មេដឹកនាំតួកគី និងគុយបា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ ក្នុងថ្ងៃពុធទី២៣ ខែវិច្ឆិកា បានថ្លែងថា ប្រទេសរបស់លោកចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយគុយបា ហើយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៦ ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ព្រមទាំងវប្បធម៌ និងការទូត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្នុងរដ្ឋធានីអង់ការ៉ា លោក អឺដូហ្កាន់ បាននិយាយថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ ខាណែល នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ ក្នុងទំនាក់ទំនងរវាងតួកគី និងគុយបា។
លោកថា ការហ៊ុមព័ទ្ធទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើគុយបា បានរារាំងដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តួកគី ជាមួយគុយបា ប៉ុន្តែភាគីទាំងពីរចង់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើងដល់ទឹកប្រាក់ ២០០លានដុល្លារ។
ជាការឆ្លើយតប លោក ឌីយ៉ាស់ ខាណែល បាននិយាយថា ប្រទេសទាំងពីរបានសង្កេតឃើញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍទំនាក់ទំនងនយោបាយរវាងតួកគី-គុយបា ហើយបានយល់ព្រមពង្រឹងការផ្លាស់ប្តូរដោយប្រើប្រាស់ឱកាសដែលមាន។ បន្ថែមលើនេះ មេដឹកនាំគុយបាបានសង្កត់ធ្ងន់ទៀតថា ទំនាក់ទំនងទ្វេភាគីរវាងគុយបា-តួកគី បានអភិវឌ្ឍឈរលើមូលដ្ឋាននៃ “ការគោរព” ពេញមួយប្រវត្តិសាស្ត្រ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា
