អាជ្ញាធរខេត្តសៀមរាប នឹងបន្តប្តេជ្ញាបញ្ឈប់លែងឱ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបនឹងបន្តប្តេជ្ញាបញ្ឈប់លែងឱ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣ ខណៈដែលមានស្រុកចំនួនពីរ បានសម្រេចបញ្ចប់ និងទទួលស្គាល់ជាផ្លូវការនូវការបញ្ឈប់ការបន្ទោបង់ពាសវាពាសកាល ក្នុងនោះមាន ស្រុកស្រីស្នំ និងស្រុកអង្គរជុំ ។
ការសម្រេចបញ្ចប់ និងការទទួលស្គាល់ស្រុកទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ឆ្នាំ២០២២ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ជុំវិញរឿងនេះ លោក អុឹង គឹមលាង អភិបាលរងខេត្ដសៀមរាប មានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ថា អាជ្ញាធរខេត្តបានត្រៀមខ្លួនក្នុងការប្តេជ្ញាថា នឹងបញ្ឈប់ឱ្យមានការបន្ទោបង់ពាសវាលពាសកាលនៅក្នុងឆ្នាំ២០២៣ ដែលនៅខេត្តសៀមរាបមានស្រុកចំនួនពីរហើយ គឺស្រុកស្រីស្នំ និងស្រុកអង្គរជុំ ដែលបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ហើយវាក៏ជាផ្នែកមួយនៅក្នុងការលើកកម្ពស់វិស័យអនាម័យបរិស្ថានរបស់ខេត្តទេសចរផងដែរ។
លោក អុឹង គឹមលាង បន្តថា ៖ «ការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលនេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចិត្តទុកដាក់លើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។ បរិស្ថាន អនាម័យ ជាកត្ដាសំខាន់បំផុតសម្រាប់សុខភាពមនុស្សជាតិ ជាពិសេសលើកស្ទួយលើវិស័យទេសចរណ៍»។
លោកក៏បានបញ្ជាក់ដែរថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់សេវាផ្នែកនេះ បានទៅដល់ដៃប្រជាពលរដ្ឋ ដែលជាការសម្រេចឲ្យបាននូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២៣។
អត្រាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សម្រេចឲ្យបាន៩០ភាគរយ និងទស្សនៈវិស័យនៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព។ នេះបើតាមការលើកឡើងរបស់លោក អុឹង គឹមលាង។
លើសពីនេះទៀត បើប្រៀបធៀបកាលពី១០ឆ្នាំមុន គឺនៅឆ្នាំ២០១២ ខេត្តសៀមរាប អត្រាគ្របដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត ២៧.៥០ភាគរយនិងអត្រាគ្របដណ្តប់ផ្នែកទឹកស្អាត មានកម្រិត ៣៣.១០ភាគរយ ហើយក្នុងនោះដែរខេត្តសៀមរាប ពុំមានភូមិ-ឃុំ ឬស្រុកណាមួយក្នុងខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ។ ប៉ុន្តែនៅឆ្នាំ២០២២ អត្រាគ្របដណ្តប់អនាម័យមាន ៨២.៩០% និងអត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាតមាន ៧៦ភាគរយ។
អភិបាលរងខេត្តរូបនេះ បានបន្ថែមថា រដ្ឋបាលខេត្តសៀមរាប បានកំណត់យកស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងក្រុងសៀមរាប គឺជាក្រុង/ស្រុកគោលដៅ ដែលនឹងត្រូវជម្រុញឲ្យបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅដំណាច់ឆ្នាំ២០២២ ហើយដោយឡែកស្រុកផ្សេងៗទៀតក៏នឹង ត្រូវជម្រុញបន្តដែលយ៉ាងយូរក្នុងឆ្នាំ២០២៣ ត្រូវបញ្ចប់ការងារនេះផងដែរ។
យោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងមកនេះបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២នេះ អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ជនបទនៅកម្ពុជា បានកើនដល់ជាង ៨០ភាគរយ ខណៈអត្រានៃខ្នងផ្ទះជនបទ មានកន្លែងលាងសម្អាតដៃបានកើនឡើងដល់៩៦ភាគរយ។
ទន្ទឹមនឹងនេះ ក៏មានខេត្តចំនួន២បានសម្រេច ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេនៅប្រទេសកម្ពុជាគឺ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ហើយមានខេត្តជាបន្តបន្ទាប់ដែលនឹងសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាពេលឆាប់ៗខាងមុខរួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តកំពង់ឆ្នាំង។ ដោយឡែកភូមិចំនួន ៥,២៩៨ឃុំ សង្កាត់ចំនួន ៣៩៣ក្រុង/ស្រុក ខណ្ឌចំនួន៣១ ក៏សម្រេចបានជាភូមិ/ឃុំ/សង្កាត់ និងក្រុង/ស្រុក/ខណ្ឌ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕
ដោយ៖ជា សុខនី