សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យមានការពិនិត្យមើលលទ្ធភាពក្នុងការជំរុញអ្នកវិនិយោគពីឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបានស្នើរដល់លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី(PUAN MAHARANI) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៉ី ឱ្យមានការពិនិត្យមើលលទ្ធភាពក្នុងការជំរុញអ្នកវិនិយោគពីឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគនៅកម្ពុជា។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវប្រធានរដ្ឋសភានៃប្រទេសឥណ្ឌូនេស៊ី បានពិភាក្សាគ្នាលើបញ្ហាតំបន់ និងបញ្ហាពិភពលោក រួមជាមួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។ ក្នុងប្រធានបទនេះ លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ី បានគោរពវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា នូវការរៀបចំ និងការដឹកនាំកិច្ចប្រជុំកំពូល ក្នុងភាពជាប្រធានអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ទទួលបានលទ្ធផលជោគជ័យ និងបាននាំមកជូនដល់តំបន់អាស៊ាននូវវឌ្ឍនៈភាពយ៉ាងច្រើនទៀតផង។

លោកជំទាវ បណ្ឌិត ពាន់ ម៉ាហារ៉ានី ក៏បានសំដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទំនាក់ទំនងជាប្រវត្តិសាស្ត្រ ហើយនៅមានសក្ដានុពលពង្រីកទំនាក់ទំនងនេះបន្ថែមទៀត ដោយឈរលើមូលដ្ឋានដែលមានស្រាប់ តាមរយៈជំរុញទំនាក់ទំនងរវាងសភា និងសភា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យដ៏ទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទៅនឹងការលើកឡើងរបស់លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា ការតភ្ជាប់តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភា និងសភា ប្រជាជន និងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មវិញ សម្ដេចតេជោបានស្នើឲ្យមានការពិនិត្យមើល លទ្ធភាពក្នុងការជំរុញអ្នកវិនិយោគពីប្រទេសឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាការសាងសង់ឃ្លាំង សង់រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការ សំងួត កិន និងនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុននៃប្រទេសឥណ្ឌូនេស៊ីអាចសហការ ជាមួយកសិករកម្ពុជាឱ្យដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការផងដែរ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner