ប្រធានាធិបតីរុស្ស៊ី និងគុយបា សន្យាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ព្រមទាំងប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ ខាណែល បានសម្តែងការត្រៀមខ្លួនរួមគ្នា ក្នុងថ្ងៃអង្គារទី២២ ខែវិច្ឆិកានេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

លោក ពូទីន បានថ្លែងក្នុងជំនួបជាមួយលោក ឌីយ៉ាស់ ខាណែល នៅវិមានក្រឹមឡាំងថា សហភាពសូវៀត និងរុស្ស៊ី តែងតែគាំទ្រប្រជាជនគុយបា ក្នុងការតស៊ូទាមទារឯករាជ្យ និងអធិបតេយ្យភាព។ យើងតែងតែប្រឆាំងនឹងការដាក់កំហិត ការហ៊ុមព័ទ្ធទណ្ឌកម្ម និងការបិទផ្លូវធ្វើពាណិជ្ជកម្មជាដើម។ យើងតែងតែគាំទ្រគុយបានៅលើឆាកវេទិកាអន្តរជាតិ។

លោក ពូទីន បានប្រាប់លោក ឌីយ៉ាស់ ខាណែល ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ីទៀតថា ផ្អែកលើមូលដ្ឋានរឹងមាំនៃមិត្តភាព យើងត្រូវតែឆ្ពោះទៅមុខ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងលក្ខខណ្ឌបច្ចុប្បន្ន។

ជាការឆ្លើយតប លោក ឌីយ៉ាស់ ខាណែល បាននិយាយថា គុយបាកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងតួនាទីរបស់រុស្ស៊ី ក្នុងការតម្រង់ទិសពិភពលោកឆ្ពោះទៅរកពហុប៉ូល ហើយគុយបាចង់បន្តលើកកម្ពស់ទំនាក់ទំនងជាមួយរុស្ស៊ី។ មុនពេលចាប់ផ្តើមកិច្ចពិភាក្សាខាងលើនេះ លោក ពូទីន និង លោក ឌីយ៉ាស់ ខាណែល ក៏បានចូលរួមក្នុងពិធីដាក់តាំងបង្ហាញស្តូបរំលឹកដល់វិញ្ញាណខណ្ឌអតីតមេដឹកនាំគុយបា លោក ហ្វីឌែឡ ខាស្ត្រូ ក្នុងទីក្រុងម៉ូស្គូ ផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner