មន្រ្តីជាន់ខ្ពស់បញ្ជាក់អំពីការបង្កើតនូវកាលានុវត្តភាពសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ
ភ្នំពេញ៖ក្រសួងបរិស្ថាន កំពុងជំរុញការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិជាជាពិសេសធានានូវផលប្រយោជន៍ផ្ទាល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង កាត់បន្ថយផលប៉ះពាល់លើ ធនធាន ធម្មជាតិ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយ ផែនការ និង យុទ្ធសាស្រ្តរបស់ខ្លួន ដោយទី១ ផ្តោតលើផែនការ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលជាសសរ កន្លោង ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្ត ក្នុងការធានាដល់ និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង ខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងសុខភាពសាធារណៈតាមរយៈមុខងារអេកូឡូស៊ី ។ទី២ ផ្តោតលើការជួយអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ សម្រាប់ទ្រទ្រង់កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការ អភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាននៅជុំវិញតំបន់ការពារធម្មជាតិ ដែល ក្នុងនោះការបង្កើត អេកូទេសចរណ៍ ដែលបានរួមចំណែកសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ។
បទពិសោធន៍ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ បាន បង្ហាញថា ការលើកកម្ពស់ចីរភាព និង ការពង្រឹងចលនា ទេសចរណ៍ផ្ទៃក្នុង គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការពង្រឹង ភាពធន់នៃវិស័យ ទេសចរណ៍។ ឯកឧត្តមរដ្ឋមន្រ្តី បាន បញ្ជាក់បន្ថែមក្នុង«វេទិកាជាតិអេកូទេសចរណ៍លើកទី ៣» នា រាជធានីភ្នំពេញ ។
ក្នុងពិធីបិទ«វេទិកាជាតិអេកូទេសចរណ៍លើកទី ៣» នា រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីជាស្ថានភាព សេដ្ឋកិច្ចសកលនៅមានភាពផុយស្រួយនៅឡើយ, ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ នឹងបង្កើតនូវកាលានុវត្តភាពថ្មីៗសម្រាប់ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលនឹងមានសិទ្ធិអំណាចផ្ទាល់ក្នុងការរៀបចំ និង ចាត់ចែងអភិវឌ្ឍសហគមន៍របស់ខ្លួន និងជាពិសេស មានឱកាសស្វែងរកចំណូលបន្ថែម តាមរយៈវិស័យ ទេសចរណ៍នៅតាមសហគមន៍របស់ខ្លួន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវ គោលនយោបាយជាតិ អេកូទេសចរណ៍ ២០១៩-២០៣០ និង បានកំណត់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និង អេកូ ទេសចរណ៍ជាស្នូលដ៏សំខាន់ ក្នុងការធ្វើពិពិធកម្មវិស័យទេសចរណ៍ ដើម្បីពង្រឹងមូលដ្ឋាននៃវិស័យ ទេសចរណ៍ និងជាពិសេស ធានា នូវផលប្រយោជន៍ផ្ទាល់ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និង កាត់បន្ថយផលប៉ះពាល់លើធនធានធម្មជាតិ។
គួរបញ្ជាក់ថា ដើម្បីគាំទ្រដល់សហគមន៍ទេសចរណ៍ និង អេកូ ទេសចរណ៍ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោយពី វេទិកាជាតិអេកូទេសចរណ៍ លើកទី ២ ក្នុងនោះរួមមាន៖ ការបង្កើត បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ការបន្តអនុវត្ត គម្រោងនិរន្តរភាពតំបន់ទេសភាព និង ទេសចរណ៍ធម្មជាតិកម្ពុជា ការដាក់ចេញនូវ គោល-ការណ៍ណែនាំស្តីពីការបង្កើតសហគមន៍ អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ជាដើម។
ក្នុងពិធីបិទ«វេទិកាជាតិអេកូទេសចរណ៍លើកទី ៣» ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បាន ផ្ដល់នូវអនុសាសន៍ សំខាន់ៗចំនួន៧ បន្ថែមទៀត ដើម្បីបន្តពង្រឹង និង ពង្រីក សក្តានុពលនៃការអភិវឌ្ឍសហគមន៍ ទេសចរណ៍ និង អេកូ ទេសចរណ៍ នៅកម្ពុជា៕ដោយ៖ ម៉ាដេប៉ូ


