ប្រធានាធិបតីអ៊ីរ៉ង់៖ ការគាំទ្រអំពើភេរវកម្មមិនមែនជាផលប្រយោជន៍របស់លោកខាងលិចឡើយ

តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ក្នុងថ្ងៃអាទិត្យទី២០ ខែវិច្ឆិកានេះ បានថ្កោលទោសសហរដ្ឋអាមេរិក បារាំង និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត ចំពោះការគាំទ្រ «ភេរវករ និងកុបកម្ម» យ៉ាងពេញទំហឹងក្នុងប្រទេសអ៊ីរ៉ង់ ដោយព្រមានថា ការគាំទ្រភេរវកម្មនឹងមិនមែនជាផលប្រយោជន៍របស់ពួកគេឡើយ។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក រ៉ៃស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា សត្រូវប៉ុនប៉ងបង្អាក់ការជឿនលឿនរបស់ប្រទេសអ៊ីរ៉ង់ ដោយធ្វើការវាយលុកផ្នែកសន្តិសុខ និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ក៏ដូចជាវិស័យអប់រំ និងផលិតកម្ម។ នេះបើយោងតាមគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក រ៉ៃស៊ី បានបញ្ជាឱ្យក្រសួងការបរទេសអ៊ីរ៉ង់ចាត់វិធានការចាំបាច់តាមរយៈផ្លូវការទូត និងផ្លូវច្បាប់ ដើម្បីបន្សាប ក៏ដូចជាប្រឈមមុខនឹងការបះបោរ ព្រមទាំងការញុះញង់ ដែលបង្កើតឡើងពីពួកបរទេស។

ដោយសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្លាប់កុមារ ស្ត្រី បុរស និងកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់ ដោយសារកុបកម្មក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោក រ៉ៃស៊ី បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ និងអង្គការនានា ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងពួកភេរវករ ក៏ដូចជាទប់ស្កាត់ពួក “ភេរវករ និងកុបកម្ម” ពីការបង្កផលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីនាង ម៉ាស់សា អាមីនី អាយុ ២២ឆ្នាំបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ។ រដ្ឋាភិបាលអ៊ីរ៉ង់បានស្តីបន្ទោសសហរដ្ឋអាមេរិក និងរដ្ឋមួយចំនួនទៀតពីបទញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករនៅក្នុងប្រទេសខ្លួន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner