យុវតីពីររូបយកពេលទំនេរសរសេរសៀវភៅរឿងអប់រំខ្លីៗ ដើម្បីលើកកម្ពស់ការអានតាមឌីជីថលរបស់​កុមារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ស្របពេលដែលប្រជាជនសឹងតែគ្រប់រូបមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ និងបានវិវត្តទៅកាន់សម័យ កាលឌីជីថល វាជារឿងមួយកាន់តែងាយស្រួលសម្រាប់កុមារក្នុងការធំធាត់ឡើងជាមួយបច្ចេកវិទ្យា ក៏ប៉ុន្តែ ឌីជីថលគឺជាអាវុធមុខពីរដែលអាចជួយឱ្យអ្នកប្រើប្រាស់រីកចម្រើនបានក៏អាចធ្វើឱ្យអ្នកប្រើប្រាស់ខាតបង់បានដូចគ្នា។ជាពិសេស អ្នកប្រើប្រាស់ដែលមិនបានយល់អំពីហានិភ័យនៃឌីជីថល តួយ៉ាងដូចជាកុមារតូចៗ គឺជាក្រុម​ដែលងាយប្រ​ឈមក្នុងការក្លាយខ្លួនជាជនរងគ្រោះ​ដោយឪពុក​ម្ដាយមិនបានដឹងជាមុន។

ស្របទៅតាមរបត់នេះអង្គការមូនិធិអាស៊ី បានសហការជាមួយ ក្រុមហ៊ុន​Starbucks កម្ពុជាក្នុងការបង្កើត​បណ្ណាល័យអនឡាញមួយឈ្មោះថា «តោះអាន-Let’s Read» ​ដើម្បីលើក​កម្ពស់ការអានរបស់កុមារក្នុង​សម័យ​ឌីជីថលនេះ។ការសហការនេះក៏ដើម្បីបង្វែរការចាប់​អារម្មណ៍​របស់កុមារពីការលេងកម្សាន្ដ លើប្រព័ន្ធអុីនធឺណិត មកជាការអានរឿងដែលមានរូបភាព​ទាក់ទាញជា​ច្រើនក្បាល។

យុវតីពីររូបដែលបានចូលរួមសរសេររឿងអប់រំសម្រាប់កុមារតូច និងដែលបានសម្ពោធស្នាដៃថ្មីថ្មោង នេះជា​ផ្លូវការ កា​លពីថ្ងៃទី ១៨ ខែវិច្ឆិកា កន្លងទៅ បានបង្ហាញនូវអារម្មណ៍រំភើបក្នុងការក្លាយខ្លួនជាចំណែក មួយជួយ​ទៅ​​ដល់កុមារតូច​ៗ​​។

បច្ចុប្បន្នកញ្ញាជាអ្នកបង្កើតវេទិកាឱ្យក្រុមហ៊ុនឌីជីថលមួយ ហើយឆ្លៀតពីការងារស្នូលនេះ កញ្ញាបានចូល​រួមសរសេរឱ្យបណ្ណាល័យឌីជីថល​ «តោះអាន» តាំងពីឆ្នាំ ២០១៩ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២នេះ ស្នាដៃថ្មីមួយ​ទៀតរបស់កញ្ញាទទួលបានការរៀបចំបើកសម្ពោធជាផ្លូវការ។

«ប៉ូប៉ូ អ្នកច្នៃម៉ូតសក់ដ៏ល្បី» គឺជាស្នាដៃនិពន្ធរបស់យុវតី អម្រិន ពិសី ដែលសព្វថ្ងៃកញ្ញាមានអាយុ ២៤ឆ្នាំ ជានិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានភាសាបរទេស។ រឿងនេះ បាននិយាយអំពីកូន ចៀមមួយក្បាល​ដែល​​នាងមានពិការភាពផ្នែក គរថ្លង់ មិនអាចសន្ទនាជាមួយមិត្តដទៃទៀតបាន។

ប៉ុន្តែ ប៉ូប៉ូ មានជំនាញពីកំណើតមួយគឺពូកែច្នៃម៉ូតសក់ ដែលជំនាញនេះហើយបានធ្វើឱ្យមិត្តភក្កិដទៃ ទៀត​ចាប់អារ​ម្មណ៍នាង និងសុំឱ្យនាងជួយច្នៃម៉ូតសក់ឱ្យគ្រប់គ្នា។ ក្រោយបានស្គាល់ពីចំនុចខ្លាំង របស់ខ្លួន ប៉ូប៉ូ បានបង្កើតសុបិន្ដទៅថ្ងៃអនាគតមួយគឺ ក្លាយជាអ្នកច្នៃម៉ូតសក់។

បើតាមកញ្ញា ពិសី ដែលជាម្ចាស់ស្នាដៃ រឿងនេះគឺចង់ផ្ដល់កម្លាំងចិត្តដល់កុមារដែលមានពិការភាព ជាពិសេស​ក្មេងស្រី ឱ្យបន្តខិតខំរៀនសូត្រ និងហ៊ានបង្ហាញអ្វីដែលជាចំណុចខ្លាំងរបស់ខ្លួន។

កញ្ញា អម្រិន ពិសី ៖ «សម្រាប់រឿងនេះដែរ ខ្ញុំចង់ប្រាប់ទៅក្មេងៗដែលមានពិការភាពគរថ្លង់ ថា​ការដែល​មានពិការភាពនេះមិនមែនជាឧបសគ្គក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃទេ ហើយចង់ប្រាប់កុមារី​ដែល​​មានពិការភាពកថ្លង់ កុំបាក់ទឹកចិត្ត រឹងមាំ ហើយស្វែងរកទេពកុសល្យរបស់​ខ្លួនឯង ដើម្បីជួយជាប្រយោជន៍​ដល់អនាគតរបស់ខ្លួន។»

ម៉ិល សុភាវត្តី គឺជាឈ្មោះរបស់អ្នកនិពន្ធវ័យក្មេងម្នាក់ទៀត ដែលកញ្ញាទើបមានអាយុ ២៣ ឆ្នាំ ជា​និស្សិត​បញ្ចប់ការសិក្សាផ្នែកស្ថិតិវិទ្យា ពីសកលវិទ្យាល័យភូមិន្នភ្នំពេញ។ សព្វថ្ងៃផងដែរ កញ្ញាកំពុង បម្រើ​ការងារ​​នៅធនាគារជីបម៉ុង។

មិនខុសគ្នាប៉ុន្មានពីកញ្ញា ពិសី យុវតីរូបនេះក៏មានស្នាដៃ ដែលត្រូវបានដាក់សម្ពោធរួមគ្នាមួយផងដែរ។ ស្នាដៃរឿងអប់រំខ្លីរបស់កញ្ញាគឺ «នូនូ កូនខ្លាឃ្មុំញី» ដែលរឿងនេះនិយាយពីកូនខ្លាឃ្មុំញីមួយចូល ចិត្តកីឡា​ជិះកង់ភ្នំ។ ថ្ងៃមួយកូនខ្លាឃ្មុំញីនេះបានចូលរួមប្រកួតជិះកង់ឡើងភ្នំ ដែលបេក្ខនារីគឺមានតែ រូបនាងម្នាក់គត់។ នូនូ ទទួលបានការមាក់ងាយពីខ្លាឃ្មុំឈ្មោលផ្សេងទៀត ដែលធ្វើឱ្យនាងបាក់ទឹកចិត្ត និងចង់បោះបង់​ចោល​ការប្រកួត។

ប៉ុន្តែដោយទទួលបានកម្លាំងចិត្តពីកូនខ្លាឃុំញីមួយទៀតដែលជាអ្នកទស្សនា ទើបនាងសម្រេច​ចិត្តបន្តការប្រកួត និងខិតខំហ្វឹកហាត់រហូតទទួលបានជ័យជំនះ និងការកោតសរសើរពីខ្លា​ឃ្មុំឈ្មោលឯទៀត។

កញ្ញា ម៉ិល សុភាវត្តី បានរៀបរាប់ពីអត្ថន័យអប់រំថា៖ «រឿងនេះ គឺលើកទឹកចិត្តដល់កុមារីដែលមានក្ដី ស្រមៃ​ចង់ធ្វើការងារមួយដែលមិនសូវមាន ក្មេងស្រីផ្សេងធ្វើ…ម្យ៉ាងទៀតចង់លើកទឹកចិត្តពួកគេកុំឱ្យ បោះបង់ដោយ​គ្រាន់តែពាក្យចំអក លេងសើច។»

ទាំងពីរស្នាដៃនេះ គឺស្ថិតក្រោមមូលបទ «ផ្ដល់អំណាចដល់ស្ត្រី និងកុមារដែលមានពិការភាព» និងត្រូវបាន​ដាក់ឱ្យអានតាមឌីជីថលលើគេហទំព័រផ្លូវការរបស់ «តោះអាន-Let’s Read»។ រាល់ស្នាដៃនិពន្ធ ទាំងអស់ ក៏ត្រូវបានឆ្លងកាត់ផងដែរនូវការពិនិត្យខ្លឹមសារឱ្យស្របតាមការអប់រំកុមារតូច ព្រមទាំងមាន ការរចនាជាគំនូរ​យ៉ាងទាក់ទាញផងដែរ។

អ្នកស្រី Meloney Lindberg ដែលជាតំណាងមូនិធិអាស៊ីប្រចាំកម្ពុជាបានឱ្យដឹងថា បណ្ណាល័យ​ឌីជីថល​មួយនេះគឺដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់អ្នកអានដំបូងដែលមានអាយុពី៥ ទៅ១០ឆ្នាំ។ បណ្ណាល័យ​​មួយនេះមានសៀវភៅចំនួន ៩ពាន់ក្បាលក្នុង ៥១ភាសាផ្សេងគ្នា ក្នុងនោះ សៀវភៅជាង ៥០០ក្បាលជា​​ភាសាខ្មែរ។

តំណាងអង្គការមូនិធិអាស៊ីរូបនេះបន្ថែមថា ៖ «ជាការសហការជាមួយក្រុមហ៊ុន starbucks យើងរួម គ្នាធ្វើ​ក្រោមហេតុផលសំខាន់មួយ គឺការលើកកម្ពស់វប្បធម៌នៃការអានឱ្យកាន់តែច្រើននៅប្រទេស កម្ពុជា ដោយចាប់ផ្ដើមពីក្រុមកុមារតូចៗទៅ។»

ក្នុងនោះអ្នកស្រី ក៏បង្ហាញការសាទរចំពោះយុវតីទាំងពីររូបដែលបានសម្ពោធស្នាដៃខ្លួនជាផ្លូវការ និង បន្ត​ជំរុញឱ្យយុវជន យុវតីគ្រប់រូបចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ការ អភិវឌ្ឍជាតិ​ទាំងមូល៕

ដោយ៖ កែវ បុស្បា

ads banner