ស្ត្រីម្នាក់បង្កើតសិប្បកម្មផលិតផលគ្រឿងផ្សំម្ហូបខ្មែរ ក្រោមហេតុផលចង់ជួយផ្សព្វផ្សាយអត្តសញ្ញាណជាតិ
ភ្នំពេញ៖ អត្តសញ្ញាណគឺពិតជាសំខាន់ណាស់សម្រាប់ជាតិសាសន៍មួយដែលវាជាចំណុចលេចធ្លោ និងជាចំណុច ដែលសម្គាល់ភាពខុសគ្នារបស់ប្រទេសមួយ។ អត្តសញ្ញាណអាចមានច្រើនរូបភាពលាយបញ្ចូលគ្នា ដែលមានទាំង ម្ហូបអាហារ ប្រពៃណី វប្បធម៌ ពណ៌សម្បុរ ភាសាជាដើម។ ម្ហូបអាហារ និយាយដោយឡែកក៏ជាអត្តសញ្ញាណមួយ និងអាចជាហេតុផលទាក់ទាញចំណាប់អារម្មណ៍ប្រជាជន នៅលើពិភពលោកផងដែរ ប្រសិនបើម្ហូបអាហារនោះមានរសជាតិឆ្ញាញ់ និងប្លែក។

ម្ហូបខ្មែរសំខាន់ៗដែលគេស្គាល់មាន សម្លកកូរ សម្លការី នំបញ្ចុក អាម៉ុក ប្រហុក ជាដើម ។ល។ ប៉ុន្តែម្ហូបខ្មែរនៅក្នុងបរិបទអន្តរជាតិ គឺមិនជាពេញនិយមប៉ុន្មានទេ បើធៀបទៅនឹងម្ហូបចិន ជប៉ុន កូរ៉េ តួគី និងប៉ែកអ៊ឺរ៉ុប។ ក្រោមហេតុផលចង់លើកស្ទួយម្ហូបខ្មែរ ស្ត្រីមួយរូបបានផ្ដួចផ្ដើម គំនិតបង្កើតជាសិប្បកម្មមួយដែលផលិត គ្រឿងផ្សំម្ហូបខ្មែរសំខាន់ៗដាក់លក់លើទីផ្សារព្រោះតែចង់ឃើញគ្រឿងផ្សំខ្មែរចរាចរណ៍នៅលើទីផ្សារក្រៅប្រទេស ដើម្បីផ្សព្វផ្សាយបន្ថែមពីរសជាតិអត្តសញ្ញាណរបស់ខ្មែរបន្ថែមទៀត។
អ្នកស្រី សម្បត្តិ អមរៈ វិប្បសម្បត្តិ អមរៈ វិប្បស្សិនី ស្ថាបនិកសិប្បកម្មផលិតគ្រឿងផ្សំអាហារសាបារា ដែលមានផលិតផលក្រោមម៉ាកសញ្ញា «គ្រឿងហ្លួងសាបារា» បានឱ្យដឹងថា ពីដើមឡើយខ្លួនមាន អូតែលមួយឈ្មោះ សាបារា នៅក្នុងខេត្តសៀមរាបដែលភោជនីយដ្ឋាននៅក្នុងអូតែលមួយនេះត្រូវបានភ្ញៀវសរសើរ មិនដាច់ពីមាត់អំពីរសជាតិម្ហូបអាហារបែបខ្មែរ។ ប៉ុន្តែអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ដោយអាត្រាភ្ញៀវបានធ្លាក់ចុះ អ្នកស្រីក៏ព្យាយាមរិះរកគំនិតថ្មីៗបន្ថែមទៀត។អ្នកស្រីបន្តថា គាត់សម្រេចចិត្តជ្រើសយកការផលិតគ្រឿងផ្សំអាហារដែលរួមមាន គ្រឿងអាម៉ុក គ្រឿងការីក្រហម គ្រឿងប្រឡាក់សាំបាល និងគ្រឿងប្រលាក់ទឹកឃ្មុំ យកទៅបង្កើតជាសិប្បកម្មតែម្ដង ដោយប្រើប្រាស់ជំនាញធ្វើម្ហូបពីភោជនីដ្ឋានផ្ទាល់ខ្លួន។
បើតាមអ្នកស្រី វិប្បស្សិនី គ្រឿងផ្សំអាហារសំខាន់ៗទាំង៤មុខសុទ្ធសឹងតែចម្រាញ់ចេញពីគ្រឿងទេស បុកស្រស់ៗ ដែលអ្នកស្រីព្យាយាមធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានរសជាតិខ្មែរពិតៗ។
អ្នកស្រី វិប្បស្សិនី បានរៀបរាប់ថា៖ «នៅលើទីផ្សារគឺមានតែផលិតផលរបស់ប្រទេសជិតខាង តែចំពោះគ្រឿងការី ហើយគ្រឿងអាម៉ុកគឺអត់ដែលមានទេ ដូច្នេះហើយ ខ្ញុំចង់ធ្វើជាគ្រឿងបុកស្រាប់ហ្នឹងដោយសារតែវាផ្ដល់ភាពងាយស្រួលដល់ប្រជាជនយើង ហើយក៏ចង់ពង្រីកទីផ្សារថែមទៀតដែរ ដើម្បីនាំរសជាតិយើងទៅក្រៅប្រទេស»។
អ្នកស្រីទើបតែបានបើកលក់ ជាផ្លូវការប្រមាណជាជាង ៦ខែមកនេះទេ។ សិប្បកម្មអ្នកស្រី កំពុងតែដាក់លក់គ្រឿងផ្សំម្ហូបអាហារទាំង៤មុខនេះទៅក្នុងទីផ្សារ ទាំងផ្សាររដ្ឋ និងផ្សារទំនើប ផ្សារសេរីរាង្គ ដោយទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់។គ្រឿងផ្សំម្ហូបអាហាររបស់អ្នកស្រីលក់រាយក្នុងតម្លៃ១កញ្ចប់ ៦០០០ រៀល ដែលជាតម្លៃមួយសមស្របសម្រាប់ប្រជាជនយើង។គ្រឿងផ្សំទាំងអស់ត្រូវអនុវត្តស្តង់ដារអនាម័យ និងដែលជាស្តង់ដារជាតិ និងអន្តរជាតិ ដែលទទួលបានការបណ្ដុះបណ្ដាលពីក្រសួងឧហ្សាហកម្ម។
សម្រាប់អ្នកស្រី ដោយសារតែផលិតផលគ្រឿងផ្សំនេះ មានភាពថ្មីថ្មោងនៅក្នុងទីផ្សារ នៅឡើយ ដូច្នេះ អ្នកស្រីនិងក្រុមការងារត្រូវបំពាក់ បំប៉នលើការធ្វើទីផ្សារ ដើម្បីឱ្យប្រជាជនគោលដៅបានស្គាល់។បច្ចុប្បន្នគ្រឿងផ្សំប្រភេទនេះមានលក់នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាបប៉ុន្តែទៅអនាគតអ្នកស្រីមានបំណងចង់ដាក់ផលិតផលទាំងនេះនៅគ្រប់ខេត្តក្រុងតែម្ដង។ ជាគោលការបន្ទាប់អ្នកស្រីនឹងបង្កើនការនាំចេញទៅក្រៅប្រទេស ជាពិសេសទៅប្រទេសដែលមានប្រជាជនខ្មែររស់នៅច្រើន៕ ដោយ៖ កែវ បុស្បា