ដំណើរទស្សនកិច្ចទៅហ្វីលីពីនរបស់លោកស្រី ហារីស ជាសារបញ្ជាក់ពីចេតនាអាមេរិកទៅកាន់ចិន

ហ្វីលីពីន៖ ប្រជុំកោះហ្វីលីពីន ប៉ាឡាវ៉ាន់ (Palawan) ដែលគេស្គាល់ថាជាទិសដៅទេសចរសំខាន់នៅត្រូពិកប៉ាស៊ីហ្វិកនឹងក្លាយជាចំណុចសំខាន់នៃប្រធានបទភូមិសាស្រ្តនយោបាយក្នុងតំបន់នៅសប្ដាហ៍នេះពេលដែលអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ធ្វើដំណើរទស្សនកិច្ចទៅលើកោះនេះ។

ជាទូទៅប្រជុំកោះ ឬខេត្តប៉ាឡាវ៉ាន់ តែងត្រូវបានគេពិពណ៌នាថាជាកន្លែងសម្រាប់រមណីយដ្ឋានមុជទឹក ក៏ដូចជាមូលដ្ឋានយោធាហ្វីលីពីន ដែលស្ថិតនៅក្បែរតំបន់ចម្រូងចម្រាស់នៃជម្លោះសមុទ្រចិនខាងត្បូង ដែលចិនទាមទារ។ បើតាមមន្រ្តីរដ្ឋបាលអាមេរិក លោកស្រី ហារីស នឹងធ្វើដំណើរទៅប្រជុំកោះនេះនៅថ្ងៃអង្គារ ទី ២២ ខែវិច្ឆិកា ដែលនឹងក្លាយជាសញ្ញាមួយដ៏សំខាន់ បង្ហាញពីមហិច្ឆិតារបស់ក្រុងវ៉ាស៊ីនតោននៅប៉ាស៊ីហ្វិក។

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំក្រុងវ៉ាស៊ីនតោន លោក Jose Manuel Romualdez បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស ទៅកាន់កោះប៉ាឡាវ៉ាន់ បង្ហាញពីកម្រិតនៃការគាំទ្ររបស់អាមេរិកចំពោះសម្ព័ន្ធមិត្ត និងការព្រួយបារម្ភចំពោះសកម្មភាពរបស់ចិននៅក្នុងសមុទ្រដែលមានជម្លោះ។

កាលពីថ្ងៃចន្ទនេះ លោកស្រី ហារីស បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) ដោយដៃគូនៃប្រទេសទាំង២រំពឹងថានឹងពិភាក្សាអំពីគម្រោងថ្មីផ្សេងៗចំនួន ២១ ដែលសហរដ្ឋអាមេរិកផ្តល់មូលនិធិ រួមទាំងលើទីតាំងការពារជាតិជាច្រើនកន្លែងនៅជុំវិញប្រទេសហ្វីលីពីន ដែលមិនទាន់ត្រូវបានបង្ហាវញឱ្យលម្អិត។

យោងតាមសេចក្ដីថ្លែងការណ៍ពីសេតវិមានគម្រោងទាំងនោះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) រវាងប្រទេសទាំង២ ដែលអនុញ្ញាតឱ្យទាហានអាមេរិកប្រើប្រាស់ទីតាំងយោធាដែលបានព្រមព្រៀងនៅក្នុងប្រទេសហ្វីលីពីន សម្រាប់សមយុទ្ធផ្នែកសន្តិសុខ និងការហ្វឹកហ្វឺនយោធារួមគ្នា។

អ្នកវិភាគយល់ឃើញថា យុទ្ធសាស្រ្តបែបនេះ គឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែតដល់ទីក្រុងប៉េកាំងថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើតទំនាក់ទំនងកាន់តែតឹងរ៉ឹងជាមួយរដ្ឋាភិបាលក្រុងម៉ានីល ជាពិសេសលើវិស័យការពារជាតិ ដែលកាន់តែស្អិតរមួតទៅៗ។

គួររំឭកថា ហ្វីលីពីនធ្លាប់ជាកន្លែងដាក់ទ័ពក្រៅប្រទេសរបស់អាមេរិកដ៏ធំបំផុតចំនួន២ រួមមានមូលដ្ឋានទ័ពអាកាស Clark និងមូលដ្ឋានទ័ពជើងទឹក Subic Bay។ មូលដ្ឋានទ័ពទាំងពីរនេះ ត្រូវបានផ្ទេរឱ្យហ្វីលីពីនគ្រប់គ្រងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុន្តែសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកអាមេរិក-ហ្វីលីពីន ឆ្នាំ ១៩៥១ នៅតែជាធរមាន ដោយកំណត់ថា ភាគីទាំង២នឹងជួយការពារគ្នាទៅវិញទៅមក ប្រសិនបើរងការវាយប្រហារពីភាគីទី៣។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោកស្រី ហារីស បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត «មិនរាថយ» របស់អាមេរិក ចំពោះកតិកាសញ្ញានេះ ដោយនិយាយថា៖ «ការវាយប្រហារប្រដាប់អាវុធលើនាវា ឬយន្តហោះសាធារណៈរបស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន នៅសមុទ្រចិនខាងត្បូង នឹងទាមទារឱ្យមានការប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមក»។

ក្នុងជំហរដូចគ្នា លោក ម៉ាកូស ជូនៀ ដែលអង្គុយនៅជិតលោកស្រី ហារីស ដែរនោះ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយច្រើនដងហើយ ខ្ញុំមិនឃើញអនាគតសម្រាប់ហ្វីលីពីន ដែលមិនរាប់បញ្ចូលសហរដ្ឋអាមេរិកនោះទេ ហើយនោះក៏ដោយសារតែទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក»។

រយៈពេលកន្លងមក អ្នកវិភាគបានមើលឃើញថា ទំនាក់ទំនងអាមេរិក-ហ្វីលីពីន បានធ្លាក់ចុះក្នុងអាណត្តិរបស់លោកអតីតប្រធានាធិបតី រ៉ដទ្រីហ្គូ ឌុយទែរតេ ដែលស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយចិន ក្នុងរយៈពេល ៦ ឆ្នាំ នៃការកាន់អំណាចជាមេដឹកនាំហ្វីលីពីនរបស់លោក។

អ្នកជំនាញផ្នែកសន្តិសុខដែនសមុទ្រនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន លោក Gregory Poling បានបង្ហាញទស្សនៈរបស់លោក ប្រាប់បណ្ដាញព័ត៌មាន CNN យ៉ាងដូច្នេះថា សហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងផ្លាស់ប្តូរទំនាក់ទំនងក្រោមការដឹកនាំរបស់លោក ឌុយទែរតេ។

លោក Poling បានបន្តថា ដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស ជាសារគាំទ្រយ៉ាងខ្លាំងក្លាចំពោះហ្វីលីពីន ដោយមិនចាំបាច់បង្កការគំរាមកំហែងដល់ទីក្រុងប៉េកាំង ដោយសារតែលោកស្រី ហារីស នឹងទៅទស្សនកិច្ចនៅកោះប៉ាឡាវ៉ាន់ ដែលនៅជិតសមុទ្រខាងត្បូង ប៉ុន្តែមិនមែនជាកោះជាប់ជម្លោះជាមួយចិននោះទេ។

ទោះជាយ៉ាងណាក៏ដោយ កោះប៉ាឡាវ៉ាន់មានមូលដ្ឋានទ័ពអាកាសមួយកន្លែងក្នុងទីក្រុង Puerto Princesa ដែលជាមជ្ឈមណ្ឌលបញ្ជាការយោធាហ្វីលីពីនទទួលបន្ទុកការការពារ និងការល្បាតដែនទឹករបស់ហ្វីលីពីនជុំវិញប្រជុំកោះចម្រូងចម្រាស់ ស្ព្រាតលី (Spratly Islands) ក្នុងសមុទ្រចិនខាងត្បូង។ ត្រង់ចំណុចនេះ លោក Poling បានថ្លែងថា អត្ថប្រយោជន៍ដែលសហរដ្ឋអាមេរិកមាននៅហ្វីលីពីន គឺជាសារផ្ញើទៅចិន ដែលមានន័យថា ក្រុងវ៉ាស៊ីនតោននៅឈរជាមួយក្រុងម៉ានីលចំពោះជម្លោះសមុទ្រចិនខាងត្បូង។

គួររំឭកផងដែរថា ប្រជុំកោះស្ព្រាតលី ស្ថិតនៅផ្នែកខាងត្បូងនៃសមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥ គីឡូម៉ែត្រការ៉េ) និងភាគច្រើន ត្រូវបានចិនអះអាងថាជាដែនទឹករបស់ខ្លួន ផ្អែកលើការបកស្រាយផែនទីប្រវត្តិសាស្ត្រ ហើយធ្វើការសាងសង់មូលដ្ឋានទ័ពនៅលើបណ្ដាកូនកោះតូចៗជាច្រើន។

ក្នុងឆ្នាំ ២០១៦ តុលាការក្រុងឡាអេ បានកាត់ក្តីឱ្យហ្វីលីពីនឈ្នះលើជម្លោះដែនសមុទ្រ ដោយបានសន្និដ្ឋានថា ចិនមិនមានមូលដ្ឋានច្បាប់ដើម្បីទាមទារសិទ្ធិជាប្រវត្តិសាស្រ្តចំពោះភាគច្រើន នៃសមុទ្រចិនខាងត្បូងនោះទេ។ ទោះបីជាយ៉ាងនេះក្ដី លោក ឌុយទែតេ បានព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំង និងបានធ្វើផែនការសហប្រតិបត្តិការលើការរុករកប្រេង និងឧស្ម័ន នៅសមុទ្រចិនខាងត្បូង ខណៈមានប្រទេសជាច្រើនផ្សេងទៀតដូចជាវៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់ជាដើម ក៏ស្ថិតក្នុងជម្លោះដែនទឹកដូចគ្នា ។

យ៉ានណាមិញ កិច្ចព្រមព្រៀងរុករកកំណប់ថាមពលទនោះ ត្រូវបានបញ្ចប់ជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ ២០២២ នេះ ដោយសារតែបញ្ហាប្រឈមរដ្ឋធម្មនុញ្ញ និងការព្រួយបារម្ភអំពីអធិបតេយ្យភាពហ្វីលីពីន ក៏ដូចជាការរិះគន់លើគម្រោង ដោយមើលឃើញពីមហិច្ឆិតាចិនលើតំបន់មានជម្លោះ។

គេសង្កេតឃើញថា ចាប់តាំងពីឡើងកាន់តំណែងនៅខែមិថុនាមក លោក ម៉ាកូស ជូនៀ បានព្យាយាមកំណត់ទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិក និងរក្សាទំនាក់ទំនងបែបមិត្តភាពជាមួយចិន ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។

នៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក ម៉ាក្រូស ជូនៀ និងមេដឹកនាំចិន ស៊ី ជិនពីង បានព្រមព្រៀងគ្នាថា បញ្ហាសមុទ្រ «មិនកំណត់ទំនាក់ទំនងហ្វីលីពីន-ចិនទាំងមូល» នោះទេ។ លោក ម៉ាក្រូស ជូនៀ បានថ្លែងយ៉ាងដូច្នេះថា៖ «គោលនយោបាយការបរទេសរបស់យើង មិនធ្លាក់ក្នុងអន្ទាក់នៃផ្នត់គំនិតសង្គ្រាមត្រជាក់នោះទេ។ គោលនយោបាយរបស់យើង គឺជាគោលនយោបាយការបរទេសឯករាជ្យដែលនាំមុខដោយផលប្រយោជន៍ជាតិរបស់យើង និងការប្តេជ្ញាចិត្តចំពោះសន្តិភាព»។

យ៉ាងណាមិញ អ្នកវិភាគមើលឃើញថា ក្នុងនាមជាសម្ព័ន្ធមិត្តការពារជាតិរបស់អាមេរិក និងជាអ្នកប្រកួតប្រជែងចិនដ៏ធំលើជម្លោះដែនសមុទ្រចិនខាងត្បូង ហ្វីលីពីនមានសារៈសំខាន់ណាស់ក្នុងយុទ្ធសាស្រ្តក្នុងតំបន់របស់អាមេរិក ក៏ដូចជាកំណើនឥទ្ធិពលភូមិសាស្រ្តនយោបាយរបស់ចិន។

ប្រធានសមាគមហ្វីលីពីនសម្រាប់ការសិក្សាអំពីចិន លោក Rommel Banlaoi បានលើកឡើងថា ភារកិច្ចធំរបស់លោក ម៉ាកូស ជូនៀ គឺពង្រឹង និងធ្វើទំនើបកម្មប្រព័ន្ធការពាររបស់ប្រទេស ដោយមានជំនួយពីសហរដ្ឋអាមេរិក ខណៈបង្កើតកិច្ចសន្ទនាប្រកបដោយមិត្តភាពជាមួយចិន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងនាមជាដៃគូពាណិជ្ជកម្មសំខាន់របស់ខ្លួន។ លោក Banlaoi បន្តថា៖ «ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស ហាក់ដូចជាបើកចំហចំពោះគំនិតនៃការបន្តកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែមិនទម្លាក់ជំហរដ៏យូរអង្វែងរបស់ខ្លួននៅពេលនិយាយអំពីបញ្ហាទឹកដីនៅសមុទ្រចិនខាងត្បូង»។

គួរគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅហ្វីលីពីន លោកស្រី ហារីស រំពឹងថានឹងធ្វើការប្រកាសមួយចំនួនទៀត រួមទាំងកិច្ចសហប្រតិបត្តិការដ៏តឹងរឹងរបស់សហរដ្ឋអាមេរិក ជាមួយទីក្រុងម៉ានីល លើថាមពលស្អាត សន្តិសុខតាមអ៊ីនធឺណិត វិស័យទំនាក់ទំនង និងកសិកម្មជាដើម។

ខណៈកិច្ចព្រមព្រៀងទាំងនេះ បង្ហាញពីចេតនារបស់អាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក អ្នកជំនាញសមុទ្រចិនខាងត្បូងម្នាក់បានលើកឡើងថា ការធ្វើដំណើររបស់លោកស្រី ហារីស ទៅកាន់មូលដ្ឋានយោធាបង្កឱ្យមានហានិភ័យពីទីក្រុងប៉េកាំង ដែលជះឥទ្ធិពលអវិជ្ជមានលើសក្តានុពលរបស់ហ្វីលីពីន។

លោកស្រី Anna Malindog-Uy អនុប្រធាននៃវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រហ្វីលីពីននៃសតវត្សរ៍អាស៊ី (ACPSSI) ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស ថាជា «ទង្វើបង្កហេតុ និងបញ្ឆាបអណ្តាតភ្លើង»។ លោកស្រីបន្ថែមថា៖«វានឹងធ្វើឱ្យប្រទេសរបស់ខ្ញុំ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ និងឆ្គាំឆ្គង នឹងទីក្រុងប៉េកាំង។ ខ្ញុំមិនឃើញថាវាមានប្រយោជន៍ដល់ប្រទេសខ្ញុំទេ។ វាស្រដៀងនឹងការយកប្រទេសខ្ញុំទៅញុះញង់ទីក្រុងប៉េកាំង»៕ ដោយ៖ ហួន ឌីណា

ads banner