ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រោមប្រធានបទ ៖ «ធ្វើឱ្យមានសមភាព»
ភ្នំពេញ៖ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ ៖ «ធ្វើឱ្យមានសមភាព» កាកបាទក្រហមកម្ពុជា បានរៀបចំវេទិកាទស្សនៈយុវជនស្ដីពី «ចូលរួមក្នុងចរន្តជាតិតែមួយ ឆ្ពោះទៅការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥» កាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។
វេទិកាទស្សនៈយុវជននេះ មានការបកស្រាយបញ្ចេញទស្សនៈពីវាគ្មិនជានិស្សិត ដែលមកពីសាកលវិទ្យាល័យស្វាយរៀង ចំនួន ៣រូប និងមកពីសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ខេត្តព្រៃវែង ចំនួន ៣រូប ព្រមទាំងមានវាគ្មិនជំនួយចំនួន ៦រូបផងដែរ។
វេទិកានេះ បានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យស្វាយរៀង ដោយមានចូលរួមពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមនឹងមន្រ្តិជាន់ខ្ពស់មួយចំនួនទៀត។
នាឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានធ្វើការកោតសរសើរចំពោះសិស្សានុសិស្សដែលបានសិក្សាស្វែងយល់យ៉ាងទូលំទូលាយ ពីបញ្ហាពាក់ព័ន្ធជុំវិញមេរោគអេដស៍ ជំងឺអេដស៍។
លោកស្រីថា ៖ «ក្មួយៗមានភាពក្លាហាន និងឈ្លាសវៃក្នុងការបញ្ចេញទស្សនៈរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្ត ក្នុងការថែទាំសុខភាពផ្លូវកាយ-ផ្លូវចិត្ត និងក្នុងបរិបទនៃមេរោគអេដស៍ ព្រមទាំងធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ោះមុតដើម្បីចូលរួមក្នុងចរន្តជាតិតែមួយ ឆ្ពោះទៅការបញ្ចប់អេដស៍នៅឆ្នាំ២០២៥»។
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានបន្ថែមថា ៖ «ក្មួយៗមានសំណូមពរមានលក្ខណៈស្ថាបនា ក្នុងការលើកកម្ពស់ឱ្យអ្នកផ្ទុកមេរោគអេដស៍ទទួលបាននូវសមភាព និងភាពថ្លៃថ្នូរក្នុងជីវិតរស់នៅ ស្មើមុខ ស្មើមាត់ ជាមួយប្រជាជនទូទៅ និងទទួលបានសេវាពិនិត្យ ព្យាបាល ប្រកបដោយគុណភាព»។
ក្នុងទិវានោះដែរ លោកស្រី ម៉ែន នារីសុភ័គ ក៏បានលើកឡើងពីការផ្តាំផ្ញើរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជាដល់អ្នកចូលរួមទាំងអស់ផងដែរ។
លោកជំទាវបន្តថា ៖ «ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២២ សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ»។
ជនរួមជាតិ ជាពិសេសយុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួន, គ្រួសារ, សហគមន៍ និងសង្គមជាតិ។
លោកជំទាវបានបន្តថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានផ្តាំផ្ញើដោយសូមឱ្យប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា»។
ទន្ទឹមនឹងនោះ លោកស្រីក៏បានណែនាំទៅដលស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារកផងដែរ៕ ដោយ៖ នាង សុគន្ធា