សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ

សៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ ដឹកនាំដោយ ឯកឧត្តម ដាតុ ប៉ាឌុកា សឺរី ហាជី អាវ៉ាង ហាល់ប៊ី ប៊ីន ហាជី ម៉ូដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof) រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រីប្រ៊ុយណេដារ៉ូសាឡាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាខេត្តសៀមរាប។

ឯកឧត្តម អ៊ាង សុផលឡែត ជំនួយការផ្ទាល់សម្ដេចតេជោបានឲ្យដឹងថា ឯកឧត្តមយូសូហ្វ ជួសមុខឱ្យរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ បានគោរពសម្ដែង នូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តម យូសូហ្វ ក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ព្រះរាជាណាចក្រកម្ពុជា ដែលបាន កំពុងរៀបចំនិងដឹកនាំកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ បានយ៉ាងល្អ ហើយកិច្ចប្រជុំ អាស៊ានការពារជាតិនិងដៃគូ កំពុងដំណើរការ ប្រកបដោយផ្លែផ្កា និងប្រកបទៅដោយស្មារតី មិត្តភាព ក្នុងទិសដៅពង្រឹងសន្តិភាព ស្ថេរភាពដោយឈរលើមជ្ឈភាព អាស៊ាន។

ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍រដ្ឋមន្ត្រី ការពារជាតិអាស៊ាន និងដៃគូ ដែលបានមកកាន់ ទីក្រុងសៀមរាបរួមគ្នាដោះស្រាយ បញ្ហាសន្តិសុខ ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ដល់ ថ្នាក់ដឹកនាំកំពូល និងរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងដៃគូ ដែលបានគាំទ្រ ភាពជា ប្រធានអាស៊ាន និងប្រធានកិច្ចប្រជុំ ពាក់ព័ន្ធរួមទាំង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន របស់កម្ពុជាផងដែរ។

សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានសំដែងនូវការអបអរសាទរ ចំពោះជំនួបរវាង រដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ហើយក៏បានមានប្រសាសន៍ថា ទីក្រុងសៀមរាប ជាកន្លែងដ៏សក្ដិសមសម្រាប់ជំនួបនេះ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner