អាមេរិក កោតសរសើរសម្តេចតេជោថា មានភាពជាអ្នកដឹកនាំដែលអ្នកដទៃទៀតពិបាកធ្វើដូច ខណៈទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាពេលនេះ គឺល្អជាងពេលណាៗទាំងអស់
ភ្នំពេញ៖ អាមេរិក បានអរគុណ និងកោតសរសើរសម្តេចតេជោថា មានភាពជាអ្នកដឹកនាំដែលអ្នកដទៃទៀតពិបាកធ្វើដូច ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Gregory W. Meeks ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក បានសង្កេតឃើញកម្ពុជា បានដឹកនាំកិច្ចប្រជុំខាងលើបានដោយជោគជ័យ ដែលឆ្លុះបញ្ចាំងនូវភាពជាអ្នកដឹកនាំ ដែលអ្នកដទៃទៀតពិបាកនឹងធ្វើដូច ហើយដំណើររបស់ឯកឧត្តម មកកាន់កម្ពុជា គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាយប៉ា គឺដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ របស់ឯកឧត្តមប្រធានាធិបតី ចូ បៃដិន, តាមរយៈការអញ្ជើញមករបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិ មកចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិ និងតាមរយៈការចូលរួមប្រជុំអាយប៉ា ដែលលោកជំទាវអនុប្រធានាធិបតី បានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ដែលរូបឯកឧត្តម បានជួបសន្ទនាជាមួយសម្ដេចតេជោ គឺជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា និងអាស៊ាន ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកទាំងផ្នែកនីតិបញ្ញត្តិ និងផ្នែកនីតិប្រតិបត្តិ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះសហរដ្ឋអាមេរិក ដែលបានគាំទ្រកម្ពុជា ក្នុងភាពជាប្រធានអាស៊ាន រៀបចំឱ្យមានកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិកផង និងមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានរៀបចំឱ្យមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងសៀមរាបទៀតផង។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់, សហរដ្ឋអាមេរិកនៅពេលនេះ មានស្ថានទូតដ៏ល្អមួយ ដែលកន្លងមកមិនធ្លាប់មាន ហើយចំណែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ គឺមានការកើនឡើងប្រមាណ ១៨ភាគរយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុនហ្វត (Ford) និងក្រុមហ៊ុនជីអ៊ី (GE) ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ វណ្ណលុក


