ប្រធានអន្តរសភាអាស៊ានយល់ព្រមអនុញ្ញាតឱ្យរដ្ឋសភាអាមេរិក នេប៉ាល់ និងអាហ្សែប៉ៃហ្សង់ ក្លាយជាសភាសង្កេតការណ៍ អាយប៉ា ពេញសិទ្ធិ
ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន (អាយប៉ា, AIPA) នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ ២០២២ នេះ បាន សម្រេចយល់ព្រមដាក់បញ្ចូលសភានៃប្រទេសចំនួនបីជាប្រទេស សង្កេតការណ៏របស់អាយប៉ា រួមមាន៖ រដ្ឋសភានៃសហរដ្ឋអាមេរិក រដ្ឋសភានៃប្រទេសអាហ្សែប៉ៃហ្សង់ និងរដ្ឋសភានៃប្រទេសនេប៉ាល់ ជាប្រទេសសង្កេតការណ៏អាយប៉ាពេញសិទ្ធិ។
នៅក្នុងកិច្ចប្រជុំនៃមហាសន្និបាតអន្តរសភាអាស៊ាន នៅថ្ងៃនេះដែរ សម្តេចចក្រីហេង សំរិន ប្រធាននៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បានអនុញ្ញាតឱ្យ ប្រធានគណៈកម្មាធិការជំនាញ នីមួយៗនៃមហាសន្និបាតអាយប៉ា ឡើងធ្វើសេចក្តីរាយការណ៍ ពីលទ្ធផលដែលគណៈកម្មាធិការនីមួយៗ បានពិភាក្សានិង អនុម័ត។
គណៈកម្មាធិការជំនាញអាយប៉ា រួមមាន
៖ គណៈកម្មាធិការសេដ្ឋកិច្ចហិរញ្ញវត្ថុគណៈកម្មាធិការកិច្ចការនយោបាយ គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការស្ត្រី (វ៉ាយប៉ា )។ល។
សូមបញ្ជាក់ថា នៅក្នុងឱកាសដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)លើកទី៤៣ គណៈកម្មាធិការនយោបាយ (AI PA43) បានជួបប្រជុំ ពិភាក្សា គ្នាទៅលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការ ជំរុញ សន្តិភាព សាមគ្គីភាព និងពហុភាគីនិយម ឆ្ពោះទៅមជ្ឈភាពអាស៊ាន ។
មហាសន្និបាតអន្តរសភា លើកទី៤៣ បានពិភាក្សាគ្នាលើ សេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ រួមមាន៖
១. សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «របាយការណ៍កិច្ចប្រជុំ ក្រុមសមាជិកសភា អាយប៉ា លើកទី ១៣» ។
២. សេចក្តីព្រាងព្រាងសេចក្តីសម្រេច «របាយការណ៍ កិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹក នាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១» ។
៣. សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការលើកកម្ពស់សន្តិភាព វិបុលភាព និងពហុ ភាគីនិយម តាមរយៈមជ្ឈភាពអាស៊ាន»
៤. សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការលើកកម្ពស់ការ ទូតសភាក្នុងបញ្ហាសន្តិ សុខដែនសមុទ្រ និងការកសាង ស្ថិរភាពតំបន់នៅអាស៊ីអាគ្នេយ៍» ។
៥. សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការ ប្រើប្រាស់ការទូតសភាដើម្បីអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥»។
សេចក្តីព្រាងទាំង ៥ ត្រូវបានមហាសន្និបាតអាយប៉ាលើកទី៤៣ អនុម័ត្តនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះផងដែរ៕ ដោយៈ ពលជ័យ


