សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា គាំទ្រយ៉ាងមុតមាំចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន និងបើកចំហ
ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីបើកកិច្ចបជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅក្រុង-ខេត្តសៀមរាប, នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា គាំទ្រយ៉ាងមុតមាំចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន និងបើកចំហ ។
សម្ដេចតេជោ បានលើកឡើងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក, កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និង ការកសាងសមត្ថភាព ។ ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក, ការយល់ពីគ្នាទៅវិញទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និង ផលប្រយោជន៍រួម ដើម្បីសន្តិភាព និង វិបុលភាព (M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ។
សម្ដេចបញ្ជាក់ថា ក្នុងឋានៈជារដ្ឋតូចមួយ, កម្ពុជា គាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន និង បើកចំហ, ក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ាន ឬ សណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និង ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជឿជាក់ថា សមាជិកអាស៊ានដទៃទៀត ក៏មានទស្សនៈដូចគ្នានៅលើចំណុចនេះដែរ ៕ ដោយ ៖ វណ្ណលុក

