លោក សោម សុកុសល បញ្ជាក់ថា បញ្ហាគ្រឿងម៉ាស៊ីន និងវង្វេងផ្លូវខ្លះៗ វាមិនមែនជាឧបសគ្គនោះទេ ដោយសារយើងមានក្រុមការងារល្អ
ថៃ៖ ការប្រកួតរថយន្តឆ្លងកាត់ឧបសគ្គកម្រិតអន្តរជាតិ Asia Cross Country Rally 2022 នៅខេត្តបូរីរ៉ាម ប្រទេសថៃ បានឈានដល់ថ្ងៃទី២ លើចម្ងាយផ្លូវសរុបជាង៤០០គីឡូម៉ែត្រ ខណៈផ្លូវប្រណាំង២០១គីឡូម៉ែត្រ ក្រុមប្រណាំងការ៉ាកម្ពុជា ធ្វើបានល្អដោយទទួលបានចំណាត់ថ្នាក់លេខ១៦ ក្នុងចំណោមរថយន្តសរុប៣៤គ្រឿង តែសម្រាប់ប្រភេទរថយន្តសាំងកម្ពុជា បន្តឈរលេខ១ ពីរថ្ងៃជាប់ៗគ្នា។
កីឡាករ សោម សុកុសល អ្នកបើកបររថយន្ត បានបញ្ជាក់ថា ការប្រណាំងរយៈពេល២ថ្ងៃនេះ បញ្ហាគ្រឿងម៉ាស៊ីន និងវង្វេងខ្លះៗ វាមិនមែនជាឧបសគ្គនោះទេ ដោយសារយើងមានក្រុមការងារល្អ បើទោះបីស្ថានភាពផ្លូវ មានខ្សាច់ មានផ្លូវវង្វង មានគ្រួស មានថ្ម តែយើងនៅតែធ្វើបានល្អ ដោយសារមានជំនួយការអ្នកបើកបរមានបទពិសោធន៍ច្រើនឆ្នាំ គ្រាន់តែព្យាយាមគ្រប់គ្រងល្បឿនអោយល្អ ដើម្បីកុំអោយមានបញ្ហាប៉ះពាល់ដល់ម៉ាស៊ីន។
អ្នកប្រណាំងរថយន្តរ៉ាលីរូបនេះ បានវាយតម្លៃថា កីឡាករប្រណាំងទាំងអស់សិតសឹងជាជើងខ្លាំង និងមានបទពិសោធន៍ ប៉ុន្តែបញ្ហាបច្ចេកទេសធ្វើអោយរថយន្ត៣គ្រឿងឆ្លងមិនផុត ដំណាក់កាលទី២ តែក្រុមកម្ពុជាយើងមិនមានបញ្ហាទេ។ ដូច្នេះសម្រាប់ការប្រកួតថ្ងៃស្អែកនេះ កីឡាករ សោម សុកុសល រំពឹងថា នឹងបន្តធ្វើបានល្អ នៅដំណាក់កាលទី៣ និងគ្រប់ដំណាក់កាល ឈានទៅដណ្តើមពានពីការប្រណាំងរថយន្តកម្រិតនេះ ជូនកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតរថយន្តឆ្លងកាត់ឧបសគ្គកម្រិតអន្តរជាតិ Asia Cross Country Rally 2022 ដែលមាន៩ប្រទេសចូលរួម ប្រណាំងនៅប្រទេសថៃ ៤ដំណាក់កាល និងបញ្ចប់នៅលើទឹកអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផលថ្ងៃនេះ ក្រុមប្រណាំងកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៦ ក្នុងចំណោមរថយន្តសរុប៣៤គ្រឿង តែសម្រាប់រថយន្តសាំងកម្ពុជា បន្តឈរលេខ១ ពីរថ្ងៃជាប់ៗគ្នា។ តែសម្រាប់ថ្ងៃស្អែក ដំណាក់កាលទី៣ ត្រូវប្រណាំងលើចម្ងាយផ្លូវសរុប ៣៣១គីឡូម៉ែត្រ ខណៈផ្លូវប្រណាំង ១៥៦គីឡូម៉ែត្រ៕ ចាន់ វិចិត្រ

