រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីចា រងការវាយប្រហារជាថ្មី ដោយរុស្ស៊ី និងអ៊ុយក្រែនចោទគ្នាទៅវិញទៅមក
អុយក្រែន៖ ការផ្ទុះដ៏ខ្លាំងក្លាបានអង្រួនតំបន់ជុំវិញរោងចក្រមពលនុយក្លេអ៊ែរហ្សាប៉ូរីចារបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យបន្តបន្ទាប់គ្នា ដោយរុស្ស៊ី និងអ៊ុយក្រែនចោទប្រកាន់គ្នាទៅវិញទៅមក ខណៈមានការព្រមានពីក្ដីបារម្ភធ្ងន់ធ្ងរពីក្រុមឃ្លាំមើលថាមពលបរមាណូរបស់អង្គការសហប្រជាជាតិ។
ក្រោយការផ្ទុះច្រើនជាង១០ដងនេះ ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក លោក Rafael Grossi បានអះអាងថា អគារ បរិក្ខារ និងប្រព័ន្ធមួយចំនួននៅរោងចក្រថាមពលនុយក្លេអ៊ែរ ត្រូវបានខូចខាត ប៉ុន្តែមិនបង្កភាពធ្ងន់ធ្ងរលើសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរនោះទេ។
ទោះយ៉ាងណាក៏ដោយ លោក Grossi បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធឺរថា៖ «អ្នកណានៅពីក្រោយរឿងនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់។ អ្នកកំពុងលេងជាមួយភ្លើងហើយ»។
បន្ថែមពីលើនេះ លោក Grossi បានប្រាប់ទូរទស្សន៍បារាំង BFMTV ថា ការវាយប្រហារដោយដាក់គោលដៅនៅរោងចក្រហ្សាប៉ូរីចា បានបង្កើតស្ថានភាពធ្ងន់ធ្ងរ។ លោកបានអំពាវនាវជាថ្មី ទៅរុស្ស៊ី និងអ៊ុយក្រែន ឲ្យយល់ព្រមក្នុងការបង្កើតតំបន់សុវត្ថិភាព ជុំវិញរោងចក្រ ដែលនឹងតម្រូវឱ្យទីក្រុងម៉ូស្គូ និងទីក្រុងកៀវបញ្ឈប់សកម្មភាពយោធានៅក្នុងតំបន់ និងជុំវិញរោងចក្រ។
គួរបញ្ជាក់ថា រោងចក្រហ្សាប៉ូរីចារបស់អ៊ុយក្រែន គឺជាស្ថានីយ៍ថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពឈ្លានពានរុស្ស៊ីរាប់ចាប់តាំងពីខែមីនាមក បើទោះបីជាបុគ្គលិកអ៊ុយក្រែនបន្តដំណើរការប្រតិបត្តិការរបស់រោងចក្រក៏ដោយ។ រោងចក្រនេះ បានប្រឈមមុខនឹងការបាញ់ផ្លោងម្តងហើយម្តងទៀត រាប់តាំងពីដើមខែសីហាមក ដែលបង្កើនការភ័យខ្លាចនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ ជាពិសេសការសាយភាយនៃរលកវិទ្យុសកម្ម។
ជុំវិញការវាយប្រហារជាថ្មីនៅចុងសប្ដាហ៍នេះ ភាគីទាំងសងខាងនៃជម្លោះ បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងរូបភាពដូចគ្នាដែលភាគីទាំង២ធ្លាប់បានធ្វើ កាលពីមានការវាយប្រហារមុនៗ។
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអាទិត្យបាននិយាយថា អ៊ុយក្រែនមិនបញ្ឈប់ការបង្កហេតុរបស់ខ្លួនដែលមានគោលបំណងបង្កើតការគំរាមកំហែងនៃមហន្តរាយបង្កើតឡើងដោយមនុស្ស នៅឯរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីចានោះទេ។ ក្រោយការវាយប្រហារដូចគ្នា ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរអ៊ុយក្រែន Energoatom ដែលជាក្រុមហ៊ុនដំណើរការរោងចក្រនេះ ក៏បានចោទប្រកាន់បកទៅវិញ ថាយោធារុស្ស៊ីជាអ្នកនៅពីក្រោយការផ្ទុះទាំងនោះ។
គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រុស្ស៊ីបានបន្តបើកការវាយប្រហារតាមអាកាសរបស់ខ្លួន ដោយដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែននៅទូទាំងប្រទេស ដែលធ្វើឱ្យដាច់បណ្ដាញអគ្គីសនីប្រើប្រាស់សម្រាប់រាប់លានគ្រួសារនៅជាច្រើនតំបន់ ខណៈដែលរដូវរងាក៏ឈានចូលមកដល់៕
ដោយ៖ហួន ឌីណា
ប្រភព៖ Explosions at occupied nuclear site in Ukraine