TikTok “ប្រុងប្រយ័ត្នខ្ពស់” ពេលដែលភាពតានតឹងកើនឡើងក្នុងដំណើរការបោះឆ្នោតនៅម៉ាឡេស៊ី

ម៉ាឡេស៊ី៖វេទិកាវីដេអូខ្លី តីក តុក (TikTok) បានលើកឡើងថា ជាពេលវេលាដែលស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្លឹមសារដែលបំពានគោលការណ៍ណែនាំរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីអាជ្ញាធរបានព្រមានអំពីការកើនឡើងនូវភាពតានតឹងលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការបោះឆ្នោតមិនទាន់រកនាយករដ្ឋមន្ត្រីឃើញ។

ការបោះឆ្នោតជាតិ កាលពីថ្ងៃសៅរ៍បានបញ្ចប់ទៅដោយមិនធ្លាប់មានពីមុនមក ដោយគ្មានសម្ព័ន្ធភាពគូប្រជែងពីរអាចទទួលបានកៅអីគ្រប់គ្រាន់ក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាល។

TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«យើងបន្តមានការប្រុងប្រយ័ត្នខ្ពស់ ហើយនឹងលុបចេញនូវមាតិកាដែលបំពានណាមួយ»។

TikTok បាននិយាយថា ខ្លួនបានទាក់ទងជាមួយអាជ្ញាធរម៉ាឡេស៊ី ពីករណីបំពានធ្ងន់ធ្ងរ និងម្តងហើយម្តងទៀតនៃគោលការណ៍ណែនាំរបស់ TikTok ចាប់តាំងពីពេលផ្ដើមយុទ្ធនាការណ៍បោះឆ្នោត។

លទ្ធផលបោះឆ្នោតនៅម៉ាឡេស៊ីបង្ហាញថា សម្ព័ន្ធភាពមួយក្នុងចំណោមសម្ព័ន្ធភាពដែលសង្ឃឹមថានឹងបង្កើតរដ្ឋាភិបាលគឺក្រុមអភិរក្សនិយមដែលភាគច្រើនជាជនជាតិម៉ាឡេនិងមូស្លីមដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Muhyiddin Yassin ។ សម្ព័ន្ធភាពនេះរួមបញ្ចូលទាំងគណបក្សអ៊ីស្លាម PAS ដែលបានតស៊ូមតិសម្រាប់ការបកស្រាយយ៉ាងតឹងរឹងនៃច្បាប់សាសនាអ៊ីស្លាម sharia ។ មេដឹកនាំបក្សប្រឆាំងជើងចាស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដឹកនាំសម្ព័ន្ធមិត្តផ្សេងទៀតដែលកំពុងប្រជែងដណ្តើមអំណាច ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។

អ្នកប្រើប្រាស់ TikTokបានបង្ហោះវីដេអូខ្លីជាច្រើន ដែលនិយាយអំពីកុបកម្មនៅរដ្ឋធានីគូឡាឡាំពួរនៅថ្ងៃទី១៣ខែឧសភាឆ្នាំ១៩៦៩ដែលកាលនោះមនុស្សប្រហែល២០០នាក់ត្រូវបានសម្លាប់ ។ ប៉ុន្មានថ្ងៃក្រោយមកពីគណបក្សប្រឆាំងដែលគាំទ្រដោយអ្នកបោះឆ្នោតជនជាតិចិនបានធ្វើបាតុកម្មទៀតផង៕ ដោយ៖ វណ្ណ ស័ក្ដិ

ads banner