អ្នកជំនាញ៖ “បាយអ” មានសារៈសំខាន់សម្រាប់ការពារទឹកមិនឱ្យហូរចូលគ្រឹះប្រាសាទ និងបំផ្លាញសំណង់បុរាណចាស់ៗ

អត្ថបទដោយ៖
CPA

សៀមរាប៖ “បាយអ” ជា ចំណុះធាតុពីរយ៉ាង គឺកំបោរ និងខ្សាច់លាយនឹងទឹកសម្រាប់បូកជាមួយសំណង់ធ្វើអំពីឥដ្ឋ ថ្មភក់ ឬថ្មបាយក្រៀមដើម្បីឱ្យផ្ទៃរលោងគឺបំពេញនូវស្នាមប្រះ បន្សាបមុខតំណឥដ្ឋមុខលាបខ្មុកម្រ័ក្សហើយជនជាតិខ្មែរចូលចិត្តហៅថាកំបោរបាយអ។

បាយអ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការពារទឹកមិនឱ្យហូរចូលគ្រឹះប្រាសាទ និងបំផ្លាញសំណង់បុរាណចាស់ៗដែលបុព្វបុរសខ្មែរបានកសាង។ នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរជាតិអប្សរា។

អាជ្ញាធរជាតិអប្សរា បានពន្យល់ទៀតថា ទន្ទឹមគ្នានេះការស្តារឡើងវិញនូវសំណង់បុរាណ ដូចជាប្រាសាទថ្មភក់ ឥដ្ឋ ឬថ្មបាយក្រៀម ក្រៅពីការជីកកកាយ ពង្រឹងគ្រឹះ ការស្វែងរក និងការផ្គុំថ្ម ព្រមទាំងការជំនួសកន្លែងដែលបាត់បង់ ឬខូចខាត ចាក់បំពេញបាយអដល់ចន្លោះប្រហោងរវាងថ្មដែលខូច ឬបាត់បង់ និងនៅតាមមុខតំណក៏ជាកត្តាសំខាន់ដូចគ្នា ដើម្បីការពារការទឹកកុំឱ្យជ្រាបចូលបានតទៅទៀត។

អ្នកជំនាញផ្នែកអភិរក្សសំណង់បុរាណបានបញ្ជាក់ថា នៅពេលដែលសំណង់បុរាណទាំងអស់បានជ្រាបទឹក វាអាចបណ្តាលឱ្យគ្រឹះមិនស្ថិតស្ថេរ និងនាំឱ្យខូចខាត។ ដោយមើលឃើញពីសារៈសំខាន់នៃការការពារទឹកមិនឱ្យជ្រាបចូលក្នុងសំណង់នោះ នៅពេលជួសជុលសំណង់បុរាណនីមួយៗ។

កម្មករជំនាញដែលមានបទពិសោធន៍ប្រមាណប្រាំពីរឆ្នាំហើយ លោក ទក ធុល អាយុ៦១ឆ្នាំ បានឱ្យដឹងថា វត្ថុធាតុដែលអាចយកមកផលិតជាបាយអបាន គឺត្រូវយកម្សៅថ្មបាយក្រៀម ម្សៅឥដ្ឋ កំបោរ និងខ្សាច់លាយជាមួយទឹកទៅតាមសមាសធាតុជាក់ស្តែង។

លោកបានបញ្ជាក់ថា ៖ «នៅពេលបិទ ឬបៀកវា ដើម្បីឱ្យជាប់រឹងមាំ គឺត្រូវដាក់ល្បាយកំបោរបាយអដុំគ្រើមៗជាមុន បន្ទាប់មកទើបបៀកកំបោរបាយអម៉ដ្ឋពីលើម្តងបន្តិចៗសង្កត់ឱ្យហាប់ណែនពេញចន្លោះប្រហោងនោះ ទើបមានគុណភាពមិនងាយទឹកជ្រាបចូល ព្រមទាំងមើលទៅមិនទើសទាស់ភ្នែក ព្រមទាំងលើកសោភណ័ភាពសំណង់មួយកម្រិតទៀតផង»។

លោក ទក ធុល បានបន្ថែមទៀតថា លោកដឹងនិងមានបទពិសោធន៍ច្រើនពីបាយអនេះច្រើន ដោយសារលោកធ្លាប់ធ្វើការងារជួសជុលប្រាសាទជាមួយបារាំងជាច្រើនឆ្នាំ លើផ្នែកដាប់ឆ្លាក់ក្បាច់ ហើយលោកក៏ទទួលបានចំណេះដឹងផ្នែកផលិតកំបោរបាយអ និងបិទបាយអនេះ នៅច្រាំងកសិន្ធុខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត បន្តពីអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាផងដែរ៕ ដោយ៖ ហោ សុវិទ្យា

ads banner