លោក ពូទីន និយាយថា រុស្សីត្រៀមខ្លួនរួចរាល់ដើម្បីនាំចេញជីបន្ថែមទៀត និងធ្វើការជាមួយដៃគូទាំងអស់នៅក្នុងតំបន់
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃពុធទី២៣ ខែវិច្ឆិកានេះ បានគូសបញ្ជាក់ថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកការផ្គត់ផ្គង់ជី និងធ្វើការជាមួយដៃគូទាំងអស់នៅក្នុងតំបន់។
លោក ពូទីន បានថ្លែងក្នុងអំឡុងពេលជួបជាមួយលោក ឌីមីទ្រី ម៉ាស់ហ្ស៊ីពីន ប្រធានគណៈកម្មការផលិតកម្ម និងជួញដូរជីរ៉ែ នៃសហភាពឧស្សាហូបនីយកម្ម និងសហគ្រិនរុស្ស៊ីថា មានរបាំងសិប្បនិម្មិតដែលបង្កើតឡើងដោយប្រទេសមួយចំនួន ចំពោះការនាំចេញជីរុស្ស៊ី ដែលជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារពិភពលោក។
ជាមួយគ្នានេះ លោក ម៉ាស់ហ្ស៊ីពីន បានប្រាប់លោក ពូទីន វិញថា ជីជាង ៤០០,០០០តោនដែលផលិតដោយក្រុមហ៊ុនរុស្ស៊ីមួយចំនួន បច្ចុប្បន្នត្រូវបានជាប់គាំងនៅក្នុងកំពង់ផែអឺរ៉ុប ដោយសារតែការដាក់ទណ្ឌកម្ម។ លោក ម៉ាស់ហ្ស៊ីពីន បានបញ្ជាក់យ៉ាងដូច្នេះថា ស្ថានភាពនេះពិតជាពិបាកណាស់។
ក្រុមហ៊ុនទាំងអស់កំពុងប្រឈមមុខនឹងបញ្ហានេះ។ យើងបានព្យាយាមដោះស្រាយបញ្ហានេះតាមវិធីផ្សេងៗគ្នា ដើម្បីឱ្យជីដែលជាទំនិញសំខាន់សម្រាប់ទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងបណ្តាប្រទេសនៅអាហ្វ្រិកអាចចែកចាយបាន។
ជាមួយគ្នានេះ លោក ពូទីន ក៏បានបញ្ជាក់ដែរថា អាជ្ញាធររុស្ស៊ីកំពុងទាក់ទងជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរ៉េស និងមេដឹកនាំនៃប្រទេសអាហ្វ្រិកមួយចំនួនទៀត ក្នុងគោលបំណងដើម្បីដកចេញនូវរបាំងឧបសគ្គនៃការនាំចេញ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា
