រដ្ឋសភាកម្ពុជា និងរដ្ឋសភាអាស៊ែបៃហ្សង់ បានចុះ MOU ជាមួយគ្នាដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU) ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។
ពិធីចុះហត្ថលេខានេះបានប្រារព្ធធ្វើឡើង នៅវិមានរដ្ឋសភា នារាត្រីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីសម្តេច និងលោកជំទាវ ប្រធានរដ្ឋសភា បានជួបពិភាក្សាទ្វេភាគីរួចហើយ។
លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញរដ្ឋសភាប្រទេសអាស៊ែបៃហ្សង់ មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាត និងបានគំាទ្រសភាប្រទេសអាស៊ែបៃហ្សង់ ជាសភាប្រទេសសង្កេតការណ៍អាយប៉ា ជាផ្លូវការចាប់ពីពេលនេះទៅ។ លោកជំទាវ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលនេះនឹងចារជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋសភា អាស៊ែបៃហ្សង់ អំពីការបានក្លាយជាសភាសង្កេតការណ៍អាយប៉ា នៅលើទឹកកម្ពុជា ក្នុងនៅពេលដែលសភាកម្ពុជាធ្វើជាប្រធានអាយប៉ា។
លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវនាពេលនេះ និងតាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ នឹងជំរុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងមួយកម្រិតថែមទៀត។ នៅក្នុងន័យនេះ លោកជំទាវ បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់ នៅពេលខាងមុខនេះដែរ។
ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា សម្តេចទទួលយកការគោរពអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ ដែលបានចុះហត្ថលេខានាពេលនេះ នឹងជំរុញកិច្ចសហប្រត្តិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភានានា។ តាមរយៈMOUនេះ រដ្ឋសភាទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក ៕ ដោយ / គ្រី សម្បត្តិ + ហេង សម្បត្តិ


