យុវជនជិត២០០នាក់ប្រកួតប្រជែងស្នាដៃក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន

អត្ថបទដោយ៖
CPA

សៀមរាប៖ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាបឱ្យដឹងថាយុវជនចំនួនជិត២០០នាក់ មកពី២៥រាជធានីខេត្តបានមកចូលរួមក្នុងកម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” ។ ការប្រកួតប្រជែងនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នៅក្រុងសៀមរាបចាប់ពីថ្ងៃ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២៥វិច្ឆឆ្នាំ២០២២។

ប្រធាននាយកដ្ឋានយុវជននៃក្រសួងអប់រំ លោក ម៉ិល ផនសីហា បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងធ្វើយ៉ាងណាឱ្យយុវជនមានការច្នៃប្រឌិតនិងចូលរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថានតាមបែបទំនើប ដើម្បីធ្វើឲ្យវិស័យបរិស្ថាននៅកម្ពុជាមានភាពរីកចម្រើនជឿនលឿនដូចបណ្ដាប្រទេសនានាលើសកលលោក។

លោកបន្តថា ៖«ជាការជំរុញយុវសិស្ស រួមទាំងលោកគ្រូអ្នកគ្រូឱ្យផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងការសិក្សាស្រាវជ្រាវលើមុខវិជ្ជាដែលទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាមុខជំនាញមានសក្តានុពលសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសឱ្យយុវជនបានបង្ហាញនូវសមត្ថភាព និងស្នាដៃបង្កើតថ្មីរបស់ក្រុមខ្លួន»។

ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា យុវជន គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាននិងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិទាំងពេលបច្ចុប្បន្ន និងអនាគត ។ លោកបន្តថា ដើម្បីចូលរួមគាំទ្រក្របខណ្ឌគោលនយោបាយនេះ យុវជនកម្ពុជាគប្បីត្រូវមានបំណិនសតវត្សទី២១ គឺ៖ “បំណិនឌីជីថល បំណិននិវានុវត្តន៍ និងគំនិតផ្តួចផ្តើមថ្មីៗ”និងរួមផ្សំជាមួយ“បំណិនប្រពៃណី”មួយចំនួនដែលរក្សាបាននូវអត្តសញ្ញាណជាតិ និងការរីកចម្រើនសង្គម។

ឯកឧត្តមរដ្ឋលេខាធិការ ៖«កម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ នាឱកាសនេះ គឺជាការអប់រំដល់យុវជនទាំងអស់ឱ្យបានយល់ច្បាស់ពីអ្វីដែលជាបដិវត្តឧស្សាហកម្មទី៤.០ និងយុគសម័យព័ត៌មាន ដែលពេញនិយមលើផ្នែក សេដ្ឋកិច្ច និងហិរញ្ញវត្ថុឌីជីថល ដោយកម្ពុជាកំពុងតែត្រូវការយុវជន មានបំណិនសិក្សា ជំនាញត្រិះរិះ ពិចារណា ច្នៃប្រឌិត សហប្រតិបត្តិការក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងបរិបទយុគសម័យទំនើបឌីជីថលផងដែរ»។

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥” សម្រាប់ដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធើ្វបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម៕ ដោយ៖ វណ្ណ ស័ក្ដិ

ads banner