គណបក្សប្រជាជនតៃវ៉ាន់ កំពុងមានប្រជាប្រិយភាពខ្លាំងក្នុងបរិបទប្រកួតប្រជែងរវាងគណបក្សធំៗពីរផ្សេងទៀត
តៃវ៉ាន់៖ ការបោះឆ្នោតថ្នាក់ក្រោមជាតិនៅតៃវ៉ាន់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ អំឡុងពេលនៃការឃោសនាគេសង្កេតឃើញថា គណបក្សប្រជាជនតៃវ៉ាន់ (Taiwan People’s Party) កំពុងមានឈ្មោះបោះសំឡេង និងជាគូប្រជែងដ៏ខ្លាំងមួយ។ បង្កើតឡើងកាលពីឆ្នាំ២០១៩ គណបក្សនេះបានក្លាយជាគូប្រជែងដ៏មានឥទ្ធិពលទីបីនៅក្នុងបរិបទនយោបាយតៃវ៉ាន់។
គណបក្សប្រជាជនតៃវ៉ាន់ (TPP) ត្រូវបានគេកោតសរសើរថាជាកម្លាំងនយោបាយធំទីបី បន្ទាប់ពីគណបក្សគួមីនតាង (KMT)និងគណបក្សប្រជាធិបតេយ្យជឿនលឿន(DPP)។គួរកត់សម្គាល់ថាគណបក្សនេះមិនបានធ្វើយុទ្ធនាការដោយលើកយកបញ្ហាឯករាជ្យរបស់តៃវ៉ាន់ដូចទៅនឹងគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច ហើយក៏មិនបានលើកឡើងអំពីការបង្រួបបង្រួមជាមួយចិនដូចទៅនឹងគណបក្សប្រឆាំងគួមីនតាង (KMT) នោះដែរ។
គួររម្លឹកផងដែរថា គណបក្សថ្មីនេះត្រូវបានបង្កើតឡើងដោយអភិបាលក្រុងតៃប៉ិ លោក កូ វ៉ឹន ចឺ (Ko Wen-je) កាលពីឆ្នាំ២០១៩ ដោយមានគោលបំណងជាជម្រើសមួយសម្រាប់ពលរដ្ឋតៃវ៉ាន់ដែលជាក្រុមបៃតង ដឹកនាំដោយគណបក្សប្រជាធិបតេយ្យជឿនលឿននិងក្រុមខៀវ ដឹកនាំដោយគណបក្សប្រឆាំងគួមីនតាង។ យ៉ាងណាក៏ដោយ បើទោះបីជាការកើនឡើងប្រជាប្រិយភាពខ្លាំងក៏ដោយ ក៏នៅតែត្រូវប្រឈមមុខជាមួយនឹងឧបសគ្គ និងដំណើរដ៏វែងឆ្ងាយទៅខាងមុខបន្តទៀត។
ក្រុមអ្នកវិភាគបានលើកឡើងថា គណបក្សប្រជាជនតៃវ៉ាន់ជាកម្លាំងទីបីដែលកំពុងមានប្រជាប្រិយភាពខ្លាំង ជាពិសេសក្នុងចំណោមពលរដ្ឋតៃវ៉ាន់វ័យក្មេង ប៉ុន្តែមិនទាន់មានការគាំទ្រពីពលរដ្ឋតៃវ៉ាន់វ័យចំណាស់ច្រើននៅឡើយទេ។
សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិតៃវ៉ាន់សាមញ្ញ (National Taiwan Normal University) លោក ឈូ ឆាវ ហ៊្សាង (Chu Chao-Hsiang) បានមានប្រសាសន៍ថា «ពួកគេត្រូវតែសហការគ្នាជាមួយគណបក្សផ្សេង ដើម្បីក្លាយជាកម្លាំងពិតប្រាកដខ្លាំងក្លាមួយ និងដើម្បីមានឱកាសប្រកួតប្រជែងជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន»។ សាស្ត្រាចារ្យរូបនេះបន្តថា «បច្ចុប្បន្ននេះ ការរួមសហការគ្នារវាងគណបក្សប្រឆាំងគួមីនតាង និងគណបក្សប្រជាជនតៃវ៉ាន់ ទើបតែចាប់ផ្តើម ដូច្នេះយើងត្រូវរង់ចាំមើលថាតើវានឹងវិវត្តទៅជាយ៉ាងណាក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ»។
ក្រុមអ្នកវិភាគបានលើកឡើងថា ប្រជាជនតៃវ៉ាន់ជាច្រើនបានធុញទ្រាន់នឹងជម្លោះនយោបាយឥតឈប់ឈររវាងគណបក្សប្រជាធិបតេយ្យជឿនលឿន និងគណបក្សប្រឆាំងគួមីនតាង។ ពលរដ្ឋហាក់មានអារម្មណ៍ថា ភាគីទាំងពីរគួរតែលះបង់ពេលវេលា ក្នុងការខិតខំប្រឹងប្រែងកែលម្អជីវភាពរស់នៅរបស់ប្រជាជនជំនួសវិញ។ ជារឿយៗ គេសង្កេតឃើញថាកោះមួយនេះតែងតែបានជាប់គាំងក្នុងជម្លោះវាងមហាអំណាចសហរដ្ឋអាមេរិក និងមហាអំណាចចិន ដូច្នេះហើយ ការជួយជំរុញឱ្យកោះមួយនេះអាចមានផ្លូវដើរថ្មី អាចជាមូលហេតុនៃការលេចឡើងនូវគណបក្សប្រជាជនតៃវ៉ាន់។
សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិតៃវ៉ាន់ (National Taiwan University) លោក ផឹង ជីង ផឹង (Peng Jing-peng) បានថ្លែងថា «គណបក្សប្រជាជនតៃវ៉ាន់មានភាពច្បាស់លាស់ និងមានវិជ្ជាជីវៈ ដោយមិនពឹងផ្អែកលើគោលនយោបាយប្រកាសឯករាជ្យ ឬការបង្រួបបង្រួមជាមួយចិនឡើងវិញនោះទេ។ ប្រជាជនហាក់មានការគាំទ្រគណបក្សនយោបាយដែលមានគោលជំហរថ្មីនេះ។ ឥឡូវនេះ យើងមើលឃើញថាអ្នកបោះឆ្នោតមានក្តីសង្ឃឹមខ្ពស់ ជាពិសេសនៅទីក្រុងតៃប៉ិ (Taipei) និងទីក្រុងស៊ីនឈូ (Hsinchu)»។
គណបក្សប្រជាជនតៃវ៉ាន់កំពុងគាំទ្របេក្ខភាពលេចធ្លោមួយចំនួននៅក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិដែលពលរដ្ឋនឹងធ្វើការបោះឆ្នោតជ្រើសរើសអភិបាលក្រុង និងអង្គចៅក្រមប្រចាំស្រុករបស់ពួកគេ នៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ។ ក្នុងនោះ បេក្ខភាពអភិបាលក្រុងតៃប៉ិ អ្នកស្រី វីវែន ហួង (Vivian Huang) គឺជាគូប្រជែងដ៏ខ្លាំងម្នាក់ដែលគាំទ្រដោយគណបក្សប្រជាជនតៃវ៉ាន់។
និវត្តន៍ជន លោក សួយ យុន ហ្វី (Sui Yun-fei) ដែលពីមុន លោកតែងតែគាំទ្រគណបក្សគួមីនតាង ឥឡូវនេះកំពុងប្រកាសគាំទ្រអ្នកស្រី ហួង ដែលធ្លាប់ជាអភិបាលរងក្រុងតៃប៉ិ ក្នុងការឈរឈ្មោះជាបេក្ខជនអភិបាលក្រុងតៃប៉ិនាពេលខាងមុខនេះ។ បុរសវ័យ ៦៦ ឆ្នាំរូបនេះ បានលើកឡើងថា គាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតអភិបាលរងក្រុងតៃប៉ិរូបនេះ ដែលបានជួយធ្វើការកែលំអទីក្រុង ជាពិសេសក្នុងសង្កាត់ដែលគាត់រស់នៅអស់រយៈពេល ៥៥ ឆ្នាំមកនេះ។ លោកបានបន្តថា៖ «ខ្ញុំគិតថាការបោះឆ្នោតជ្រើសរើសអភិបាលក្រុង យើងគួរបោះឆ្នោតឲ្យអ្នកណាដែលអាចធ្វើការបាន។ ដូច្នេះយើងគួរទុកនិន្នាការគាំទ្របក្សគួមីនតាង ឬក៏ បក្សប្រជាធិបតេយ្យជឿនលឿន មួយឡែកសិន។ ខ្ញុំជាអ្នកបោះឆ្នោតដោយអព្យាក្រឹត ជ្រើសរើសអ្នកដែលមានប្រាជ្ញាឈ្លាសវៃ ឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែងធ្វើការ ហើយនោះគឺជាអ្នកស្រី វីវែន ហួង»។
ដោយឡែក អភិបាលក្រុងតៃប៉ិ លោក កូ វ៉ឹន ចឺ ដែលជាប្រធានគណបក្សប្រជាជនតៃវ៉ាន់ ក៏មានបំណងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៤ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលកំពុងកាន់អំណាចផងដែរ។ លោកបានលើកឡើងថា ភារកិច្ចសំខាន់បំផុតសម្រាប់លោកគឺការបង្កើតវប្បធម៌នយោបាយថ្មីមួយ។ គួរដឹងដែរថា លោកគឺជាអ្នកនយោបាយដំបូងគេដែលបានប្រកាសជាសាធារណៈថាលោកនឹងចូលរួមប្រជែងបេក្ខភាពប្រធានាធិបតីនៅពីរឆ្នាំខាងមុខ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ទោះបីជាមានការកើនឡើងប្រជាប្រិយភាពនៃគណបក្សប្រជាជនតៃវ៉ាន់ក៏ដោយ វាហាក់បីដូចជាលឿនពេកក្នុងការចាត់ទុកលោកជាបេក្ខភាពប្រធានាធិបតីដ៏រឹងមាំម្នាក់។ អ្នកជំនាញបានបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ក្រោមជាតិនេះនឹងក្លាយជាការសាកល្បងមួយសម្រាប់ប្រជាប្រិយភាពរបស់លោក កូ វ៉ឹន ចឺ ក៏ដូចជាគណបក្សរបស់លោកផ្ទាល់។ ប្រសិនបើលទ្ធផលល្អជាងការរំពឹងទុក នោះនឹងអាចត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងដំណែងប្រធានាធិបតីនៅឆ្នាំ២០២៤។
លោកសាស្ត្រាចារ្យ ឈូ ឆាវ ហ៊្សាង បានថ្លែងបញ្ជាក់ថា «លោក កូ វ៉ឹន ចឺ ធ្លាប់ហៅខ្លួនឯងថាជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យជឿនលឿន ដូច្នេះហើយ អាចនឹងមានការពិបាកសម្រាប់គាត់ក្នុងការសហការជាមួយគណបក្សគួមីនតាងដែលជាគូប្រជែង»៕
ដោយ៖ធា សុខណា