សង្គមស៊ីវិល ស្នើឱ្យភាគីពាក់ព័ន្ធរាប់តាំងពីអ្នកសារព័ត៌មានឱ្យចូលរួមកែលម្អស្ថានភាពអាហាររូបត្ថម្ភកម្ពុជា
ភ្នំពេញ៖ តាមរយៈសិក្ខាសាលាស្តីពីព័ត៌មានអាហារូបត្ថម្ភនិងពិធីប្រគល់រង្វាន់ជូន អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភកាលពីថ្ងៃទី២២ខែវិច្ឆិកាអ្នកជំនាញដែលកំពុងធ្វើការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញនិងកែលម្អរស្ថានភាពអាហាររូបត្ថម្ភកម្ពុជា។
ការជំរុញនេះធ្វើឡើង ក្រោយពេលសង្កេតឃើញថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងចំនោមពលរដ្ឋកម្ពុជា បានឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ករណីនេះ ត្រូវបានលោក អ៊ុន សំអឿន អ្នកឯកទេសអាហារូបត្ថម្ភគម្រោង MUSEFO នៃអង្គការGIZ បានចាត់ទុកថា ការសិក្សាមួយនៅក្នុងឆ្នាំ២០២១បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៧០ភាគរយជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ដូចជា Youtube, Facebook, Telegram, ទំព័រប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន, Instagram, Twitter, and TikTok ជាដើម ដែលបង្ហាញពីសក្តានុពលខ្ពស់នៃប ណ្តាញផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋយ៉ាងទូលំទូលាយ។
លោកបញ្ជាក់ទៀតថា៖ «ការស្រាវជ្រាវខាងលើក៏បានបង្ហាញថា ឥទ្ធិពលនៃតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយកំពុងមានតម្លៃយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការយល់ដឹង ការបង្កើនចំណះដឹង នឹងការផ្លាស់ប្ដូរ ឥរិយាបថអាហារូបត្ថម្ភរបស់មាតា និងទារក និងការអនុវត្តចិញ្ចឹមទារក និងកុមារតូច។ ជាងនេះទៀត ប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹម តែទទួលបានការគ្រប់ដណ្តប់ខ្ពស់ និងមានឥទ្ធិពលជាវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែក៏មានហានិភ័យជាវិជ្ជមានផងដែរ ខណៈដែលព័ត៌មានមិនពិតអាចត្រូវបានចែកចាយយ៉ាងទូលំទូលាយ ជាឧទាហរណ៍ តាមរយៈបណ្តញសង្គម Facebook ជាដើម»។
អ្នកឯកទេសអាហារូបត្ថម្ភរូបនេះ បានអះអាងទៀតថា បើទោះបីជាពលរដ្ឋកម្ពុជាប្រមាណជាង ៧០ភាគរយជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្មក្តី ក៏ការរាយការណ៍ ឬការផ្សព្វផ្សាយពីបញ្ហាសុខភាពអាហារូត្ថម្ភ នៅតែមានកម្រិត និងមិនទាន់ទូលំដល់ប្រជាពលរដ្ឋកម្ពុជានៅឡើយទេ។ ហេតុនេះ លោកថា ដោយសារឥទ្ធិពល និងសក្តានុពលនៃកាប្រព័ន្ធព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះហើយ ទើបក្លាយជាកិច្ចការសំខាន់ដែលស្ថាប័នរដ្ឋាភិបាល និងដៃគូនានា ត្រូវរួមគ្នាជាកម្លាំងលើកកម្ពស់ប្រព័ន្ធ ផ្សព្វផ្សាយ ដើម្បីកែលម្ភៃការអនុវត្តអាហារូបត្ថម្ភក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់ស្ត្រី និងកុមារតូចនៅកម្ពុជាថែមទៀត។
លោកថា ការជំរុញឱ្យមានការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែទូលាយ គឺពិតជាបានគាំទ្រដល់ការដោះស្រាយស្ថានភាពអាហារូបត្ថម្ភ និងសុខភាពស្ត្រី និងកុមារកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ថែមទៀត។ ហេតុនេះ លោកក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន បន្តការងារដ៏អស្ចារ្យដែលបានធ្វើកន្លងមក បន្តធ្វើឱ្យកាន់តែប្រសើរឡើង និងការសរសេរព័ត៌មានស្ដីពីអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារដូចនៅកម្ពុជា។
លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ បានបន្ថែមថា វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពី ការរាយការណ៍ព័ត៌មានអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារដែលបានបង្កើតឡើងនាពេលកន្លងមក គឺដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពក្នុងចំណោមអ្នកសារព័ត៌មាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយជាមួយអ្នកធ្វើការលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ។
បន្ថែមពីនេះ លោកហ៊ូ ក្រើន បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន និងអ្នកចូលរួមបានបង្កើត ក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ (ក.ស.ជ.អ) ដែលឈានទៅលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានពីវិស័យប្រពន្ឋ័ស្បៀង សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាជាដើម។ ហេតុនេះ អ្នកជំនាញរូបនេះ ជឿជាក់ថា តាមរយៈការបណ្តុះបណ្តាលនេះដែរ ក៏ឈានទៅជួយកំណត់ពីបញ្ហា និងដំណោះស្រាយក្នុងការផ្តល់ព័ត៌មានអាហារូបត្ថម្ភកម្ពុជាកាន់តែស៊ីជម្រៅផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះដែរលោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងដែរថា ខណៈអត្រាក្រិសក្រិនខ្ពស់ និងលើសទម្ងន់ កំពុងគំរាមកំហែង និងរាំងស្ទះដល់និរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស និងការបន្តកំណើនរីកលូតលាស់របស់ប្រទេស ហេតុនេះ ការដោះស្រាយបញ្ហានេះ គឺចាំបាច់ណាស់ត្រូវមានការចូលរួមពីស្ថាប័នពាក់ពន្ធ ពិសេសប្រព័ន្ធផ្សាយនានា។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធ ជួយជម្រុញនូវការផ្សព្វផ្សាយបន្ថែមទៀតទាក់ទងទៅនឹងអាហារូបត្ថម្ភ ដោយអាចអមជាមួយកំប្លែងអប់រំខ្លីៗ ឬជាសារខ្លីៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងងាយចងចាំ។ ជាមួយនេះ លោកជំទាវ ក៏បានអរគុណផងដែរដល់អ្នកសារព័ត៌មានដែលតែងតែជួយផ្សព្វផ្សាយពីអាហារូបត្ថម្ភ ដែលចាត់ទុកថា ជាការងារមនុស្សធម៌មួយជួយដល់កុមារកម្ពុជា។
គួរបញ្ជាក់ថា បើតាមកម្មវិធីអាហាររូបត្ថម្ភនៃអង្គការសហប្រជាជាតិ ដោយសំអាងលើ ទិន្នន័យបឋមពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ដែលបង្ហាញថា ភាពក្រិសក្រិន(កង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ) ក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ បានថយចុះពី៣២ភាគរយ ក្នុងឆ្នាំ២០១៤ មកត្រឹម២២ភាគរយ ដែលជាអត្រាវឌ្ឍនភាពដែលលើសពីគោលដៅ។ ប៉ុន្តែកុមារអាយុក្រោម ៥ឆ្នាំចំនួន១០ភាគរយនៅតែមានភាពស្គមស្គាំង (កង្វះអាហារូបត្ថម្ភស្រួចស្រាល់) ដែលអត្រានេះនៅពុំទាន់មានការផ្លាស់ប្ដូរទេក្នុងទសវត្សរ៍កន្លងមក។
ហេតុនេះ ដើម្បីឈានទៅដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយបន្ថែម ដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ និងឈានទៅជួយកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យ ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន