លោក ហ្សេលេនស្គី ចាត់ទុកការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធ អ៊ុយក្រែនថា ជា “ភេរវករថាមពល”
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលប្រទេសរបស់គាត់ និងបានចាត់ទុករុស្ស៊ីថា ជា “ភេរវករថាមពល”។ លោក ហ្សេលេនស្គី បានថ្លែងបែបនេះទៅកាន់កិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមរយៈតំណរភ្ជាប់វីដេអូក្នុងថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ហ្សេលេនស្គី បន្តថា ប្រទេសអ៊ុយក្រែនត្រូវបានវាយប្រហារដោយមីស៊ីលជិត ៧០គ្រាប់ គិតក្នុងថ្ងៃពុធសប្តាហ៍នេះប៉ុណ្ណោះ ដែលវាប៉ះពាល់ដល់មន្ទីរពេទ្យ សាលារៀន ការដឹកជញ្ជូន និងតំបន់លំនៅដ្ឋាន។ លោកថា នៅពេលដែលសីតុណ្ហភាពទាបជាងសូន្យអង្សាសេនៅខាងក្រៅ ហើយមនុស្សរាប់សិបលាននាក់ត្រូវបានទុកចោលដោយគ្មានថាមពលផ្គត់ផ្គង់កម្តៅ និងគ្មានទឹកប្រើប្រាស់ ដែលជាលទ្ធផលនៃការបាញ់ស្រោចមីស៊ីលរបស់រុស្ស៊ីលើទីតាំងថាមពល ហើយនេះគឺជាឧក្រិដ្ឋកម្មជាក់ស្តែងប្រឆាំងនឹងមនុស្សជាតិ។
ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការជាក់ស្តែងដើម្បីបញ្ឈប់រុស្ស៊ី ខណៈប្រទេសលោកខាងលិចក៏បានរិះគន់រុស្ស៊ីផងដែរ។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស់ស៊ីលី ណេបិនហ្ស៉ីយ៉ា បាននិយាយថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន គឺបណ្តាលមកពីមីស៊ីលដែលបាញ់ដោយប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែនខ្លួនឯង៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

