ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នឹងជំរុញប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមគ្នា និងខិតខំថែរក្សាអនាម័យបរិស្ថានបន្ថែមទៀត
ភ្នំពេញ៖ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នឹងធ្វើឱ្យគ្រប់មជ្ឈដ្ឋានបានឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីក្នុងការថែរក្សាអនាម័យបរិស្ថាន និងជាសារបញ្ជូនទៅកាន់គ្រប់ទិសទីនៃប្រទេសកម្ពុជាថា «ការថែរក្សាអនាម័យបរិស្ថានគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នានិងជាការចូលរួមថែរក្សាការពារមាតុភូមិកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា»។
នេះជាការថ្លែងឡើងរបស់ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ដែលបានធ្វើឡើងនាខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២២ខែវិច្ឆិកាដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ ប្រមាណ ៣០០នាក់។
លោកបានថ្លែងថា៖ «ព្រឹត្តិការណ៍នេះ ក៏នឹងជំរុញប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលជាផ្នែកមួយជួយឱ្យភូមិ ឃុំ សង្កាត់ របស់យើងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពបៃតង ស្របតាមលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ»។
ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម សឹម យ៉ារ៉ែន ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរ ក្នុងការថែរក្សាបរិស្ថានទាំងអស់គ្នា ដូចជា ការធ្វើអនាម័យខ្លួនឯងជាប្រចាំ, ទុកដាក់នឹងញែកសំរាមអោយត្រូវក្នុងធុង, ស្រលាញ់ការពារសត្វព្រៃ និងដាំដើមឈើ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ។
លោកបានបញ្ជាក់ថា ៖ «បច្ចុប្បន្ននេះដោយសារកំណើនប្រជាជន យើងបានជួបប្រទះនូវបញ្ហាមួយចំនួនក្នុងនោះរួមមាន បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជនដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនៅពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ»។
សំណល់សំរាមមួយចំនួន ជាពិសេសសំណល់ប្លាស្ទិក ត្រូវបានប្រជាពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងទីសាធារណៈបង្កគ្រោះថ្នាក់ដល់ជីវ:ចម្រុះដែលមនុស្សគ្រប់ៗគ្នាបាននឹងកំពុងយកចិត្តទុកដាក់ ទន្ទឹមនឹងនេះការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការលើកកម្ពស់អនាម័យ និងងគុណភាពបរិស្ថាន គឺជាការចាំបាច់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ សំដៅការរស់នៅប្រកប ដោយសុខុមាលភាព និងជីវភាពរបស់ប្រជាជនយើងនៅក្នុង ខេត្តដ៏មានសក្តានុពលមួយនេះ។
ជាមួយគ្នានោះដែរ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគីរី ក៏បានថ្លែងដោយធ្វើការដាស់តឿន ក្រើនរម្លឹកដល់បណ្ដាមន្ទីរអង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័បរិស្ថាន និងថែរក្សាបរិស្ថានឱ្យបានជាប់ជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន និងធ្វើការអប់រំផ្សព្វផ្សាយពីការគ្រប់គ្រង និងទុកដាក់សំរាមនិងសំណល់រឹងឱ្យបានត្រឹមត្រូវ។
លោកបានថ្លែងថា ៖ «យើងសង្ឃឹមថាការប្រារព្ធទិវានេះនឹងក្លាយជាចរន្តចលករ ដែលជំរុញឲ្យមានការចាប់ផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានផ្តើមចេញពីយើងម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវទុកដាក់សំរាម និងសំណល់រឹង ដោយមិនបោះចោលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង ទីប្រជុំជន និងមូលដ្ឋាន និងដើម្បរក្សាសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួនផងដែរ»។
អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក គង់ សៀកលី ដែលបានចូលរួមនាពិធីនោះដែរ បានលើកឡើងដែរថា ការរៀបចំទិវានេះឡើងដើម្បីបំផុសចលនាសាធារណជន ប្រជាពលរដ្ឋ ស្ថាប័នសាធារណៈនិងឯកជន ចូលរួមយកចិត្តទុកដាក់លើអនាម័យ សោភ័ណភាព និងបរិស្ថានបៃតង នៅហ្នឹងមូលដ្ឋាន និងទីសាធារណៈ តាមរយៈការចូលរួមអនុវត្តសកម្មភាពមេត្រីភាពបរិស្ថាន។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា ធ្លាប់បានលើកឡើងក្នុងសន្និតបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣កាលពីថ្ងៃទី ៣១ ខែតុលាថា ការគ្រប់គ្រងទៅលើសំណល់រឹងសំរាមនៅតាមទីសាធារណៈនៅតែជាបញ្ហាប្រឈម និងស្នើពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងពេលដែលបច្ចប្បន្នសំរាម ១០០ ភាគរយ គឺមានតែ ៦៤ ភាគរយប៉ុណ្ណោះ ដែលបានយកទៅចាក់នៅទីលានសំរាម។
លោក ថា ៖ «នៅឆ្នាំ ២០២២ សំរាមដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាង៤លានតោននៅក្នុង ១ ឆ្នាំៗ ហើយក្នុងមួយថ្ងៃ សំរាមមានជាងមួយម៉ឺនតោន ហើយកម្រិតនៃការកើនឡើងសំណល់រឹងសំរាមនៅប្រទេសកម្ពុជា គឺមានចន្លោះពី ១០ ទៅ ១៥ ភាគរយនៅក្នុងមួយឆ្នាំ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្នុងចំណោមសំរាម ១០០ ភាគរយ គឺមានតែសំរាម ៦៤ ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅលើលាន ក្រៅពីនោះ សំរាម ៣៦ ភាគរយទៀត គឺរាយប៉ាយតាមទៅតាំងផ្សេង ឬនៅប្រភពទឹក ឬនៅតាមសាធារណៈដែលនេះជាកិច្ចការងារបន្ត។
ក្រសួងបរិស្ថាន បានរៀបចំនូវគោលនយោបាយ និងជំរុញបន្ថែមសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិដែលទទួលភារកិច្ចក្នុងការគ្រប់គ្រងសំណល់រឹងសំរាមធ្វើម៉េចឱ្យមានការរៀបចំទីលានចាក់សំរាមឱ្យបានត្រឹមត្រូវបន្ថែមទៀត៕ ដោយ៖ នាង សុគន្ធា