លោក ហេង បញ្ញា៖ សុវត្តិភាពជាចម្បង យើងមិនអាចអោយកីឡាករប្រណាំងដោយប្រថុយនឹងគ្រោះថ្នាក់នោះទេ
ភ្នំពេញ៖ ការប្រកួតរថយន្តប្រណាំង Asia Cross Country Rally២០២២ បានឈានដល់ដំណាក់កាលទី៣ហើយ ខណៈកីឡាករកម្ពុជា បន្តឈរលេខ១ រថយន្តប្រើសាំង ស្របពេលដែលចំណាត់ថ្នាក់សរុបលេខ១៦ ក្នុងចំណោរថយន្ត៣៤គ្រឿង ។
លោក វង្ស គីមហួត បានបញ្ជាក់ថា ការប្រកួតថ្ងៃនេះ ផ្លូវមិនសូវវង្វេងទេ ដោយសារការសហការគ្នាបានល្អរវាងអ្នកបើកបរ ជំនួយការអ្នកបើកបរ និងក្រុមការងារទាំងអស់។ លោក បន្តថា ២ថ្ងៃនេះ មានរថយន្តខ្លះវង្វេង និងមានបញ្ហាច្រើនលើផ្នែកគ្រឿងម៉ាស៊ីន ក្នុងនោះក្រុមប្រណាំងកម្ពុជាក៏ជៀសមិនផុត តែវាមិនប៉ះពាល់ដល់កាប្រណាំងទាំងមូល ធ្វើអោយយើងមិនទទួលបានចំណាត់ថ្នាក់ល្អនោះទេ។
ដោយឡែកលោក ហេង បញ្ហា បញ្ជាក់ថា ៣ថ្ងៃនេះរថយន្តប្រណាំងមិនមានបញ្ហាច្រើននោះទេ តែដូចកីឡាករ សោម សុកុសល និយាយអញ្ចឹងការប្រណាំងតែងតែមានបញ្ហាខ្លះៗ ទាក់ទងនិងផ្លូវវាធ្វើអោយរថយន្តប៉ះទង្គិចតិចតួច ទៅលើផ្នែកខាងក្រោម និងផ្នែកផ្សេងៗទៀត ដូច្នេះបន្ទាប់ពីប្រណាំងតាមដំណាក់កាលនីមួយៗ ក្រុមជាងត្រូវតែត្រួតពិនិត្យទាំងអស់ ដើម្បីបន្តប្រកួតនៅថ្ងៃបន្ទាប់ទៀត។
ក្រុមការងារជាងរូបនេះ បន្ថែមថា មុនប្រណាំងក្រុមការងារជាងត្រូវតែត្រួតពិនិត្យឡើងវិញទាំងអស់ ធ្វើគ្រប់កន្លែងដែលមានបញ្ហា បើសិនបើមានករណីផ្នែកម៉ាស៊ីនធ្ងន់ធ្ងរ យើងមិនអាចអោយកីឡាករធ្វើការប្រកួតបន្ត នៅថ្ងៃស្អែកបានដែរ ពីព្រោះថាបើដឹងមានបញ្ហាហើយអោយបន្តការប្រកួត គឺមានន័យថាប្រថុយនឹងគ្រោះថ្នាក់ដល់កីឡាករយើង មានន័យថាការប្រណាំងគឺត្រូវការសុវត្តិភាពជាចម្បង។
លោក ហេង បញ្ញា បន្តថា ឆ្លងកាត់ការប្រកួតប្រណាំងរថយន្ត Asia Cross Country Rally កន្លងទៅ ការចូលរួមឆ្នាំនេះមានភាពល្អប្រសើរច្រើន ទី១-បញ្ហារថយន្តគឺរៀបចំបានល្អ អ្នកបើកបរ ជំនួយការអ្នកបើកបរ។ ទី២-គឺមិនប៉ះពាល់ច្រើនផ្នែកម៉ាស៊ីន និងមិនសូវខូចច្រើន ក្រុមការងារជួសជុលក៏មិនបានធ្វើមួយយប់ទល់ភ្លឺទើបចេញទៅប្រណាំង ដោយឡែកឆ្នាំនេះ ម៉ាស៊ីនរថយន្តមិនមានបញ្ហា ផ្នែកខាងក្រោមក៏មិនមានការផ្លស់ប្តូរច្រើន ដូច្នេះយើងសង្ឃឹមថាឆ្នាំនេះនឹងល្អប្រសើរ ឈានទៅទទួលបានជ័យជំនះ។
សូមបញ្ជាក់ថា ការប្រកួតរថយន្តប្រណាំង Asia Cross Country Rally 2022 មាន៩ប្រទេសចូលរួម ប្រណាំងលើចម្ងាយផ្លូវសរុប១៧០០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសថៃ និងកម្ពុជា។ ជាលទ្ធផលសម្រាប់ការប្រកួត ដំណាក់កាលទី៣ កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៦ ក្នុងចំណោមរថយន្តសរុប៣៤គ្រឿង តែរថយន្តសាំងកម្ពុជា បន្តឈរលេខ១បីថ្ងៃជាប់ៗគ្នា៕ ចាន់ វិចត្រ

