ខេត្តព្រះសីហនុ បង្កើតក្រុមការងារគ្រង់គ្រងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងក្រុង
ព្រះសីហនុ៖ មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឱ្យដឹងថា រដ្ឋបាលខេត្តបានបង្កើតក្រុមការងារគ្រង់គ្រងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងក្រុង ក្រោយពីពិនិត្យឃើញថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ទទួលរងនូវការខូចខាតនៅតំបន់មួយចំនួន។
លោក បូរី វង្សសានិត ប្រធានមន្ទីរសារធាការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយពីការប្រគល់-ទទួលផ្លូវ ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលបានប្រគល់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រង ឃើញថាផ្លូវមួយចំនួនត្រូវធ្វើការជួសជុលឡើងវិញ។
លោកបានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំ នាថ្ងៃទី ២១ ខែវិច្ឆិកា ស្តីពីការត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងការចុះពិនិត្យបទល្មើសដែលធ្វើឱ្យខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីត តាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់សាលាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត។
លោក បូរី វង្សសានិត មានប្រសាសន៍ថា ៖ «គិតមកដល់ខែកញ្ញា ឆ្នាំ២០២២នេះ ការខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ មានរហូតដល់ ៦,២០០ម៉ែត្រការ៉េ លើទីតាំងចំនួន ៩៩៣ ទីតាំង លើខ្សែផ្លូវចំនួន ២៦ខ្សែ ដោយត្រូវទាមទារឱ្យក្រុមការងារត្រូវធ្វើការជួសជុលឡើងវិញ ដើម្បីបរិស្ថាន សោភ័ណភាពក្រុងព្រះសីហនុ»។
ជាមួយគ្នានោះដែរ លោក អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានចូលរួមឯកភាពតាមការណែនាំរបស់ក្រុមការងារ បន្ទាប់ពីលោកទទួលបានរបាយការណ៍ និងការលើកឡើងពីមន្ត្រីជំនាញរួមមក។
លោកអភិបាលរងខេត្តរូបនេះ បានធ្វើការណែនាំ និងឯកភាពការចុះអង្កេតអនុវត្តជាក់ស្តែង ដោយមានវត្តមានម្ចាស់ទីតាំងមួយចំនួនបានចូលរួមផងដែរ ទោះមានម្ចាស់ទីតាំងមួយចំនួនព្យាយាមមិនទទួលខុសត្រូវលើការខូចខាតនេះ។
លោក អុី សុខឡេង បានប្រាប់ថា ៖ «ប្រសិនបើយើងយោគយល់លើហេតុផលរបស់ពួកគាត់ធ្វើឱ្យការងារការជួសជុលការ៉ូឡារបស់យើងមានការយឺតយ៉ាវ ដូច្នេះយើងត្រូវយកគោលការជាក់លាក់ នៅគ្រប់ម្ចាស់ទីតាំងដែលបានធ្វើឱ្យខូចខាត ត្រូវទទួលខុសត្រូវនៅលើទីតាំងរបស់ខ្លួន ហើយម្ចាស់ទីតាំងនីមួយៗត្រូវធ្វើជាភ្នែកឱ្យរដ្ឋបាលខេត្ត-ក្រុងក្នុងការរាយការណ៍មកក្រុមការងារ ឬអាជ្ញាធរមូលដ្ឋានផងដែរ»។
លោកបន្តថា ទន្ទឹមនោះយើងត្រូវពន្លឿនការងារជួសជុលការ៉ូឡានៅតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុងរបស់យើងកាន់តែល្អស្អាត។
ក្នុងឱកាសនោះ អភិបាលរងខេត្តរូបនេះ ក៏បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមសហការថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋមានដូចជា ទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ និងតាមទីតាំងរបស់ខ្លួន។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានផ្លូវ ៣៧ ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ កន្លែង ក្នុងខេត្តព្រះសីហនុ ដែលបានចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។
ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ហើយត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ៕
ដោយ៖យុទ្ធ វីរះ