ចិនថា ប្រទេសខ្លួនបើកចំហរសម្រាប់កិច្ចពិភាក្សាជាមួយប្រមុខការពារជាតិអាមេរិក
ប៉េកាំង៖ ប្រទេសចិន ក្នុងថ្ងៃអាទិត្យទី២០ ខែវិច្ឆិកា បានលើកឡើងថា ខ្លួនបើកចំហរសម្រាប់កិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក នៅខាងក្រៅវេទិកាសន្តិសុខថ្នាក់តំបន់ក្នុងប្រទេសកម្ពុជានាសប្តាហ៍នេះ។
រដ្ឋមន្ត្រីការពារជាតិចិន លោក វៃ ហ្វេនហេ និងសមភាគីអាមេរិក លោក ល្លយដ៍ អូស្ទីន ពីមុនបានបញ្ជាក់ដាច់ដោយឡែកពីគ្នាថា ពួកលោកនឹងចូលរួមវេទិកា មួយជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិចិនលោក តាន កេហ្វៃ ប្រទេសចិនមានអាកប្បកិរិយាសកម្ម និងបើកចំហសម្រាប់ការផ្លាស់ប្តូរជាមួយសហរដ្ឋអាមេរិក។ លោកថា ភាគីទាំងពីរកំពុងសម្របសម្រួលទាក់ទងនឹងការផ្លាស់ប្តូរទស្សនៈគ្នា នៅឯវេទិកាដែលគ្រោងនឹងធ្វើឡើងក្នុងថ្ងៃពុធសប្តាហ៍នេះ។
កិច្ចប្រជុំខាងលើនេះ នឹងតំណាងឱ្យការផ្លាស់ប្តូរទស្សនៈផ្នែកយោធាក្នុងកម្រិតខ្ពស់ជាលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីចិនបានបញ្ឈប់ការសន្ទនាជាទៀងទាត់រវាងមេបញ្ជាការយោធាកាលពីខែសីហាកន្លងទៅ ដើម្បីជាការសងសឹក ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា
