សម្តេចប្រធានព្រឹទ្ធសភាទទួលជួបប្រធានរដ្ឋសភាម៉ារ៉ុក
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបឯកឧត្តម Rachid Talbi EL Alami ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រម៉ារ៉ុក ក្នុងឱកាសដែលឯកឧត្តម Rachid Talbi EL Alami ដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តមប្រធានរដ្ឋសភាម៉ារ៉ុក ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នាពេលនេះ។ ដំណើរទស្សនកិច្ច និងការចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ របស់គណៈប្រតិភូនៅពេលនេះ ពិតជាបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស សភា និងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមប្រធានរដ្ឋសភាម៉ារ៉ុក បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសភាកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ហើយទទួលបានជោគជ័យ និងសមិទ្ធផលសំខាន់ៗ។ ឯកឧត្តមប្រធានរដ្ឋសភាម៉ារ៉ុកបានរំលឹកអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសប្រទេសម៉ារ៉ុកមានអារម្មណ៍ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដូចជាប្រទេសជិតខាងជាប់កម្ពុជា។
ឯកឧត្តមប្រធានរដ្ឋសភាម៉ារ៉ុកបានអះអាងថា ប្រទេសម៉ារ៉ុកតែងតែចាត់ទុកប្រទេសកម្ពុជា ជាតំណាងឱ្យប្រទេសម៉ារ៉ុកនៅអាស៊ីអាគ្នេយ៍ និងប្រទេសម៉ារ៉ុកជាតំណាងឱ្យប្រទេសកម្ពុជានៅតំបន់អាហ្រ្វិក។
ឯកឧត្តមប្រធានរដ្ឋសភាម៉ារ៉ុកបានគូសបញ្ជាក់ថា សភានៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកលើរាល់បញ្ហាពហុភាគី ទាំងក្នុងតំបន់ និងពិភពលោក។ នាពេលអនាគត ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ក្នុងនោះ ប្រទេសទាំងពីរអាចបង្កើតឱ្យមានស្ថានតំណាងព្រះរាជាណាចក្រម៉ារ៉ុកប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រម៉ារ៉ុក។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកថា ប្រទេសកម្ពុជា និងប្រទេសម៉ារ៉ុកបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៣។ ប្រទេសទាំងពីរមានប្រព័ន្ធនយោបាយប្រហាក់ប្រហែលគ្នា និងជាសមាជិកនៃអង្គការអន្តរជាតិនិយាយភាសាបារាំងដូចគ្នា។ ម៉ារ៉ុកគឺជាប្រទេសសង្កេតការណ៍យ៉ាងសកម្មរបស់អាយប៉ា។ ការអញ្ជើញចូលរួមមហាសន្និបាតរបស់គណៈប្រតិភូ បានបង្ហាញឲ្យឃើញច្បាស់ពីការគាំទ្រតួនាទីរបស់សភាកម្ពុជាជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន”។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ ដោយមើលឃើញអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី។ ជាមួយគ្នានេះ សម្តេចបានសម្តែងនូវការគាំទ្រកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសទាំងពីរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធ វីដេអូនាពេលកន្លងទៅនេះ ដោយស្នើឱ្យមានអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីរវាងខេត្តសៀមរាប និងទីក្រុងកាសាប្លាំងកា (Casablanca) និងទីក្រុងម៉ារ៉ាកេច (Marrakech) និងកិច្ចព្រមព្រៀងស្តីពីការការពារទៅវិញទៅមកនៃការវិនិយោគ។ ព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សូមគាំទ្រ និងលើកទឹកចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសំណូមពរសូមអនុវត្តឲ្យអស់លទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៃប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាមានបំណងចង់ពង្រឹងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការរវាងសភាកម្ពុជា ជាមួយសភាម៉ារ៉ុក ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភាម៉ារ៉ុកឱ្យកាន់តែស៊ីជម្រៅ និងមានលទ្ធផលជាក់ស្តែងក្នុងពេលអនាគត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត បង្កើនកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានសភាទាំងពីរ ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ការងារ និងការបណ្តុះបណ្តាលជំនាញសភា និងការជួយគាំទ្រគ្នាលើកិច្ចសហប្រតិបតិ្តការអន្តរសភា ជាពិសេសក្របខ័ណ្ឌ IPU, AIPA, APF និងវេទិកាសភាតំបន់និងអន្តរជាតិដទៃទៀត។
តាមរយៈគណៈប្រតិភូ សម្តេចប្រធានព្រឹទ្ធសភាសូមឯកឧត្តមប្រធានរដ្ឋសភាម៉ារ៉ុក មេត្តាជួយពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាម៉ារ៉ុក និងសូមគោរពអញ្ជើញ ឯកឧត្តមប្រធានព្រឹទ្ធសភាម៉ារ៉ុកមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅពេលវេលាសមស្របណាមួយ ៕ ដោយ / គ្រី សម្បត្តិ+ប៊ុន ហុក


