មូលនិធិ Rockefeller ប្រចាំទីក្រុងញូវយ៉ក កោតសរសើរ និងស្នើកម្ពុជា ចែករំលែកបទពិសោធន៍ និងភាពជោគជ័យលើការងារចាក់វ៉ាក់សាំងកូវីដ១៩ និងផ្នែកផ្សេងៗទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈប្រតិភូនៃមូលនិធិ Rockefeller ប្រចាំទីក្រុងញូវយ៉កសហរដ្ឋអាមេរក រួមនឹងដៃគូពាក់ព័ន្ធមួយចំនួនទៀតបានជួបជាមួយនឹងមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ដើម្បីសិក្សាស្វែងយល់ពីលទ្ធផលដែលកម្ពុជាសម្រេចបានដ៏ជោគជ័យនៃការចាក់វ៉ាក់សាំងកូវីដ១៩ និងប្រព័ន្ធសុខាភិបាលនានាទៀតផងដែរ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងឱ្យដឹង កាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា លោកជំទាវបានប្រាប់គណៈប្រតិភូថាកម្ពុជាទទួលបានជោគជ័យលើការងារចាក់វ៉ាក់សាំងនេះ ដោយសារការដឹកនាំដ៏ត្រឹមត្រូវនិងទាន់ពេលវេលារបស់ប្រមុខរាជរដ្ឋាភិបាល។

លោកជំទាវមានប្រសាសន៍ថា ៖ «គណៈប្រតិភូនៃមូលនិធិ Rockefellerមានការកោតសរសើរនូវភាពដឹកនាំរបស់សម្តេចតេជោ ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុសកូវីដ១៩ដែលទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ហើយជាពិសេស គឺលទ្ធផលដ៏គួរឱ្យមោទកភាពរបស់យើងនោះគឺការចាក់វ៉ាក់សាំងកូវីដ១៩»។

បើតាមលោកជំទាវ ឱ វណ្ណឌីន គណៈប្រតិភូទាំងនេះ ក៏បានរៀនសូត្រពីក្រសួងសុខាភិបាលក៏ដូចជាប្រទេសកម្ពុជា ដោយបានស្នើសុំដកស្រង់នូវបទពិសោធន៍ និងចំណុចសំខាន់ៗផងដែរ។

លោកជំទាវ មានប្រសាសន៍ថា ៖ «ពួកគេក៏សុំឱ្យយើងជួយចែករំលែក ដោយសារមូលនិធិ Rockefeller កំពុងតែរៀបចំនូវយុទ្ធសាស្រ្តថ្មីមួយនៅក្នុងការគាំទ្របណ្តាប្រទេសនៅក្នុងតំបន់ ហើយក្នុងនោះ ខ្ញុំក៏បានស្នើសុំឱ្យមូលនិធិនេះ ជួយគាំទ្រទាំងបច្ចេកទេស និងថវិកាមកក្រសួងសុខាភិបាល និងវិស័យសុខាភិបាលកម្ពុជា ផងដែរ ដើម្បីយើងបន្តពង្រឹងនូវប្រព័ន្ធសុខាភិបាល និងជំរុញការថែទាំសុខភាពបឋមផងដែរ (Primary Health Care Booster)»។

ក្នុងជំនួបនេះភាគីទាំងអស់ ក៏បានលើកឡើងផងដែរ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងមូលនិធិ Rockefeller និងដៃគូផ្សេងៗទៀត នៅក្នុងការងារវ៉ាក់សាំង និងការចូលរួមចំណែកក្នុងប្រព័ន្ធសុខាភិបាលកម្ពុជាផងដែរ។

លោកជំទាវបន្តថា ៖ «ឆ្លៀតក្នុងឱកាសនោះដែរ យើងក៏បានប្រាប់ភ្ញៀវរបស់យើងពីវឌ្ឍនភាពនៅក្នុងវិស័យសុខាភិបាលរបស់យើង ក៏ដូចជាផែនការយុទ្ធសាស្រ្តសុខាភិបាលជាតិក្នុងឆ្នាំ២០២៣-២០៣០ ហើយអ្វីដែលជាការងារសំខាន់មួយទៀតដែលចូលរួមចំណែកនៅក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិនេះគឺការជំរុញបង្កើនការថែទាំសុខភាពបឋម»។

ផែនការយុទ្ធសាស្រ្តជាតិនេះគឺការជំរុញបង្កើនការថែទាំសុខភាពបឋម គឺកំពុងស្ថិតនៅក្នុងការរៀបចំឯកសារនៅក្នុងតំណាក់កាលចុងក្រោយ ដែលមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយនឹងដៃគូទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

សូមបញ្ជាក់ថា គណៈប្រតិភូដែលបានជួបជាមួយនឹងលោកជំទាវ ឱ វណ្ណឌីន រួមមាន លោក ហ្គ្រិក គូហ្សម៉ាក (Greg Kuzmak) នាយកផ្នែកសុខភាពនៃមូលនិធិ Rockefeller ប្រចាំនៅទីក្រុងញូយ៉ក, លោកស្រី ខាធឺរីន បូល (Kathryn Bolles) នាយិការផ្នែកគំនិតផ្តួចផ្តើមចាក់ថ្នាំបង្ការសាកលនៃមូលនិធិ Rockefeller ប្រចាំនៅទីក្រុងញូយ៉ក, លោក អេរិក អាម (Eric Arndt) នាយកប្រចាំតំបន់អាស៊ីនៃមូលនិធិ Rockefeller, មន្រ្តីសុខាភិបាលនៃប្រទេសឥណ្ឌា, អង្គការខាណា និងអង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាពផងដែរ។

ប្រទេសកម្ពុជា បានធ្វើការឆ្លើយតបប្រកបដោយភាពជោគជ័យ និងគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការរាតត្បាតនៃវីរុសកូវីដ១៩នៅកម្ពុជា ជាពិសេសការធ្វើយុទ្ធនាការស្រោចស្រពចាក់វ៉ាក់សាំងកូវីដ១៩ដោយមិនបង់ថ្លៃនៅទូទាំងប្រទេសរួមទាំងជនបរទេសដែលរស់នៅក្នុងកម្ពុជាផងដែរ និងមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដែលបានអនុញ្ញាតឱ្យមានការបើកដំណើរការប្រទេសឡើងវិញតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។

គិតត្រឹមថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាសម្រេចបានអត្រាចាក់វ៉ាក់សាំងកូវីដ៩ ជូនប្រជាពលរដ្ឋ បាន ៩៥,១៥ភាគរយ នៃប្រជាជនចំនួន ១៦លាននាក់ ហើយក៏កំពុងបន្តការចាក់វ៉ាក់សាំងដូសជំរុញដែលមានដូសទី៣ ដូសទី៤ និងដូសទី៥ ខណៈពេលដែលប្រជាជនកម្ពុជា កំពុងរៀនរស់នៅជាមួយវីរុសកូវីដ១៩តាមបែបគន្លងប្រក្រតីភាពថ្មី។

យោងតាមក្រសួងសុខាភិបាល បានបញ្ជាក់ថា មូលនិធិ Rockefeller នឹងពិចារណាជួយគាំទ្រដល់ផែនការយុទ្ធសាស្រ្តជាតិ សុខាភិបាលទី ៤ របស់ក្រសួងសុខាភិបាលកម្ពុជា ជាពិសេសលើកម្មវិធីជំរុញការអនុវត្តបង្កើនការថែទាំសុខភាពបឋម ដោយផ្តោតទៅលើការថែទាំសុខភាពនៅតាមសហគមន៍ ការឆ្លើយតបលើការគ្រប់គ្រងជំងឺមិនឆ្លង។
ជំងឺមិនឆ្លងទាំងនោះ មានដូចជា ជំងឺទឹកនោមផ្អែម មហារីក និងសម្ពាធឈាមឡើងខ្ពស់ និងការពង្រឹងប្រព័ន្ធសុខាភិបាលជាដើម៕
ដោយ៖នាង សុគន្ធា

ads banner