អង្គការ ” ICRC ” ប្រារព្វកម្មវិធីគំរប់ខួប៣០ឆ្នាំ ដើម្បីបង្ហាញពីសមិទ្ធផលដែលសម្រេចបានកន្លងមក នៃគម្រោងស្តារលទ្ធភាពពលកម្មកាយសម្បទា
ខេត្តបាត់ដំបង ៖ ថ្លែងនៅក្នុងពិធីគម្រប់ខួប៣០ឆ្នាំ នៃគម្រោងស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលភូមិភាគនៃខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាតំណាងឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”ការងារពិការភាព” មានការវិវត្តន៍គួរឱ្យកត់សម្គាល់ តាមរយៈការបង្កើននូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ។
ឯកឧត្តម បន្ថែមថា៖ នៅកម្ពុជា អង្គការ ICRC បាននិងកំពុងជួយគាំទ្រដល់មជ្ឈមណ្ឌលស្តារចំនួន២ គឺ៖មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគនៃខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគនៃខេត្តបាត់ដំបង។
ដោយឡែកចំពោះមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគខេត្តបាត់ដំបងនេះ គឺបានគ្របដណ្តប់សេវាកម្មទៅលើខេត្តចំនួន៥ខេត្ត និងបានផ្តល់សេវាជាច្រើនដូចជា៖សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ បញ្ជូនជនពិការទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរកការងារឱ្យធ្វើ ការចូលរួមលេងកីឡា និង ជំនួយជាសាច់ប្រាក់ ដើម្បីបង្កើតអាជីវកម្មខ្នាតតូចជាដើម ។ ដែលទាំងនេះពិតជាបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អង្គការ ICRC ក្នុងការជួយដល់ជនពិការនៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគខេត្តបាត់ដំបងនេះបានគ្របដណ្ដប់ក្នុងការផ្តល់សេវាកម្មចំនួន៥ខេត្ត រួមមាន៖ ខេត្តបាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ, ឧត្តរមានជ័យនិងខេត្តប៉ៃលិន។ ហើយក៏ជាមជ្ឈមណ្ឌលផ្ដល់សេវាកម្មស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាពបានចំនួន ៧៥០នាក់ ក្នុងមួយខែៗផងដែរ។ មិនតែប៉ុណ្ណោះមណ្ឌលបានចុះផ្ដល់សេវាកម្មជូនជនមានពិការភាព នៅតាមសហគមន៍ ដែលនៅជិតផ្ទះ របស់ពួកគាត់ថែមទៀតផងដែរ។
ឯកឧត្តម សុខ លូ បានបញ្ជាក់បន្ថែមថា៖ក្នុងរយៈពេល៣០ឆ្នាំមកនេះ មជ្ឈមណ្ឌល ស្ដារលទ្ធភាពពលកម្មកាយសម្បទា និង មជ្ឈមណ្ឌលស្តាររបួសខួរឆ្អឹងខ្នងខេត្តបាត់ដំបង បានផ្ដល់សេវាកម្មជូនជនមានពិការភាព រហូតដល់ជាង ២០ម៉ឺនដង ក្នុងនោះផ្ដល់ជាឧបករណ៍សិប្បនិម្មិតជិត៤ម៉ឺន, រណប ១៥ ០០០, រទេះរុញជាង៧ម៉ឺនគ្រឿង និងឈើច្រត់គ្រប់ប្រភេទចំនួនជាង៤ម៉ឺនផងដែរ ៕ ./.អ៊ុក សំអាត

