សមាជិកព្រឹទ្ធសភាអាមេរិកស្នើឱ្យលោក ចូ បៃដិន ពិចារណាឡើងវិញ ជុំវិញសំណើរសុំយន្តហោះដ្រូនរបស់អ៊ុយក្រែន
វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមមាន ១៦នាក់ បានស្នើឲ្យរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គិតគូរឡើងវិញដោយប្រុងប្រយ័ត្ន ចំពោះសំណើសុំយន្តហោះដ្រូន Grey Eagle របស់អ៊ុយក្រែន ដើម្បីប្រយុទ្ធតបតនឹងរុស្ស៊ី។
សំណើរខាងលើនេះ បានកើតឡើងចំពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃអង្គារទី២២ ខែវិច្ឆិកានេះ បានអំពាវនាវសុំជំនួយបន្ថែមពីសហរដ្ឋអាមេរិក ដោយបានស្តីបន្ទោសរុស្ស៊ីចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
នៅក្នុងលិខិតមួយ សមាជិកព្រឹទ្ធសភា បានទុកពេលឲ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ ដើម្បីពន្យល់ពីមូលហេតុដែលមន្ទីរបញ្ចកោណជឿជាក់ថា យន្តហោះដ្រូន គឺមិនសក្តិសមសម្រាប់ការប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន រដ្ឋបាលរបស់លោក ចូ បៃដិន បានច្រានចោលសំណើសុំយន្តហោះដ្រូន Grey Eagle ដែលអាចហោះហើរបានក្នុងរយៈពេលលើស ២៤ម៉ោង ដោយផ្អែកលើការព្រួយបារម្ភថា យន្តហោះដ្រូនដ៏សាហាវប្រភេទនេះ អាចត្រូវបានបាញ់ទម្លាក់ ហើយធ្វើឲ្យជម្លោះកាន់តែក្តៅគគុកថែមទៀត៕ ប្រភព៖ Aljazeera ដោយ៖ ទីណា និងបុត្រា
