អាជ្ញាធរខេត្តស្ទឹងត្រែង ដាក់ចេញវិធានការស្តារឡើងវិញ ពីការខូចខាត នៅពេលទឹកជំនន់ស្រកចុះ
ខេត្តស្ទឹងត្រែង៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងទឹកដែលកំពុងជន់លិច២៧ឃុំ-សង្កាត់ ក្នុងចំណោមឃុំ-សង្កាត់ទាំង៣៤របស់ខេត្តស្ទឹងត្រែង នៅពេលនេះបានច្រកចុះជាបណ្តើៗហើយ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនៃការជន់លិច បានធ្វើឲ្យខូចខាតដល់ដីស្រែចំការ និងផលដំណាំប្រជាកសិករ ក៏ដូចជាបង្កការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ បើគិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ៧២៧៨គ្រួសារបានរងផលប៉ះពាល់ និង២១៤៦គ្រួសារ ត្រូវជម្លៀសទៅជ្រកកោននៅទីទួលសុវត្ថិភាព ចំណែកផ្ទៃដីបង្កបង្កើនផលសរុបចំនួន៦៥៨៧ហិកតាក៏បានរងនូវផលប៉ះពាល់ផងដែរ។ នេះបើយោងតាមរបាយកាណ៍រដ្ឋបាលខេត្តស្ទឹងត្រែង។
លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នៅពេលនេះស្ថានភាពទឹកទន្លេមេគង្គបានថយចុះជាបន្តបន្ទាប់ ប៉ុន្តែការស្រកចុះនោះមានភាពយឿតយ៉ាវ ហើយបើទោះជាទឹកស្រកបែបនេះក្តី ក៏មន្ត្រីជំនាញពាក់ព័ន្ធនៅតែបន្តតាមដានពីស្ថានភាពកម្ពស់ទឹកតទៀត ក្រែងលោវាស្រកទៅហើយ តែបែរជាហក់ឡើងមកវិញធ្វើឲ្យប៉ះពាល់ជាលើកទីពីរ។
លោក ម៉ែន គង់ បានបន្ថែមថា ក្នុងដំណាក់កាលទឹកស្រកចុះទៅវិញនេះ អាធជ្ញាធរកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅលើទីទួលសុវត្ថិភាព ដោយបានដាក់ចេញនូវវិធានការចម្បងៗមួយចំនួន ដើម្បីស្តារឡើងវិញឆ្លើយតបចំពោះគ្រោះមហន្តរាយនេះ ក្នុងនោះរួមមាន៖ ទី១-ត្រូវបន្តការងារចែកស្បៀងអាហារសម្ភារៈប្រើប្រាស់មួយចំនួន ដែលគណៈកម្មការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តទទួលបាន ចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់, ទី២-បង្កើតក្រុមការងារវាយតម្លៃផលប៉ះពាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ដូចជា ផ្លូវ ស្ពាន លូ គឺត្រូវធ្វើការវាយតម្លៃពីការខូចខាត, ទី៣-គឺវាយតម្លៃពីការខូចខាតអំពីដំណាំនិងផ្ទៃដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងទី៤-គឺការវាយតម្លៃទៅលើផលប៉ះពាល់ពីបញ្ហាសុខភាព អនាម័យ បរិស្ថាននៅតាមលំដ្ឋានរបស់ប្រជាពលរដ្ឋ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង លោក ប៉ាង ប៉េង បានឲ្យដឹងថា នៅថ្ងៃនេះ ទឹកទន្លេមេគង្គស្ទឹងត្រែងមានកម្ពស់១១,៨២ម៉ែត្រ ម្សិលមិញ១១,៩២ម៉ែត្រ ស្រក០,១២ម៉ែត្រ។ ទន្លេសេសានមានកម្ពស់៩,៥៣ ម្សិលមិញ៩,៨៩ម៉ែត្រ ស្រក០,៣៦ម៉ែត្រ និងទន្លេសេកុង១៣,២៨ម៉ែត្រ ម្សិលមិញ១៣,០៦ ឡើង០,២២ម៉ែត្រ៕