រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅខេត្តតាកែវ
ខេត្តតាកែវ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន កាលពីថ្ងៃទី២២វិច្ឆការ ឆ្នំា២០២២ បានអញ្ជើញ ចុះពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅភូមិដកពរ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលសម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យបងប្អូនបង្កើនការគិតគូរដល់ការរៀបចំ និងគ្រប់គ្រងផែនការផលិតកម្មឱ្យច្បាស់លាស់ ដើម្បីកុំឱ្យផលិតលើសពីតម្រូវការទីផ្សារនាំឱ្យតម្លៃធ្លាក់ចុះ ហើយក្នុងនោះដែរ អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន គួរសហការគ្នាចុះផ្សព្វផ្សាយ និងពន្យល់ណែនាំដល់កសិករអ្នកផលិត ឱ្យចេះរៀបចំផែនការផលិត និងវិភាគអំពីការចំណាយ និងប្រាក់ចំណេញ។
តមកក្នុងថ្ងៃដដែល ឯកឧត្តម ឌិត ទីណា រួមនឹងប្រតិភូអមដំណើរបានអញ្ជើញ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ទាំង១៩ក្រុម ដែលប្រកបរបចិញ្ជឹមទាយកពង និងភ្ញាស់ពងទាកូន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនំាដល់បងប្អូនអ្នកចិញ្ជឹមទាយកពង និងភ្ញាស់ពងទាកូនថា ដើម្បីឱ្យពងទាកូនមានតម្លៃកាន់តែល្អ ព្រមទាំងមានការពេញនិយមគាំទ្រពីអ្នកទទួលទានកាន់តែច្រើនថែមទៀត សូមបងប្អូនរៀបចំញែកពងទាកូន តូច ល្មម និងធំ ឱ្យត្រូវទៅតាមចំណូលចិត្តរបស់អតិថិជន ។
ឯកឧត្តម ឌិត ទីណា ក៏សូមលើកទឹកចិត្តឱ្យបងប្អូន ខិតខំស្វែងយល់បន្ថែមពីតម្រូវការទីផ្សារ និងការផលិតពងទាកូននៅក្នុងកម្រិតមួយដែលអាចរក្សាបានទាំងគុណភាព ទាំងតម្លៃ និងទាំងកេរ្តិ៍ឈ្មោះពងទាកូនឆ្ងាញ់ស្រែរនោង ខេត្តតាកែវផងដែរ៕ សេឌី

