ក្រសួងសុខាភិបាលប្រកាសថាការប្រលងជ្រើសរើសពេទ្យចូលក្របខ័ណ្ឌរដ្ឋប្រព្រឹត្តិទៅដោយតម្លាភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថាការប្រលងជ្រើសរើសពេទ្យចូលក្របខ័ណ្ឌរដ្ឋប្រព្រឹត្តិទៅដោយតម្លភាព ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២គឺមួយថ្ងៃក្រោយការប្រកាសលទ្ធផលបេក្ខជនជាប់ចូលបម្រើក្នុងក្របខ័ណ្ឌពេទ្យរដ្ឋថ្ងៃទី២២ ខែវិច្ឆិកា។
ក្រសួងសុខាភិបាលលើកឡើងថា ការជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ ក្នុងក្របខ័ណ្ឌសុខាភិបាលឆ្នាំ២០២២ ធ្វើឡើងដើម្បីជំរុញនិងលើកកម្ពស់ ការផ្ដល់សេវាសុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើង។
ក្រសួងសុខាភិបាលបានបញ្ជាក់៖«ការប្រឡងប្រជែង ចូលក្របខ័ណ្ឌសុខាភិបាលឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ សុចរិតភាព សុក្រឹតភាព និងជំនឿទុកចិត្ត ដោយពុំមានភាពលម្អៀង ដូចការយល់ច្រឡំរបស់មតិមួយចំនួនតូចនោះទេ ដោយហេតុថា ការប្រឡងប្រជែងនេះ គឺមានការបង្កើតគណៈកម្មការ និងអនុគណៈកម្មការជាច្រើន ដែលមានការចូលរួមពី ក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពី អង្គភាពប្រឆាំងអំពើពុករលួយ តាំងពីចាប់ផ្តើមដំបូងនៃដំណើរការប្រឡង»។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា៖«គ្រប់គណៈកម្មការនិងអនុគណៈកម្មការអន្តរក្រសួង សុទ្ធតែបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងហ្មត់ចត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈ គន្លងច្បាប់ និងនីតិវិធីត្រឹមត្រូវ»។
ក្រសួងបន្តថា ក្នុងកិច្ចដំណើរការនៃការប្រឡងប្រជែងនេះ ត្រូវបានរៀបចំឡើងដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ជាជំនួយដោយបាន កែប្រែពីការធ្វើកំណែវិញ្ញាសាដោយដៃ មកជាកំណែវិញ្ញាសាដោយកម្មវិធីកុំព្យូរទ័រ ធ្វើឱ្យការចេញលទ្ធផល បានឆាប់រហ័ស។
ក្នុងឆ្នាំ២០២២នេះក្រសួងសុខាភិបាលបានប្រកាសជ្រើសរើសមន្ត្រីរាជការ សរុបប្រមាណ៣ ៣២៤នាក់ ដើម្បីដាក់ឱ្យបម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានអបអរសាទរ និងស្វាគមន៍បេក្ខជន ដែលត្រូវបានជ្រើសរើស ចូលក្របខ័ណ្ឌសុខាភិបាល ឆ្នាំ២០២២ និងសូមលើកទឹកចិត្ត ចំពោះបេក្ខជនដែលពុំបានប្រឡងជាប់ សូមឲ្យមានការតាំងចិត្តខិតខំប្រឹងប្រែងជាបន្តទៀត សម្រាប់ឱកាសការប្រឡងប្រជែងលើកក្រោយ ព្រោះការដែលមិនត្រូវបានជ្រើសរើសនេះ មិនមែនបញ្ជាក់ថា បេក្ខជនមិនមានសមត្ថភាពនោះទេ តែនេះជាការប្រឡងប្រជែងជ្រើសរើស អ្នកដែលមានសមត្ថភាពខ្ពស់ជាង តាមចំនួនកំណត់ប៉ុណ្ណោះ (ដូចសាធារណមតិលើកឡើងថា «អ្នកចេះជាងជាប់ៗ») មិនមែនជាការប្រឡងយកពិន្ទុមធ្យមភាគនោះទេ៕ ដោយ៖ វណ្ណ ស័ក្ដិ