សម្ដេចតេជោ ហ៊ុន សែន សង្ខេបបីចំណុច អំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វលការសង្ខេប ៣ចំណុច អំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ។ សម្ដេចបានថ្លែងដូចនេះ ក្នុងកម្មវិធីបើកកិច្ចបជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅក្រុង-ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សម្ដេចតេជោ បានលើកឡើងថា កាលពីដប់ឆ្នាំមុន, សម្ដេច បានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ «តំបន់ដែល គ្មានជម្លោះ» នៅក្នុងអាស៊ីអាគ្នេយ៍ ។ នៅពេលនោះ, គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ។ ប៉ុន្តែបច្ចុប្បន្ននេះ, មីយ៉ាន់ម៉ា កំពុងរំកិលទៅរកសង្គ្រាមស៊ីវិល ។
សម្ដេចបន្តថា នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា, សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ ។ កម្ពុជា ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាងបីទសវត្សរ៍ មានបទពិសោធមួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុងការធ្វើឱ្យមានសន្តិភាព, កសាងសន្តិភាព, រក្សាសន្តិភាព និងកសាងប្រទេសជាតិនៅក្រោយសង្គ្រាម ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សូមធ្វើការសង្ខេបជា បីចំណុច ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា, ជាពិសេសក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ១៩៩០ រួមមាន៖ ទី១, យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង ការចរចាប្រកប ដោយបរិយាបន្ន ។ ទី២, យើងត្រូវធានានូវសុវត្ថិភាព, យុត្តិធម៌ និង សុខុមាលភាពរបស់គ្រប់ ភាគីទាំងអស់ ។ ទី៣, យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការ សន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព ៕ ដោយ ៖ វណ្ណលុក

