្នុងសេចក្តីប្រកាសរបស់បណ្តាមេដឹកនាំនាទីក្រុង Glasgow ស្តីពីព្រៃឈើ និងការប្រើប្រាស់ដី បទពិសោធន៍របស់កម្ពុជាបង្ហាញពីរបៀបដែលគម្រោង REDD+ អាចជួយកម្ពុជា ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចការថែរក្សាគម្របព្រៃឈើរបស់ខ្លួន ប្រកបដោយចីរភាព និងហិរញ្ញប្បទានទ្រង់ទ្រាយធំ»។
សូមជម្រាបផងដែរថា ក្របខ័ណ្ឌ REDD+ ជាគម្រោងបង្កើតឡើងដោយសន្និសីទអង្គការសហប្រជាជាតិ សំដៅដល់ការកាត់បន្ថយការបំភាយឧស្ម័នដែលកើតចេញពីការកាប់បំផ្លាញព្រៃឈើ និងការសឹករិចរិលរបស់គម្របព្រៃឈើ ជាមួយយន្តការអភិរក្ស ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ការស្តុកកាបូនព្រៃឈើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
REDD+ គឺជាយុទ្ធសាស្ត្រកាត់បន្ថយវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលអនុញ្ញាតឱ្យសហគមន៍ និងរដ្ឋាភិបាលទទួលបានការទូទាត់ពីទីផ្សារកាបូនដោយស្ម័គ្រចិត្តសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នដែលសម្រេចបានតាមរយៈគម្រោងការពារព្រៃឈើ។
ជុំវិញបញ្ហានេះដែរ លោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) បានថ្លែងថា គម្រោង REDD+ របស់កម្ពុជា ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យបំផុត ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបានការកាត់បន្ថយការបំភាយឧស្ម័ន ការពារគម្របព្រៃឈើ ព្រមទាំងការពារបាននូវចំនួននៃប្រភេទសត្វជិតផុតពូជផង។
លោកស្រីនាយកប្រតិបត្តិសម្ព័ន្ធសត្វព្រៃរូបនេះសង្កត់ធ្ងន់ថា ៖ «ចំពោះសារៈសំខាន់នៃគម្រោងឥណទានកាបូន REDD+ ដូច្នេះថា៖ អត្ថប្រយោជន៍ទាំងនេះ បង្កើនកំណើនសេដ្ឋកិច្ច ខណៈវាបានចូលរួមថែរក្សាសម្រស់ធនធានធម្មជាតិនៃប្រទេសរបស់ពូកគេក្នុងពេលតែមួយផង»។
កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ បានថ្លែងសុន្ទរកថានៅសន្និសីទអាកាសធាតុ COP27 ដោយអំពាវនាវប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ បង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវខ្ពស់។
លោកបានបញ្ជាក់ថា កម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣ភាគរយ នៃផលិតផលក្នុងស្រុកសុរប(GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យផែនការនានាជាអាទិ៍ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
យោងតាមទិន្នន័យពីសារជីវករឥណទានកាបូនអន្តរជាតិ កម្ពុជាបានរៀបចំបន្ថែមផ្ទៃដី ១,១៩លានហិកតា បន្ថែមទៀត ដែលនាំឲ្យតំបន់សម្រាប់គម្រោង REDD+ របស់កម្ពុជាបានឈានដល់ប្រមាណ ១ភាគ៣ នៃតំបន់គម្របការពារព្រៃឈើទាំងមូលរបស់កម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាអ្នកតាមដានបញ្ហាបរិស្ថាន យល់ឃើញថា វត្តមានគម្របព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមសម្រាប់កម្ពុជានោះទេ ប៉ុន្តែក៏មានតម្លៃជាសាកលផងដែរ ដើម្បីទប់ទល់វិបត្តិការប្រែប្រួលអាកាសធាតុ ដែលសាជីវករឥណទានកាបូនអន្តរជាតិតែងសម្លឹងឃើញ។
លោក ហេង គឹមហុង ថា ៖ «យោងតាមបទពិសោធន៍នៃការលក់ឥណទានកាបូនកន្លងមក កម្ពុជាបានយកចំណូលទាំងនោះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សម្រាប់សហគមន៍ផង ហើយកម្មវិធី REDD+ នេះមានសារៈសំខាន់ណាស់សម្រាប់លើកមុខមាត់កម្ពុជា»។
លោកថា ដើម្បីជំរុញការលក់ឥណទានកាបូនឱ្យកាន់តែមានប្រសិទ្ធភាព ទាក់ទាញទីផ្សារកាបូនអន្តរជាតិ ឲ្យបន្តមកទិញកាបូននៅកម្ពុជាបន្តបន្ទាប់មកទៀត ទាល់តែកម្ពុជាអនុវត្តកម្មវិធីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ បើសិនមានការរិចរិលគម្របព្រៃឈើកម្ពុជា យើងពិបាកធានាណាស់ថា យើងអាចបន្តកម្មវិធីឥណទានកាបូននេះបាន ។
អ្នកឃ្លាំមើលបញ្ហាបរិស្ថានរូបនេះបានអំពាវនាវឱ្យក្រសួងបរិស្ថាន ក៏ដូចជារដ្ឋាភិបាលកម្ពុជាគួរដាក់ចេញនូវវិធានការឱ្យបានតឹងរ៉ឹងដើម្បីធានាសុវត្ថិភាពគម្របព្រៃឈើកម្ពុជា ពីការកាប់បំផ្លាញនានា ដើម្បីធានាបាននូវនិរត្តរភាពកម្មវិធី REDD+។
សូមរំឭកថា កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ ប្រមុខការទូតអាស៊ាន បានស្វាគមន៍ចំពោះការអនុម័តកិច្ចព្រមព្រៀងអាកាសធាតុ នៅសន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ COP 26 ក្នុងទីក្រុង Glasgow នៅចក្រភពអង់គ្លេស។ ប្រមុខការទូតអាស៊ាន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ផងដែរ។
កាលពីឆ្នាំ ២០២០ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) ទៅលេខាធិការដ្ឋាន UNFCCC មុនពេលកំណត់។ នៅឆ្នាំ ២០២១ កម្ពុជាបានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ឬ ”Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)” ជាមួយគោលដៅលើការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ ២០៥០៕
ដោយ៖សំបាន ច័ន្ទដារ៉ា
