ប្រមុខ អ.ស.ប ព្រមានថា វោហាសាស្ត្រគ្រោះថ្នាក់កំពុងជំរុញឲ្យមានភាពតានតឹងនុយក្លេអ៊ែរ
ម៉ារ៉ុក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរ៉េស ក្នុងថ្ងៃពុធទី២៣ ខែវិច្ឆិកានេះ បានព្រមានប្រឆាំងនឹង “វោហាសាស្ត្រគ្រោះថ្នាក់” ដែលកំពុងរុញច្រានឲ្យមានភាពតានតឹង ក្នុងចំណោមគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរ ។
ថ្លែងប្រាប់សន្និសីទមួយក្នុងប្រទេសម៉ារ៉ុក លោក ហ្គូទែរ៉េស បានគូសបញ្ជាក់ថា ការបែកបាក់គ្នាកាន់តែខ្លាំងកំពុងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក ដែលបង្កឲ្យមានការប្រឈមមុខគ្នាថ្មី ក៏ដូចជាធ្វើឲ្យកាន់តែលំបាកក្នុងការដោះស្រាយជម្លោះចាស់ៗ។
ទន្ទឹមគ្នា ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏បានព្រមានផងដែរថា វោហាសាស្ត្រគ្រោះថ្នាក់កំពុងបង្កើនភាពតានតឹងនុយក្លេអ៊ែរ។ ស្របពេលជាមួយគ្នានេះ ពួកយើងកំពុងស្ថិតនៅជិតគែមអាកាសធាតុដ៏គ្រោះថ្នាក់ ខណៈពាក្យសម្តីស្អប់ខ្ពើម និងព័ត៌មានមិនពិតកំពុងរីកសាយភាយ។
ការថ្លែងអះអាងបែបនេះរបស់លោក ហ្គូទែរ៉េស ធ្វើឡើងស្របពេលដែលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជិតឈានដល់ខែទី ១០ ទាំងដែលគ្មានសញ្ញានៃទីបញ្ចប់ និង ភាពភ័យខ្លាច នៃសង្គ្រាមនុយក្លេអ៊ែរកាន់តែខ្លាំង៕ ប្រភព៖ AFP ដោយ៖ ទីណា និងបុត្រា