កូរ៉េខាងត្បូង៖ ក្មេងស្រីបង្ហាញខ្លួននៅទីតាំងបាញ់សាកល្បងមីស៊ីល ICBM គឺជាកូនទី ២ របស់លោក គីម ជុងអ៊ុន
សេអ៊ូល៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ក្មេងស្រីម្នាក់ដែលថ្មីៗនេះបានអមដំណើរមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯទីតាំងបាញ់សាកល្បងមីស៊ីល ICBM គឺជាកូនទីពីររបស់គាត់ មានឈ្មោះថា គីម ជូអេ។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ បានចុះផ្សាយរូបថតរបស់លោក គីម ជុងអ៊ុន និងកូនស្រីរបស់គាត់ ដែលចុះទៅសង្កេតមើលការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា មានកូនចំនួន ៣ នាក់។
សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) បានប្រាប់សមាជិកសភា អំពីកូនស្រីរបស់លោក គីម ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការសភាបិទទ្វារ ក្នុងថ្ងៃអង្គារទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ សមាជិកសភារូបនេះបាននិយាយថា NIS គិតថា លោក គីម បាននាំកូនស្រីរបស់គាត់ទៅកាន់ទីតាំងធ្វើតេស្តមីស៊ីល ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គាត់ ចំពោះសន្តិសុខសម្រាប់មនុស្សជំនាន់ក្រោយ។
សមាជិកសភាដដែលនេះ ក៏បាននិយាយដែរថា NIS ជឿជាក់ថា មានលទ្ធភាពខ្ពស់ដែលកូរ៉េខាងជើងអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួន ហើយកូរ៉េខាងជើងអាចធ្វើដូច្នេះបានគ្រប់ពេលវេលា៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

