មន្រ្តីសង្គមស៊ីវិល៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជារឿងមានហានិភ័យខ្ពស់ក្នុងសង្គម ដែលស្ថាប័នពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាបន្ទាន់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីសង្គមស៊ីលបានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជារឿងដែលមានហានិភ័យខ្ពស់ក្នុងសង្គម ដែលស្ថាប័នពាក់ព័ន្ធត្រូវដោះស្រាយជាបន្ទាន់ ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ និងទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង។

បើតាមរបាយការណ៍របស់អគ្គស្នងការនរគបាលជាតិ ដែលចុះថ្ងៃទី២០ ខែវិច្ឆិកាបានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើងចំនួនប្រាំពីរលើក ដែលបណ្ដាលឱ្យមានមនុស្សស្លាប់បួននាក់ និងរបួសធ្ងន់ស្រាលប្រាំពីរនាក់។ មូលហេតុចម្បងដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំជាដើម។

ជុំវិញរឿងនេះ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានប្រាប់ថា ជាដំណោះស្រាយនិងជាការចាំបាច់នោះ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធ គួរតែបង្កើតកម្មវិធីបង្រៀនប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ ហើយនិងបង្កើតយន្តការសាមញ្ញងាយស្រួល ចំណាយតិច ក្នុងការប្រឡងយកប័ណ្ណបើកបរ និងជាពិសេសរឿងសំខាន់ជាងនេះ គឺការកាត់បន្ថយការផ្សព្វផ្សាយ និងប្រើប្រាស់គ្រឿងស្រវឹងជាដើម។

ក្រៅពីនេះទៀតលោកមើលឃើញថា កត្កាដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ តាមការសិក្សាមួយចំនួន គឺដោយសារ ការបើកបរហួសល្បឿនកំណត់, ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងការបើកបរដែលមិនស្គាល់អាទិភាព។ នេះគឺជាមូលហេតុចម្បងធំៗទាំងបី ដែលជាប្រភពនៃគ្រោះថ្នាក់ចរាចរណ៍។

លោក ប៉ា ចន្ទរឿន បានប្រាប់ថា ៖ «ដូច្នេះហើយ ខ្ញុំមើលឃើញថា យន្តការដោះស្រាយ និងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍កន្លងមកនេះ ហាក់បីដូចជាមិនសូវមានប្រសិទ្ធិភាពទេ បើរាប់ទាំងការរឹតបណ្ដឹង ការផាកពិន័យ ហើយការផាកពិន័យ។ជាក់ស្ដែងកន្លងមក មានភាពក្ដៅក្រហាយ និងភាពអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ តាមរយៈការផាកពិន័យរបស់មន្ត្រីនរគបាលយុត្តិធម៌មួយចំនួន ដែលខ្វះសីលធម៌ និងពុករលួយ»។

លោកបានបន្តថា គួរតែមានការពិនិត្យឡើងវិញ ក្នុងការរៀបចំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះជាប្រព័ន្ធ ទើបអាចដោះស្រាយបាន ហើយយុទ្ធសាស្ត្រដោះស្រាយកន្លងមក គឺមិនមានប្រសិទ្ធភាពទេ ចំណែកឯការដោះស្រាយ អាចមានទៅលើបីចំណុចធំៗនោះគឺ កត្តាមនុស្ស កត្តាផ្លូវថ្នល់ និងកត្តាយានយន្ត។

លើសពីនេះទៀត កន្លងមកកត្តាយានយន្ត មានការត្រួតពិនិត្យបានល្អ ប៉ុន្តែកត្តាផ្លូវថ្នល់ លោក ប៉ា ចន្ទរឿនថា វាហាក់បីដូចជាមានខ្វះខាតច្រើន ដូចជាកង្វះខាតការដាក់ផ្លាកសញ្ញាឱ្យប្រជាពលរដ្ឋបានដឹង អំពីគំនូសផ្លូវណាមានអាទិភាព។ លោកថា ៖ «សូម្បីតែគំនូសផ្លូវ នៅតាមរាជធានីភ្នំពេញ គឺទើបតែឃើញមានការបាញ់ឡើងវិញ ក្នុងពេលមានកិច្ចប្រជុំកំពូលអាស៊ានទេ ហើយនៅមានផ្លូវជាច្រើនមិនទាន់មានបង្ហាញគំនូសគូសនៅឡើយ»។

រីឯចំណែកផ្លូវជាតិសំខាន់ៗទៅតាមខេត្ត ក៏មិនទាន់មានផ្លាកសញ្ញាទៅទៀត ដែលអាជ្ញាធរត្រូវតែបង្កើនការដាក់ផ្លាកសញ្ញា និងផ្លូវមួយចំនួនដេលខូចខាត ត្រូវយកចិត្តទុកដាក់ជួសជុសឲ្យទាន់ពេលវេលា កុំឲ្យបង្កការខូចតទៅទៀត ហើយក៏បង្កជាហេតុគ្រោះថ្នាក់ដល់ប្រជាណលរដ្ឋបើកបរ ជាពិសេសអ្នកដែលបើកបរម៉ូតូពេលយប់ជាដើម។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជារូបនេះ បានលើកឡើងថា ផ្លូវមួយចំនួនដែលកំពុងតែសាងសង់ គួរតែមានភ្លើង ផ្លាកសញ្ញាផ្សេងៗឲ្យបានត្រឹមត្រូវ ដូចជា ផ្លូវជាតិលេខ៥ ដែលកំពុងសាងសង់ គឺមើលឃើញថា ការបើកបរពេសពេញផ្លូវ ដោយអត់មានផ្លាកសញ្ញា ហើយវាជាហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានស្ទើរជារៀងរាល់ថ្ងៃ។

មួយទៀតវិញ កត្តាមនុស្ស ប្រសិនជាមិនមានការរៀបចំ លើកកម្ពស់ការយល់ដឹងពីបញ្ហាចរាចរណ៍ និងការផ្លាស់ប្ដូរឥរិយាបថនៃការធ្វើដំណើរទៅកាន់ប្រជាពលរដ្ឋទេ ទោះជាដោះស្រាយ១០ ឬ២០ឆ្នាំខាងមុខទៀត ក៏មិនមានចេញជាវិជ្ជមានដែរ។

លោក ប៉ា ចន្ទរឿន បានបន្ថែមថា ៖ «យើងត្រូវបង្កើតសង្គមមួយដែលធ្វើឲ្យប្រជាពលរដ្ឋយើងគោរពច្បាប់ មិនមែនធ្វើឲ្យប្រជាពលរដ្ឋខ្លាចប៉ូលីសតាមផ្លូវទេ»។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨៦៩នាក់ បណ្តាលឱ្យស្លាប់៤៩៣នាក់ ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២២។ ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅទូទាំងប្រទេស បានកើនឡើងចំនួន១០៦ករណី ស្មើនឹង១៤ភាគរយចំនួនអ្នកស្លាប់បានកើនឡើង៦០នាក់ ឬស្មើនឹង១៤ភាគរយ និងចំនួនអ្នករងរបួសបានកើនឡើង១៤៩នាក់ ស្មើនឹង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើផ្អែកតាមរបាយការណ៍ខាងលើ ក្នុងរយៈពេលបីខែកាលពីឆ្នាំកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៧៦៣លើក បណ្តាលឱ្យអ្នកស្លាប់ចំនួន៤៣៣នាក់ និងរបួសចំនួន១១១៣នាក់៕ ដោយ៖ ជា សុខនី

ads banner